ជាតិ

មន្រ្តី CNRP ដែលជាប់ឃុំថាទូតអាមេរិកកំពុងយកចិត្តទុកដាក់

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា កាលពីពេលកន្លងទៅ

មន្រ្តីគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំ បានឲ្យដឹងថា មន្រ្តីការទូតប្រទេសមហាអំណាចមួយចំនួនកំពុងយកចិត្តទុកដាក់ជាមួយអ្នកនយោបាយដែលកំពុងជាប់តែឃុំនៅកម្ពុជា ។នេះបើតាមអះអាងរបស់ ជំនួយការលោកមាជ សុវណ្ណារ៉ា។

តាមហ្វេសប៊ុករបស់ លោក មាជ សុវណ្ណារ៉ា ដែលគ្រប់គ្រងដោយជំនួយការរបស់លោក បានសរសេរថា«ទូតអាមេរិកនៅតែបន្តធ្វើការងារជាមួយរដ្ឋមន្ត្រីការបរទេសថ្មីជុំវិញលោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន»។

ប្រភពព័ត៌មានដដែលឲ្យដឹងថា មន្រ្តីស្ថានទូតអាមេរិក បានទៅសួរសុខទុក្ខ​អ្នក​នយោបាយ​ដែល​កំពុងជាប់ឃុំទាំងនោះ នៅថ្ងៃទី៣កុម្ភៈនេះ ហើយពួកគេនិយាយថា«សំណុំរឿងពាក់ព័ន្ធទៅនឹងនយោបាយ គឺស្ថានទូត អាមេរិកនៅកម្ពុជានៅតែបន្តយកចិត្តទុកដាក់​បំផុត ធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ថ្មី លោក Rex Tillerson ដែលទើបបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈឆ្នាំ២០១៧។
បើតាមតាមហ្វេសប៊ុកដដែល អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកពីគណបក្សសាធារណរដ្ឋលោក Ed Royce និងអ្នកតំណាង រាស្ត្រពីបក្សប្រជាធិបេតយ្យលោក Alan Lowenthal ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បាននឹងកំពុងធ្វើ សកម្មភាពនយោបាយការទូតជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតី Donald Trump តាមរយៈ ក្រសួងការបរទេសអាមេរិក ដើម្បីតាមដាន និងជំរុញរកដំណោះស្រាយការទូត ជុំវិញករណី លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុំ សំអាន។ពួកគេចាត់ទុកថាករណីនេះជារឿងបញ្ហានយោបាយ ដែលប៉ះពាល់នឹងសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្មតវ៉ា ដែលជាការរំលោភទៅលើគោល ការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពីការរិតត្បិត និងបំពានផ្លូវច្បាប់តាមប្រព័ន្ធ តុលាការ ។

តាមហ្វេសប៊ុកដដែល លោក មាជ សុវណ្ណារ៉ា ក៏បានប្រាប់មន្ត្រីខ្ពស់ស្ថានទូតអាមេរិកថា ពួកអ្នកទោសនយោបាយ ដែលកំពុងរស់នៅក្នុងគុកព្រៃស គឺជីវភាពរស់នៅប្រចាំថ្ងៃស្រួល ឬលំបាក វាអាស្រ័យស្ថាន ការណ៍នយោបាយនៅកម្ពុជាអាប់អួរឡើងកំដៅ ឬត្រជាក់ពីសំណាក់ពួកអ្នកដឹកនាំកំពូលៗនៃ បក្សកាន់អំណាច ឬបក្សប្រឆាំង ដែលប្រើប្រាស់សំដីវាយប្រហារគ្នា ក្នុងខណៈការបោះឆ្នោតជិតមកដល់៕

VOD
ដោយ លោក អុឹង ប៊ុនថន

No comments: