ជាតិ

សកម្មជន​បរិស្ថាន​៣​រូប​ដែល​រង​ការ​គំរាមកំហែង​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា

ពលរដ្ឋ​មក​ពីសហគមន៍​ក្នុង​ខេត្ត​កោះកុង កំពុង​ឃ្លាំ​មើល​សវនាការ​លើ​​សកម្មជន​ការពារ​បរិស្ថាន ៣​រូប គឺ​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។

សកម្មជន​បរិស្ថាន​បី​នាក់ ជា​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​ទទួលរង​ការ​គំរាមកំហែង បំភិតបំភ័យ​សា​ជា​ថ្មី​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​ភៀសខ្លួន​ចេញ​ពី​កម្ពុជា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ សកម្មជន​ទាំង​នោះ​រួម​មាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។

​លោក សាន់ ម៉ាឡា បាន​ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មករា ថា ការ​គំរាម​កំហែង​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​របស់​លោក​សម្រេច​បន្ត​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​ទាស់​ទៅ​តុលាការ​សាលាឧទ្ធរណ៍ ប្រឆាំង​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កោះកុង ដែល​បាន​កាត់ទោស​ឲ្យ​ក្រុម​របស់​លោក​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ ៦​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ត្រឹម ១០​ខែ ១៥​ថ្ងៃ​វិញ និង​ត្រូវ​បង់​សំណង​ចំនួន ១០០​លាន​រៀល​ក្នុង​ម្នាក់ៗ។

​លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រុម​របស់​លោក​ទទួល​បាន​សេរីភាព​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​ក៏ដោយ ការ​សម្រេច​ចិត្ត​ដាក់​បណ្ដឹង​ឧទ្ធរណ៍​នេះ​គឺ​ដោយសារ​តែ​ក្រុម​របស់​លោក​មិន​ទទួល​ស្គាល់​ចំពោះ​បទ​ចោទ​ប្រកាន់​របស់​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង ហើយ​ទាមទារ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់។

សាលាឧទ្ធរណ៍​គ្រោង​នឹង​កោះ​ហៅ​សកម្មជន​ទាំង​បី​រូប​នេះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ខាង​មុខ​នេះ។

លោក សាន់ ម៉ាឡា បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​សម្រេច​ចិត្ត​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​សិន។ លោក​បាន​ដាក់​ការ​សង្ស័យ​ថា ការ​គំរាមកំហែង​មក​លើ​ក្រុម​របស់​លោក​សា​ជា​ថ្មី​នេះ ដោយសារ​តែ​មាន​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើ​ពុករលួយ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ៕

RFA
ដោយ មាន ឫទ្ធិ

No comments: