ជាតិ

ញឹម ចាន់ថន ៖ “​អ្នក​អាច ខ្ញុំ​ក៏​អាច​”



ផ្ដើម​ចេញ​ពី​កុមារី​ម្នាក់ ដែល​រស់នៅ​ក្នុង​ទី​រួម​ខេត្ត​កំពត និង​មាន​ក្ដី​ស្រមៃ​ថា ធំ​ឡើងខ្លួន​ចង់​ក្លាយ​ទៅជា​តារា​ចម្រៀង​ម្នាក់ បាន​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​នោះ មានការ​តាំងចិត្ត​យ៉ាង​មុតមាំ បើ​ទោះ​គេ​ត្រូវ​បាន​ក្រុម​គ្រួសារ ហាមឃាត់​យ៉ាងណាក៏ដោយ​។ អ្វី​ដែល​ជា​ការ​តាំងចិត្ត​ពី​កុមារភាព​វា​មិនបាន​សាបរលាប​នៅ​ក្នុង​ដួងចិត្ត​របស់​នាង​ឡើយ នៅ​ពេល​ធំ​ដឹងក្ដី​ឡើង នាង​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ពីមួយ​ជំហាន ទៅ​មួយ​ជំហាន​ទៀត រហូត​ទទួល​បាន​ជោគជ័យ​ក្លាយទៅជា​តារា​មួយ​ដួង ដែល​មាន​ក្នុង​ដូង​ចិត្ត​របស់​ទស្សនិកជន​។ ក្រោយពី​សម្រេច​ក្ដី​បំណង​រួចហើយ កញ្ញា​មិនបាន​ព្រងើយកន្ដើយ​ក្នុង​ជីវភាព​ឡើយ បើ​ទោះបី​ខ្លួន​ជា​ស្រី ប៉ុន្តែ​កញ្ញា​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ថា​៖ ” អ្នក​អាច ខ្ញុំ​ក៏​អាច​” ដែល​ពោរពេញ​ទៅ​ដោយ​ជំនឿ​ចិត្ត ក្នុង​អំឡុង​ពេល​ដែល​កញ្ញា​បាន​ផ្ដល់​បទ​សម្ភាសន៍ មកកាន់​ក្រុមការ​ងារ​របស់​កម្ពុជា​ថ្មី​។

ថ្វីត្បិតតែ​ខ្លួន​ជា​ស្រី​ដែល​មាន​រាង​តូច​ស្តើង និង​ឥរិយាបថ​ទន់ភ្លន់ ប៉ុន្តែ​កញ្ញា​មាន​ស្មារតី​រឹងប៉ឹង និង​គំនិត​ទូលំទូលាយ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ កញ្ញា​ក៏​មាន​ភាព​ប៉ិនប្រសប់ និង​ពូកែ​ចាត់ចែង​លើ​មុខ​ជំនួញ មិន​ចាញ់​មនុស្ស​ប្រុស​ប៉ុន្មាន​ទេ​។ ដោយមាន​ការ​ខិតខំ​ប្រឹង​ប្រែង​តស៊ូ អស់ពី​កម្លាំងកាយ​ចិត្តបាន​ធ្វើ​ឲ្យ​កញ្ញា បាន​ទទួល​នូវ​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អតិថិជន ក៏ដូចជា​ពី​ទស្សនិកជន​របស់​កញ្ញា​ផង​ដែរ ដែល​ចំណុច​នេះ​បាន​ក្លាយជា​ភាពជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ជីវិត​កញ្ញា និង​ក្រុមគ្រួសារ​ទាំងមូល​។ ខាងក្រោម​នេះ​គឺជា​ជីវប្រវត្តិ និង​ដំណើរ​ឈាន​ចូល​វិស័យ​សិល្បៈ របស់​កញ្ញា ថា​តើ​មានដំណើរ​ការ​បែបណា មុននឹង​គាត់​ទទួលបាន ភាព​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

ជីវប្រវត្តិ និង​ការសិក្សា​
កញ្ញា ញឹម ចាន់ថន មាន​ស្រុកកំណើត​នៅ​ក្នុង​ទី​រួម​ខេត្ត។ ឆ្នាំ​ថ្មី​នេះ​កញ្ញា​មាន​អាយុ​៣៤​ឆ្នាំ ប៉ុន្តែ​ភាព​ស្រស់ស្អាត និង​ភាព​ក្រម៉ិច​ក្រមើម​របស់​គាត់ មើល​ទៅ​ហាក់​បីដូច​ជាមាន​វ័យ​ទើបតែ​វ័យ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ​។ ក្រោម​ដំបូលផ្ទះ​ដែល​មាន​សមាជិក​ចំនួន​៧​នាក់ កញ្ញា ញឹម ចាន់ថន​គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ប្រុស​២​នាក់ ដែលមាន​ឪពុក​ឈ្មោះ ឆឹង សា​មឿង ជា​មន្ត្រីរាជការ (​ចូលនិវត្តន៍​) និង​ម្ដាយ​ឈ្មោះ ភី សារី (​បច្ចុប្បន្ន​ជា​មេផ្ទះ​)​។ ស្ថិតក្នុង​ជីវភាព​រស់នៅ​មួយ ដែល​មិនសូវ​មាន​ភាព​ប្រសើរ​ក្នុង​គ្រួសារ ទើប​ធ្វើ​ឲ្យ​យុវតី ញឹម ចាន់ថន ដែលជា​កូន​កតញ្ញូ​មួយ​រូប បានសម្រេច​ចិត្ត​បញ្ឈប់​ការសិក្សា​របស់​ខ្លួន ត្រឹម​ថ្នាក់​ទី​១០ ដើម្បី​ទៅ​ជួយ​លក់ដូរ​អ្នក​ម្ដាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។

​ដំណើរ​ឈា​នចូល​វិស័យ​សិល្បៈ​
សិល្បៈ​គឺជា​វិស័យ​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ពេញនិយម គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់​វ័យ​ទាំងអស់ ព្រោះ​វិស័យ​នេះ​មានការ​បែងចែក​ទៅតាម​បែបផែន​ផ្សេងៗ ដោយមាន ទាំង​សម័យ និង​បុរាណ ដែល​ក្នុង​នោះ​រូ​ម​មាន​ទាំង​ចម្រៀង​ភាពយន្ត​ជាដើម​។ ដោយឡែក​យុវវ័យ​នាពេល​បច្ចុប្បន្ន​នេះ ពួកគេ​និយម​ចូលចិត្ត​យក​បទ​ចម្រៀង​បែប​សម័យ ហើយ​ពួកគេ​មិនមែន​ត្រឹមតែ​ចូលចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែមទាំង​ច្រៀង​កម្សាន្ត​តាម​ថែម​ទៀតផង មាន​យុវវ័យ​ខ្លះ​រហូតដល់​ថ្នាក់​ទិញ​សៀវភៅ​ចម្រៀង​មក​មើល ព្រោះ​គិត​ថា ចាំ​ស្ដាប់​បទ​ចម្រៀង​ដែល​ខ្លួន​ពេញចិត្ត​យូរពេក​។ ជាក់ស្ដែង​កញ្ញា ញឹម ចាន់ថន កាលពី​នៅ​វ័យ​កុមារភាព តែងតែ​ចូលចិត្ត​ច្រៀង​លេង​តែម្នាក់ឯង ជា​រៀងរាល់ថ្ងៃ​មិន​ថា​នៅទីណា ឬ កំពុងតែ​ធ្វើ​អ្វី​នោះទេ​។ ពេលខ្លះ​សូម្បីតែ​ដាំបាយ ធ្វើ​ម្ហូប​ក៏​មាន អមដោយ​បទ​ចម្រៀង​ដ៏​ក្រ​អូន​ក្រអៅ​របស់​កញ្ញា​ផងដែរ ចំណែក​ពេលខ្លះទៀត ខណៈ​ពេល​ដែល​កញ្ញា​ជួយ​លក់ដូរ​ម្ដាយ (​លក់​បង្អែម​) ក៏​កញ្ញា​ច្រៀង​ឮ​រំពង​។

ដោយ​និស្ស័យ​ស្រឡាញ់ និង​ចូលចិត្ត​ចម្រៀង គាត់​ក៏បាន​សន្សំ​ប្រាក់​មួយចំនួន​ទិញ​បានកូន​សៀវភៅ​ចម្រៀង​មួយ​ក្បាល សម្រាប់​មើល​ខណៈ​ដែល​នាង​មាន​ពេលទំនេរ​។ ការធ្វើ​បែបនេះ​គឺ​កញ្ញា​អាច​ឆ្លៀត​មើល និង​ច្រៀង​បាន​គ្រប់ពេលវេលា ដែល​យូរៗ​ទៅ​ធ្វើ​ឲ្យ​កញ្ញា​កាន់តែ​ចូលចិត្ត និង​ចង់​ក្លាយទៅជា​អ្នកចម្រៀង​នៅលើ​ឆាក​។ ជា​ចៃដន្យ​នៅក្នុង​ខេត្ត​កំពត មានការ​ប្រឡង​ចម្រៀង ដែល​ពេលនោះ​ធ្វើ​ឲ្យ​កញ្ញា​មាន​ចំណាប់ អារម្មណ៍​យ៉ាង​ខ្លាំង ហើយក៏​បាន​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​នៅពេលនោះ​តែម្ដង​។ នៅក្នុង​ការ​ប្រឡង​មាន​បេក្ខជន បេ​ក្ខ​នារី ជាច្រើន​ដែល​មក​ចូលរួម ពី​តាម​បណ្ដា​ស្រុក​នានា​នៅក្នុង​ខេត្តកំពត មក​ប្រឡង​នៅ​ទី​រួម​ខេត្ត​ទាំងអស់គ្នា​។ ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល កញ្ញា ញឹម ចាន់ថន បាន​ឆ្លងកាត់​នូវ​ការប្រឡង​ជម្រុះ ពី​បេក្ខជន​ជាច្រើន​រយ​នាក់ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កញ្ញា​ក៏បាន​ជ្រើស​រើសយក​បទ “​ស្រណោះ​ភ្លេង​ការ​” និង​បទ “​ចង្វាក់​មី​ហ្គា​ឌែ​ន​”​។

ជា​លទ្ធផល​នៃ​ការប្រឡង​កញ្ញា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៣​។ កញ្ញា ញឹម ចាន់ថន បាន បង្ហើប​ឲ្យ​ដឹងថា​៖ ”​តាមពិតទៅ ការប្រឡង​ជាប់​របស់ខ្ញុំ​ភាគច្រើន មិនមែន​ដោយសារ​សំឡេង​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​កាយវិការ ក្រ​ម៉ិច​ក្រមើម​របស់ខ្ញុំ​ផ្ទាល់​តែម្ដង មូលហេតុ ដែល​ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ ព្រោះតែ​គណៈកម្មការ​ដែលជា​អ្នក​ដាក់ពិន្ទុ បាន​និយាយប្រាប់​នាង​ខ្ញុំ​ដោយផ្ទាល់​។ បន្ទាប់ពី​ជាប់​ឈ្មោះ​ជាតា​រាជា​ប់​លេខ​ប្រចាំខេត្ត​មក កញ្ញា បាន​ត្រូវគេ​អញ្ជើញ​ទៅ​ចូលរួម​ច្រៀង ក្នុង​វង់​អក​កេស​ក៏ដូចជា​តាម​ហាង​នានា​ជា​ញឹកញាប់​។ ថ្ងៃមួយ​អ្នក​មីង​ច​ន្ធី ដែល​ធ្វើការ​នៅ​ទូរទស្សន៍ប៉ុស្ដិ៍​អប្សរា ក៏បាន​ជួប​ជាមួយ​កញ្ញា​។

ដោយសារ​មាន​និស្ស័យ​និង​មើលឃើញ ពី​សមត្ថភាព​របស់​ក​ញ្ញា​គាត់ បានផ្ដល់​ឱកាស​ឲ្យ​កញ្ញា​បាន​ឡើង​ច្រៀង​នៅលើ​ឆាក ទូរទស្សន៍ប៉ុស្តិ៍​អប្សរា ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ចម្រៀង​យុវវ័យ​។ ពេលនោះ​កញ្ញា​មាន​ក្តីរំភើប​ជាខ្លាំង​ព្រោះ ថា​នេះ​ជា​ក្តី​ស្រមៃ​តាំងពី​កុមារភាព​មកម្ល៉េះ ហើយក៏​មិន​នឹង​ស្មានថា​ខ្លួន​បាន​បង្ហាញមុខ លើ​កញ្ចក់​ទូរទស្សន៍​នោះដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​ខំ​ស្ទុះស្ទារ ធ្វើ យ៉ាងណា​ដើម្បី​រកប្រាក់ ទិញ​សម្លៀកបំពាក់​ថ្មី​សម្រាប់​ការឡើង​សម្តែង​នាពេលខាងមុខ​។

ជួន​ជា​ពេលនោះ កញ្ញា​ក៏បាន​នឹកឃើញ​សុំ​លុយ​ម្ដាយ ដែល​បាន​ផ្សែផ្សំ​ពី​ការលក់ដូរ​របស់គាត់ ដោយ​កញ្ញា​មិនមាន​ជម្រើស​អ្វី ក្រៅពីនេះ​នោះទេ​ដើម្បី​ទិញ​សម្លៀកបំពាក់​។ បន្ទាប់ពី​បានរៀបចំ​រួចស្រេច​បាច់​អស់ហើយ អ្នក​មីង ច​ន្ធី បាន​នាំ​កញ្ញា​មកកាន់​ទីក្រុង​ភ្នំពេញ និង​បាន​ឲ្យ​កញ្ញា​ឡើង​ឆាក​សម្តែង​នៅក្នុង​ឆ្នាំ​១៩៩៨​។

ភាពល្បីល្បាញ​ក្នុងការ​ប្រឡូក​វិស័យ​សិល្បៈ
​ ដោយមាន​ការតស៊ូ​ក្នុងការ​ប្រឡូក ក្នុង​វិស័យ​សិល្បៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​មានបទពិសោធន៍​ក្នុង​ការឡើង​ឆាក ធ្វើ​ឲ្យ​កញ្ញា​បាន​ស្គាល់​អ្នក​រួម​អាជីព​ជាមួយគ្នា​ជាច្រើនរូប ដែល​មិនទាន់​សូវ​មាន​ប្រជាប្រិយ​ដូចគ្នា​នា​សម័យ​នោះ​។ ពេលនោះ​កញ្ញា និង​មិត្តភក្តិ​មួយចំនួនទៀត បាន​ជួប​និង​លោក កែវ ផាត ដែលជា​តន្ត្រីករ បានផ្តល់​គំនិត​ដល់​ពួកគេ ក្នុងការ​បង្កើតជា​ក្រុម​តារាចម្រៀង​មួយ​។ ការធ្វើ​បែបនេះ​ព្រោះ​ដើម្បី​បង្កើន នូវ​ចំណាប់ អារម្មណ៍​របស់​ទស្សនិកជន​។ ដោយមាន​ការយល់ឃើញ​ថា នេះ​គឺជា​គំនិត​ដ៏​ល្អ​នោះ ក្នុង​ឆ្នាំ ២០០៤ កញ្ញា​និង​មិត្តភក្តិ​បួន​នាក់​ទៀត ក្នុងនោះ​រួមមាន​កញ្ញា ស៊ឹម ថៃ​ណា លោក ហេង កាន់​ឌី លោក ម៉ៃ សុគន្ធ លោក មាស សុខ​រតនៈ និង កញ្ញា ញឹម ចាន់ថន ផ្ទាល់​តែម្តង​បាន​បង្កើត ក្រុម​ចម្រៀង​មួយ ដែលមាន​ឈ្មោះថា High Rock ។ ក្នុងការ​បង្កើត​ក្រុម​ចម្រៀង​ដំបូង បាន​ជួប ប្រទះ​នូវ​ឧបសគ្គ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​ការចំណាយ​ដើមទុន តាម​រយៈ​សម្តី​ផ្ទាល់ របស់​កញ្ញា​បាន​ប្រាប់​ក្រុមការងារ​ថា​៖ ”​ដំបូង​ឡើយ​ក្រុម​របស់​ពួក​ខ្ញុំ បាន​រៃ​ប្រាក់​គ្នា​ក្នុង​ម្នាក់ ២០០​ដុល្លារ ក្នុងការ​ផលិត​ស៊ី​ឌី វីស៊ីឌី សម្រាប់ លក់​ជាដើម​។ ចំណែក​ភាព លំបាក​ទី​២ ក្រោយ​ពី​ពួកគេ​បាន​ផលិត​ចេញ​ជា ស៊ី​ឌី និង វីស៊ីឌី​ហើយ​នោះ ពួកគេ​ចាំបាច់​ត្រូវ​ចុះទៅ​ទីផ្សារ ដើម្បី​រក​អតិថិជន​ដោយ​ខ្លួនឯង​ផ្ទាល់​។ ការ​ចេញទៅ​ជួប​អតិថិជន​ដោយផ្ទាល់ វា​មិនមែនជា​រឿង​ងាយស្រួល​នោះ​ទេ គឺពេលដែល​ពួកគេ​ចុះទៅ​ឃោសនា​លក់ អតិថិជន​ភាគច្រើន​មិនបាន​អើពើ​នឹង​ពួកគេ​ទេ ព្រោះតែ​ពួកគេ​មិនមាន​ផលិតកម្ម​ច្បាស់លាស់ និង​មិនមាន​ភាពល្បីល្បាញ​។

ទោះបីជា​យ៉ាងណាក៏ដោយ ដោយមាន​សេចក្តី​ព្យាយាម​មិន​រាថយ​នោះ នៅ​ទីបំផុត​ពួកគេ​ក៏បាន​ទទួល​លទ្ធផល​ដ៏​គាប់ប្រសើរ​ គឺបទ​ចម្រៀង​របស់​ពួកគេ ត្រូវបាន​គេ​ចាក់​តាម​ប៉ុស្តិ៍​វិទ្យុ​នានា និង​ក្នុង​កម្មវិធី​បុណ្យទាន​ផ្សេងៗ​ផងដែរ ហើយ​មិនយូរប៉ុន្មាន​ពួកគេ​ក៏​ត្រូវបាន​កម្មវិធី​ទូរទស្សន៍​មួយចំនួន អញ្ជើញ​ឲ្យ​ចូល​ច្រៀង​ផងដែរ​។ នាពេលនោះ​ពួកគេ​ក៏បាន​ទទួល​ឈ្មោះ​បោះ​សំឡេង ពី​សំណាក់​ទស្សនិកជន​ជាច្រើន ជាពិសេស​ចំពោះ​យុវវ័យ​យ៉ាង​មិញ ចំពោះ​បទ​ដែល​ពួកគេ​ទទួលបាន​ជោគជ័យ គឺមាន​ចំណងជើង​ថា “​ដើម្បី​ស្នេហ៍​” និង “​ជួយ​បាន​គ្រប់យ៉ាង​”​។ ក្រោយមកទៀត កញ្ញា ចាន់ថន បាន​គេ​ទំនាក់ទំនង​ឲ្យ​ធ្វើជា​ពិធីករ​ក្នុង​កម្មវិធី “​ស្រី​ស្រស់​ប្រុស​ស្អាត​” ប្រចាំ​ប៉ុស្តិ៍​ស៊ី​ធី​អិន​។

ដោយសារ​ចំណុច​ទាំងនេះហើយ បានធ្វើ​ឲ្យ​កញ្ញា​មាន​ការវិវឌ្ឍ​ឥតឈប់ឈរ រហូត​ឈានទៅដល់​ការសម្តែង​ជា​ខ្សែភាពយន្ត​ជាច្រើន​រឿង ដែល​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ក្នុងនោះ​មានដូចជា​រឿង “​ល្មម​ហើយ​លោក​ប្តី​“ និង “​សម្រស់​ជីវិត​” ជាដើម​។

​អាជីព​ក្រៅពី​សិល្បៈ​
​ថ្វីត្បិតតែ​កញ្ញា ចាន់ថន ជា​ស្ត្រី​មួយរូប​ដែលមាន​រាង​តូច​ច្រឡឹង និង​មាន​កម្លាំង​ទន់ខ្សោយ ប៉ុន្តែ​ដោយមាន​សេចក្តី​ព្យាយាម និង​កើតមាន​គំនិត​ក្នុង​ការធ្វើ​ជំនួញ កញ្ញា​ក៏បាន​បើកហាង លក់​សម្លៀកបំពាក់​មួយ​កន្លែង​។ តាមពិត​ហាង​របស់​កញ្ញា គឺបាន​ដំណើរការ​ទៅដោយ​រលូន ប៉ុន្តែ​ដោយ​រវល់​នឹង​ការច្រៀង ក៏ដូចជា​ការសម្តែង បានធ្វើ​ឲ្យ​កញ្ញា​បិទ​ហាង​ទៅវិញ​។ មិនយូរ ប៉ុន្មាន​ក៏បាន​បើក​ជា​ផលិតកម្ម​មួយ ដែលមាន​ឈ្មោះថា ធី​វី​ប្រូ​ដាក់​ស្ហិ​ន (TV Production) ប៉ុន្តែ ដោយមាន​ការថត​ចម្លង​ជា ស៊ី​ឌី និង វីស៊ីឌី​ច្រើនពេក ធ្វើ​ឲ្យ​ការបើក​ផលិតកម្ម​របស់​កញ្ញា ទទួល​នូវ​ការបរាជ័យ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រៅពី​អាជីព​ជា​សិល្បៈ​កញ្ញា នៅមាន​របរ ផ្ទាល់ខ្លួន​មួយទៀត ដែល​ពុំ​សូវ​បានបង្ហាញ​ឲ្យ​សាធារណជន​បាន​ជ្រាប​នៅឡើយ នោះ​គឺ​ការទទួល​ការរៀបចំ​ឆាក​មាន​ក្រុម​តន្ត្រីបុរាណ និង​សម័យ សម្អាងការ និង​ដេ​គ័​រ​ផ្កា គ្រប់​កម្មវិធី សម្រាប់​របរ​មួយ​នេះ កញ្ញា​បង្កើត​តាំងពី​ឆ្នាំ ២០០៨ មកម្ល៉េះ​។

រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រៅពី​ការទទួល​រៀបចំ​ឆាក និង​មាន​ក្រុម​ត​ន្រី្ត​សម្រាប់​ក្នុង​កម្មវិធី​ខួបកំណើត ក៏ដូចជា​កម្មវិធី​មង្គលការ​ហើយ​នោះ កញ្ញា​ក៏​ជា​ជំនួយការ​អគ្គនាយិកា​មជ្ឈមណ្ឌល​ឌែ​រ​ម៉ូ​គ្លីនិក ប្រកបដោយ​ភាពជោគជ័យ​ផង​មួយរូប​ផងដែរ​។​

តាមរយៈ​ការសម្តែង​ឲ្យ​ឃើញ​របស់​កញ្ញា ចាន់ថន គឺ​គាត់​ជា​មនុស្ស​មា្ន​ក់ ដែលមាន​ច​រិ​ក​រួសរាយ និង​មិន​ប្រកាន់ខ្លួន​នោះទេ​។ កញ្ញា​បាន​ប្រាប់ថា​៖ ”​ខ្ញុំ​មិនមែនជា​មនុស្ស ដែល​ចូលចិត្ត​ប្រកាន់ខ្លួន​នោះទេ ព្រោះ​ខ្ញុំ​គឺមាន​កំណើត​ជា​អ្នកក្រីក្រ​មួយរូប​ដែរ​”​។

គាត់​បាន​បន្ថែមថា​៖ “​ចាំបាច់​ទៅ​ប្រកាន់ខ្លួន​ហួស​ធ្វើ​អ្វី គ្មាន​អ្នកណា​គេ​មកសុំ​អ្វី​ពី​យើង​នោះទេ​។ មួយ​វិញទៀត សេចក្តីក្លាហាន​និង ភាព​ក្រ​ម៉ិច​ក្រមើម​ក៏​ជា​ចំណែក​មួយ ដែល​អាច​ទាក់ទាញ​ទស្សនិកជន​ឲ្យ​មាន​អារម្មណ៍​រីករាយ ទៅតាម​កាយវិកា​ទាំងនេះ​ផងដែរ​”​។ ដោយឡែក​ចំពោះ​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ​វិញ គឺមាន​ភាពខុសគ្នា​មួយចំនួន​ពី​អាជីព​ជា​សិល្បៈ​។ ជាការ​ពិត ក្នុងនាម​ជា​អ្នកផ្តល់​នូវ​សេវាកម្ម គឺ​ធ្វើយ៉ាងណា​ត្រូវ​ចេះ​យកចិត្ត​អតិថិជន ចាត់ទុក​អតិថិជន​ដូចជា​ស្តេច អីចឹង​ទេ អ្វីដែល​សំខាន់​ត្រូវមាន​ភាពរួស​រាយ​រាក់ទាក់ និង​ការអត់ធ្មត់​ខ្លាំង​ចំពោះ​ពួកគេ​។ ចំណុច​សំខាន់​មួយទៀត គឺ​ត្រូវគោរព​ពេលវេលា និង​មាន​ភាពស្មោះត្រង់​ចំពោះ​អតិថិជន ដែល​នេះ​ជា​រឿង​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​មុខ​ជំនួញ ដ៏​មាន​ប្រសិទ្ធភាព ព្រោះថា​មនុស្ស​ទូទៅ​តែងតែ​ចង់​ធ្វើការ ជាមួយ​មនុស្ស​ដែល​ភាព​ស្មោះត្រង់​និង​គោរព​ពេលវេលា​ខ្ជាប់ខ្ជួន​។

ជារួម​ក្នុង​ការធ្វើ​ជំនួញ ក៏ដូចជា​អ្នកសិល្បៈ​ចាំបាច់ ត្រូវតែ​ស្រឡាញ់​អាជីព​របស់ខ្លួន និង​មាន​ការតស៊ូ​អត់ធ្មត់ មិនត្រូវ​រាថយ​ពេល​ជួបនឹង​ការ​លំបាក​នានា និង​តាំងចិត្ត​ថា “​អ្នក​អាច​ធ្វើបាន ខ្ញុំ​ក៏​អាចធ្វើ​បានដែរ​” នេះ​ជាស​ម្តី​របស់​កញ្ញា ចាន់ថន​៕



កម្ពុជា​ថ្មី

No comments: