
ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស។
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកជុំ សុន្ទរី បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីជំនួបចប់ថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងបន្ថែមទៀត នៅកិច្ចសហប្រតិបត្តិការ ទ្វេភាគី គឺការជម្រុញផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍គ្នា រវាងមន្ត្រីជាន់ខ្ពស់ កម្រិតថ្នាក់អគ្គនាយក។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើង ពីបទពិសោធន៍របស់ ក្រសួងការបរទេស ក្នុងការបង្កើតឡើង នៅតេឡេក្រាម និងវើសអាប់ សម្រាប់ទំនាក់ទំនង រវាងមន្ត្រីបណ្តាសំខាន់ៗ នេះជាបទពិសោធន៍ជាគន្លឹះ សម្រាប់ពិនិត្យពិចារណា បង្កើតឡើងក្បាលម៉ាស៊ីន សម្រាប់ទំនាក់ទំនង រវាងមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសទាំងពីរ កម្រិតថ្នាក់អគ្គនាយក។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោករដ្ឋមន្ត្រីកក្រសួងការបរទេសឡាវ អំពីការត្រៀមខ្លួន រួចជាស្រេចរបស់កម្ពុជា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មការចម្រុះ សហប្រតិបត្តិការទ្វេភាគី ហើយរង់ចាំការកំណត់ ពេលវេលារបស់ភាគីឡាវ សម្រាប់កិច្ចប្រជុំនេះ។
លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរួមគ្នា រវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង រត់ពន្ធគ្រឿងញៀន ក៏ដូចជាការជួញដូរមនុស្ស។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានពិនិត្យឡើងវិញ នៅការព្រមព្រៀងគ្នា រវាងថ្នាក់ដឹកនាំ ប្រទេសទាំងពីរ ក៏ដូចជារវាង បណ្តាស្ថាប័នពាក់ព័ន្ធផ្សេងៗ នៃប្រទេសទាំងពីរ ក្នុងការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងបានឯកភាពគ្នា លើចំណុចជាច្រើន ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានការព្រមព្រៀងគ្នា សាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ និងបានឯកភាពគ្នា នៅលើទីតាំងហើយ ប៉ុន្តែតាមសំណើរបស់ភាគីឡាវ គឺភាគីទាំងពីរ ក៏បានពិនិត្យឡើងវិញ អំពីទីតាំង គឺរកទីតាំងមួយទៀត សម្រាប់ការសាងសង់ និងបានឯកភាពគ្នា លើទីតាំង ហើយនៅក្នុងពេល ដ៏ឆាប់ខាងមុខនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងចុះទៅពិនិត្យ អំពីទីតាំងសម្រាប់ សាងសង់ស្ពាន សម្រាប់ឆ្លងកាត់ទន្លេល្ពៅ លែងមានឧបសគ្គ អ្វីទៀតហើយ នឹងផ្តើមសាងសង់ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment