ជាតិ

ក្រសួងវាយតម្លៃលើការវិនិយោគដាំដំឡូងមីរបស់ក្រុមហ៊ុន អេច អិល អេច, ក្រសួងថា ក្រុមហ៊ុនអភិវឌ្ឍន៍បានល្អ



(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមនិងក្រសួងពាក់ព័ន្ធជាច្រើនទៀត រួមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺផងដែរ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះ បានបើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ទៅលើការដាំដំឡូងមីរបស់ ក្រុមហ៊ុន អេច អិល អេច អាហ្គ្រីខលឈ័រ ខូអិលធីឌី នៅលើផ្ទៃដីជាង ៩ពាន់ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងឃុំសង្កែស្រទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដែលជារបាយការណ៍សិក្សាដោយក្រុមហ៊ុនទីប្រឹក្សា CREATIVE GREEN DESIGN CO., LTD. ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់វិស័យកសិកម្ម។

បើតាមលោក សូ ឫទ្ធីគុណ បានឲ្យដឹងថា កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងសំខាន់មួយចំនួន៖ ១. ការពិនិត្យលើផែនការមេថ្មី ក្នុងការដាំដុះដំឡូងមី, ២. ការគ្រប់គ្រងសំណល់រឹង ដែលចេញពីការប្រើប្រាស់ជីគីមី និង ថ្នាំកសិកម្ម និងសំរាម ដែលចេញពីកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករ ដើម្បីការពារគុណភាពទឹក គុណភាពដី, ៣. ការគ្រប់គ្រងសំណល់រាវ ដែលចេញពីកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករ, ៤. ចូលរួមថែរក្សា និងដាំដើមឈើឡើងវិញនៅតាម ទ្រនាប់ដងអូរចន្លោះពី ៣០០ម៉ែត្រដល់៥០០ម៉ែត្រ ដើម្បីការពារការហូរច្រោះដី ការពារការបំពល់ទឹកអូរ និងជីវ: ចម្រុះក្នុងទឹក ដោយការប្រើប្រាស់ជីគីមីនិងថ្នាំកសិកម្ម, ៥. ការពិនិត្យទៅលើផែនការគ្រប់គ្រងបរិស្ថាន និងកម្មវិធីត្រួតពិនិត្យបរិស្ថានដែលចេញពីសកម្មភាពគម្រោង និង ៦. បន្តពិនិត្យការដោះស្រាយបញ្ហាដីធ្លីនៅសេសសល់។

លោក សូ ឫទ្ធីគុណ បានវាយតម្លៃខ្ពស់ និងកោតសរសើរទៅការដាំដុះ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនផងដែរ។ លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើទៅតាមផែនការដូចកិច្ចសន្យា ដែលបានព្រមព្រៀងជាមួយក្រសួងពាក់ព័ន្ធ។

តែទោះជាយ៉ាងណាក្នុងកិច្ចប្រជុំនេះ ក៏មានណែនាំមួយចំនួនឲ្យក្រុមហ៊ុនយកទៅកែលំអរបន្ថែម ដើម្បីឲ្យការដាំដំឡូងមីរបស់ក្រុមហ៊ុន បានទទួលផលកាន់តែល្អប្រសើរ និងបញ្ចៀសផលប៉ះពាល់ផ្សេងៗ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេច អិល អេច បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ២០០៩ ដោយបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្មជាមួយការដាក់ទុនចុះបញ្ជីដំបូងចំនួន ២០,០០០,០០០លានរៀល និងទុនវិនិយោគទឹកប្រាក់ចំនួន ៤០,០០០,០០០ដុល្លារអាម៉េរិក ដើម្បីចំណាយលើការដាំដុះដំបូង និងការកសាងសំណង់ស៊ីវិល ចំណាយលើការទិញមធ្យោបាយផលិតកម្ម។

ផ្ទៃដីអាជីវកម្មសរុបទំហំ ៩,៩៨៦ហិកតា។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានឈូសឆាយ និងដាំដុះរួចរាល់តាំងពីឆ្នាំ២០០៩ មកដល់ ឆ្នាំ២០១៣ លើផ្ទៃដី ៩,០៥៧.៨៧ហិកតា និងដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធមានទំហំ ១៦០.៩៩ហិកតា ហិកតា និងដីប៉ះពាល់ដែលកាត់ចេញចំនួន ៥០៦.៧៣ហិកតា។ ដំឡូងមី ដែលក្រុមហ៊ុនដាំដុះបាន នឹងត្រូវកែច្នៃសម្រាប់បម្រើតម្រូវការទីផ្សាក្នុងស្រុក និងទីផ្សាអន្តរជាតិ៕

Fresh News

No comments: