
ព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារ បានបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ បានចំនួន២០នាក់ ដើម្បីបកស្រាយពីប្រវត្តិសាស្ត្រប្រាសាទព្រះវិហារជូនភ្ញៀវទេសចរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរបរទេសចង់ដឹងពីប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ គឺមគ្គុទ្ទេសក៍តំបន់ត្រូវសួរនាំមគ្គុទ្ទេសក៍សហគមន៍ ហើយបកប្រែបន្តជូនភ្ញៀវបរទេសដើម្បីបានយល់ដឹងច្បាស់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជំហានដំបូងអាជ្ញាធរជាតិព្រះវិហារ បានបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ភាសាជាតិវគ្គដំបូងទទួលបានលទ្ធផលជោគជ័យកាលពីឆ្នាំ២០១៦ ហើយទៅមុខទៀត នឹងបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរសម្រាប់ភាសាបរទេសបន្ថែមទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍នៅខេត្តព្រះវិហារឲ្យកាន់តែរីកចម្រើនទ្បើង។
អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ បានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិព្រះវិហារ បានបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរសហគមន៍បានចំនួន២០នាក់ សម្រាប់នាំភ្ញៀវជាតិដើរទស្សនាប្រាសាទព្រះវិហារ។
សម្រាប់ភ្ញៀវបរទេសចង់ដឹងពីប្រវត្តិសាស្ដ្រប្រាសាទព្រះវិហារ គឺមគ្គុទ្ទេសក៍ភាសាបរទេសត្រូវមានមគ្គុទ្ទេសក៍ទេសចរសហគមន៍ដើរអមជាមួយផងដែរ ព្រោះគាត់បានឆ្លងកាត់ការបណ្តុះបណ្តាលរៀនសូត្រពីប្រវត្តិសាស្ត្រប្រាសាទព្រះវិហារយ៉ាងត្រឹមត្រូវ។
លោកអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងបញ្ជាក់ថា មគ្គុទ្ទេសក៍តំបន់អាចនាំភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទព្រះវិហារបានដូចគ្នាដោយមានគោលការណ៍អនុញ្ញាតពីក្រសួងទេសចរណ៍ត្រឹមត្រូវ។
លោកមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានកំណត់មគ្គុទ្ទេសក៍ទេសចរចំនួន២គឺមគ្គុទ្ទេសក៍ទេសចរតំបន់និងមគ្គុទ្ទេសក៍ទេសចរសហគមន៍៕
កម្ពុជាថ្មី
មង្គល
No comments:
Post a Comment