ជាតិ

ព្រហ្ម មរកត​៖«​ត្រូវ​អភិវឌ្ឍន៍​ខ្លួនឯង ដើម្បី​អ្នកដទៃ​អាច​ផ្តល់ឱកាស​ឲ្យ​យើង​»



លោក ព្រហ្ម មរកត កំពុង​សម្រាក​វិស្សមកាល​រយៈពេល​១​ខែ​នៅក្នុង​ប្រទេស​កំណើត មុននឹង លោក​ត្រឡប់​ទៅ​បន្ត​ការសិក្សា​ផ្នែក​គោលនយោបាយ​សាធារណៈ (¨¨Public Policy) មួយឆ្នាំ​ទៀត​នៅ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​បញ្ចប់​ថ្នាក់អនុបណ្ឌិត​។ មានលទ្ធភាព​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង គឺជា​មោទនភាព​មួយ​របស់​មរកត​។ ប៉ុន្តែ​សម្រាប់​លទ្ធភាព​នេះ ក៏​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះដែរ​។ យុវជន​រូបនេះ ចង់​ផ្ញើ​សារ​ទៅកាន់​យុវជន​ដទៃ​ទៀតថា យុវជន​ត្រូវ​ប្រឹងប្រែង​កសាង​សមត្ថភាព​ខ្លួន​ជាមុនសិន មុននឹង​ទទួលបាន​ការផ្តល់​តម្លៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។​

សម្រាក​វិស្សមកាល​មួយខែ​ចន្លោះ​ពី​ខែមករា និង​កុម្ភៈ​នេះ និស្សិត​ផ្នែក​គោលនយោបាយ​សាធារណៈ លោក ព្រហ្ម មរកត បានសម្រេច​ចិត្ត​មិន​នៅ​មើល​ព្រិល​ធ្លាក់​នៅក្នុង​ប្រទេស​កូរ៉េ​នោះឡើយ​។ បន្ទាប់ពី​សិក្សា​បាន​រយៈពេល​៦​ខែ​នៅ​សកលវិទ្យា​ល័យ យ៉ុង​ណា​ម (Yeungnam University) នៃ​ខេត្ត​ជុង​សាន (Gyeongsan) ក្នុងប្រទេស​កូរ៉េខាងត្បូង លោក មរកត សុខចិត្ត​មក​ប្រទេស​កំណើត​វិញ​។ មរកត ត្រូវ​ត្រឡប់​មកជួប​ក្រុមគ្រួសារ​ផង និង​ម្យ៉ាងទៀត ត្រូវ​មកជួយ​ការងារ​នៅក្នុង​លេខាធិការដ្ឋាន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​។ គឺ​ថ្នាក់ដឹកនាំ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះហើយ ដែល​បានសម្រេច​ផ្តល់​អាហារូបករណ៍​របស់​ធ​នាគារ Industrial Bank of Korea ទៅ​ឲ្យ​មរកត ដើម្បី​មរកត​អាច​សិក្សា​ជំនាញ​គោលនយោបាយ សាធារណៈ​នៅក្នុង​ប្រទេស​កូរ៉េ​បាន​។​

​នៅក្នុង​ហាង​កាហ្វេ Gloria Jean’s ក្នុង​សង្កាត់​បឹង​កេងកង​1 បុរស​សម្បុរ​ស្រអែម ដែល​ស្លៀកពាក់​ឯកសណ្ឋាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​គេ​ស្គាល់​បាន​តាមរយៈ​ស្លាក​សញ្ញា​ដែល​ដេរ​ភ្ជាប់​លើ​អាវ​ក្រណាត់​ពណ៌​ផ្ទៃមេឃ​ស្រាល​នោះ កំពុង​អង្គុយ​ធ្វើការ​នៅ​ទល់មុខ​កំ​ព្យូ​ទ័​រ​យូរ​ដៃ​របស់ខ្លួន មុននឹង​ជួប​ជាមួយ​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​។ សម្រាប់​យុវជន​អាយុ​៣២​ឆ្នាំ​រូបនេះ នៅទីណា​ក៏​គេ​អាចធ្វើ​អ្វីមួយ​សម្រាប់​អនាគត​ខ្លួនឯង និង​សម្រាប់​សង្គមជាតិ​របស់​ខ្លួន​បានដែរ​។ ហើយ​នេះ​គឺជា​អ្វីដែល មរកត​បានធ្វើ​ក្លាយជា​ទម្លាប់​រួចមកហើយ តាំងពី​មរកត​នៅ​សិក្សា​ឆ្នាំ​ទី​៣​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មក​ម្លេះ​។ កាលណោះ ក្នុងអំឡុង​ឆ្នាំ​២០០៤ ពេល​កំពុង​សិក្សា មរកត ចាប់ផ្តើម​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​ឲ្យ​សមាគមយុវជន​កម្ពុជា​ដែល​ក្រោយមក​ក្លាយជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ មរកត តែងតែ​យក​ការងារ​ដែល​គាត់​កំពុង​ធ្វើជា​ដើមទុន​សម្រាប់​ផ្តល់ឱកាស​ដល់​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត​។ និយាយ​បែប​ប្រយ័ត្នប្រយែង មរកត រម្លឹក​ពិសោធន៍​របស់ខ្លួន​យ៉ាង​ដូច្នេះ​៖«​បើ​ខ្ញុំ​មិនបាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​តាំងពី​នៅ​រៀន ខ្ញុំ​មិន​ស្គាល់​សមាគមយុវជន​ក​ម្ពុ​ជា ហើយ​ខ្ញុំ​ក៏​មិនបាន​ធ្វើការ​នៅ​អគ្គលេខាធិការដ្ឋាន ស​.​ស​.​យ​.​ក នេះដែរ​។ ហើយ​បើសិនជា​ខ្ញុំ​មិនបាន​ខិតខំ​សន្សំ​លុយ ដើម្បី​ឆ្លៀត​រៀន​ភាសា​អង់គ្លេស តាំងពី​ខ្ញុំ​នៅ​ធ្វើជា​អ្នក​បញ្ចូល​ទិន្នន័យ​ផ្នែក​អត្រានុកូលដ្ឋាន​នៅ​ក្រសួងមហាផ្ទៃ ខ្ញុំ​ក៏​គ្មាន​ទុន​ភាសា​អង់គ្លេស ដើម្បី​សិក្សា​នៅ​ប្រទេស​កូរ៉េ​ដូច​សព្វថ្ងៃ​នេះដែរ​»​។​

​គំនិត​ខ្លួនឯង​ដែល​គិតថា «​ត្រូវ​ប្រឹងប្រែង​ខ្លួនឯង ដើម្បី​អ្នកដទៃ​ផ្តល់​តម្លៃ​ឲ្យ​តាម​ក្រោយ​» រឹតតែ​ជាក់ស្តែង​ថែមទៀត​សម្រាប់​មរកត នៅពេលដែល​យុវជន​រូបនេះ​បាន​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​កន្លងមក ហើយ​រូបគេ​បាន​សិក្សា​អំពី​ប្រវត្តិ​នៃ​ការកសាង​សេដ្ឋកិច្ច​របស់​កូរ៉េខាងត្បូង​មួយ​នេះ ពី​ភ្នក់ភ្លើងសង្គ្រាម ឲ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​។ មរកត រម្លឹកថា​ប្រទេស​កូរ៉េខាងត្បូង​ក៏​ធ្លាប់​ធ្លាក់​ដល់​ចំនុចសូន្យ ដោយសារ​សង្គ្រាម ដូច​កម្ពុជា​ដែរ​។ ក៏ប៉ុន្តែ បើតាម​ការបញ្ជា​ក់រប​ស់ មរកត រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​កូរ៉េ បាន​រួមគ្នា​អនុវត្ត​គោលនយោបាយ​ជាតិ​មួយ​ឈ្មោះថា «​ភូមិ​ថ្មី​»​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​កូរ៉េ​។ នៅក្នុង​ហាង​កាហ្វេ​ទំនើប ដែល​អ៊ូរ​អ​ដោយ​សំឡេង​បទ​ចម្រៀង​អង់គ្លេស និង​អតិថិជន​ចេញចូល មរកត និយាយ​អំពី​គោលនយោបាយ​ភូមិ​ថ្មី​របស់​កូរ៉េ យ៉ាង​ប្រាកដប្រជា យ៉ាង​ដូច្នេះ​៖«​ក្នុង​ឆ្នាំ​១៩៧០ កូរ៉េ បានចាប់ផ្តើម​អនុវត្ត​ចលនា​ភូមិ​ថ្មី ដែលមាន​ស្មារតី​សំខាន់​៣៖ ទីមួយ គឺ​ការព្យាយាម (diligence) ទី​២ គឺ​ម្ចាស់ការ​លើ​ខ្លួនឯង (self-help) និង​ទី​៣ គឺ​សហប្រតិបត្តិការ (cooperation )»​។

​ចំពោះ​មរកត គឺ​ដោយសារតែ​កូរ៉េ​ខិតខំ​ប្រឹងប្រែង​ខ្លួនឯង ទើប​ពិភពលោក​ផ្តល់​តម្លៃ និង​ស្ញប់ស្ញែង​កូរ៉េ​តាម​ក្រោយ​។ មរកត សម្តែង​អារម្មណ៍​មោទន​យ៉ាងខ្លាំង​នៅពេលដែល​ខ្លួន​បាន​ទៅ​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​កូរ៉េ ហើយ​លោក​ជឿជាក់ថា លោក​នឹង​អាច​ប្រើប្រាស់​ចំណេះដឹង​ថ្មី​នេះ​ចួ​ល​រួម​ជួយ​អភិវឌ្ឍ​កម្ពុជា​របស់លោក​។​

​មរកត ត្រូវ​បន្ត​ការសិក្សា​មួយឆ្នាំ​ទៀត ដើម្បី​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​។ នៅ​ចុងឆ្នាំ​សិក្សា​នេះ មរកត មាន​គម្រោង​សរសេរ​និក្ខេប​ទ​ស្តីអំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បើតាម​ការយល់ឃើញ​រប​ស់​និស្សិត​ខ្មែរ​រូបនេះ ច្បាប់​ចរាចរណ៍​ផ្លូវគោក​សព្វថ្ងៃ​ទំនងជា​នៅមាន​បញ្ហា ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​មិនបាន​ចូលរួម​ឲ្យ​មាន​ប្រសិទ្ធភាព​។ គួរ​បញ្ជាក់ថា នៅក្នុង​លេខាធិការដ្ឋាន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មរកត បានទទួល​ការងារ​ជា​អ្នកសម្របសម្រួល​កម្មវិធី​អនុវត្ត​ការគោរព​ចរាចរណ៍​ផ្លូវគោក ដែល​ធ្វើ​ឲ្យ​មរកត មាន​ពិសោធន៍ និង​ចំណេះដឹង​ច្រើន​ក្នុង​វិស័យនេះ​។​

​និយាយ​ដល់​ត្រង់នេះ មរកត ហាក់​មិនមាន​ការលំបាក​នៅក្នុង​ការសិក្សា​ប៉ុន្មាន​ឡើយ​។ ការងារ និង​ពិសោធន៍​របស់​យុវជន ព្រហ្ម មរកត ពី​អតីតកាល​កំពុងតែ​បម្រើ​ជា​ប្រយោជន៍​សម្រាប់​ការសិក្សា​របស់​មរកត​ក្នុងពេល​បច្ចុប្បន្ននេះ​។ ភាសា​អង់គ្លេស ការងារ​ស្ម័គ្រចិត្ត​ផ្នែក​ចរាចរណ៍ និង​ការងារ​ស្ម័គ្រចិត្ត​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទាំងអស់នេះ​សុទ្ធតែ​បានផ្តល់​ឱកាស​ឲ្យ មរកត អភិវឌ្ឍន៍​ចំណេះដឹង​ឡើង​មួយកម្រិត​ទៀត​។ សម្រាប់ មរកត យុវជន​ត្រូវ​ប្រើ​ឱកាស​មួយ ដើម្បី​បង្កើត​ឱកាស​មួយ​ថ្មី​ទៀត​៕



ថ្មិ​ៗ
អត្ថបទ : លាង ដឺ​លុច

No comments: