ជាតិ

ទូត​អាមេរិក ថា ស្ថានភាព​កម្មករ​មាន​ភាពប្រសើរឡើង ដោយសារ​លោក ជា វិជ្ជា



ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​រំ​ឮ​កថា លោក​តែងតែ​នឹង​គិតដល់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ឆ្នាំ​២០០៤​។ ទូត​អាមេរិក ចាត់ទុក​សព​លោក ជា វិជ្ជា គឺជា​សំលេង​ដ៏​ពិតប្រាកដ​របស់​កម្មក​រ​កាត់ដេរ​។​

សេចក្ដីថ្លែងការណ៍​រប​ស់ឯក​អគ្គរដ្ឋទូត​អាមេរិក​លោក William Heidt នៅលើ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក ដែលមាន​ទាំង​សំណេរ​ជា​អង់គ្លេស និង​ខ្មែរ​នោះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ស្គាល់​លោក ជា វិជ្ជា​យ៉ាងច្បាស់ នៅពេល​ខ្ញុំ​ធ្វើការ​នៅក្នុង​ស្ថានទូត​អាមេរិក ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ១៩៩៩​។ នៅពេលនោះ ខ្ញុំ​គឺជា​មន្ត្រី​ទទួលបន្ទុក​បញ្ហា​ការងារ និង​សេដ្ឋកិច្ច ហើយ​លោក ជា វិជ្ជា​គឺជា​ប្រធាន​សហជីព​សេរី​។ យើង​បាន​ជួបគ្នា​ជា​ញឹកញាប់ ដើម្បី​ពិភាក្សា​ពី​ការអភិវឌ្ឍ​នៃ​សហជីព នៅ​ប្រទេស​កម្ពុជា​។ យើង​មិនបាន​យល់ស្រប​គ្នា​លើ​គ្រប់​បញ្ហា​ទេ តែ​ខ្ញុំ​តែងតែ​ជឿថា លោក​គឺជា​សំលេង​ដ៏​ពិតប្រាកដ​របស់​កម្មក​រ កម្មការិនី​កម្ពុជា​»​។

​ក្រៅពីនេះ​លោក​ទូត​អាមេរិក​រូបនេះ បាន​មើលឃើញថា ការលះបង់​របស់​សព​លោក ជា វិជ្ជា ដើម្បី​ជីវភាព​កម្មករ​កាត់ដេ​រ អាច​រស់នៅ​ប្រកបដោយ​ភាពសមរម្យ និង​ថ្លៃថ្នូរ​នោះ ក៏​មិនមែន​ខាតបង់​ដោយ​អត់​ប្រយោជន៍​ដែរ ។​«​ខ្ញុំ​មានចិត្ត​រីករាយ​ដោយ​ស្ថានភាព​នៃ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ភាពប្រសើរឡើង​ច្រើន តាំងពី​ទសវត្ស​ឆ្នាំ ១៩៩០ មក ដោយសារ​ការខិតខំរ​បស់​រដ្ឋាភិបាល ម្ចាស់​រោងចក្រ និង​ការខិតខំ​របស់​ពលរ​ដ្ឋ​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ដូចជា​លោក ជា វិជ្ជា​»​។ នេះ​ជាការ​មើលឃើញ​របស់លោក Heidt​។​

​គួរ​បញ្ជាក់ថា លោក ជា វិជ្ជា ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ថ្ងៃទី​២២ មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​មួយកន្លែង​ជាប់​របង​វត្ត​លង្ការ​។ ក្រោយ​ការស្លាប់​របស់លោក ជា វិជ្ជា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ គឹ​លោក សុក សំអឿន និង​លោក ប៊​ន សំណាង ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​៥​ឆ្នាំ ហើយ​ដោះលែង​ពួកគេ​ឲ្យ​នៅក្រៅ​ឃុំ​វិញ នៅ​ចុងឆ្នាំ​២០០៨​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១២ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ផ្ទ​នា​ទោស​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ម្ដងទៀត មុននឹង​តុលាការ​កំពូល​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ថ្ងៃខែ​កញ្ញា ឆ្នាំ​២០១៣​។

​តែ​យ៉ាងណា​លោក ជា មុនី ប្អូនប្រុស​បង្កើត​លោក ជា វិជ្ជា ចាត់ទុកថា ការចាប់​ឃុំខ្លួន លោក សុក សំអឿន និង​លោក ប៊​ន សំណាង នេះ​គឺ​គ្រាន់តែ​ជាការ​បំភ័ន្ត​ភ្នែក​មហាជន ដែល​ឃុំខ្លួន​ពួកគេ​ទាំង​មិនមាន​កំហុស​ប៉ុណ្ណោះ​។ គ្រួសារ​សព​លោក ជា វិជ្ជា នៅតែ​ទាមទារ​ឲ្យ​ប្រព័ន្ធយុត្តិធម៌​ស្វែងរក​ឃាតករ​ពិត និង​អ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការបាញ់សម្លាប់​លោក ជា វិជ្ជា មក​ផ្តន្ទាទោស​តាមច្បាប់​៕

ថ្មី​ៗ
អត្ថបទ : ធឿន បញ្ញាឬទិ្ធ

No comments: