ជាតិ

ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចេញ​បញ្ជា​«​កសាង​អំណាច​យោធា​អាមេរិក​ឡើងវិញ​» ​



ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​សុក្រ ២៧ មករា ដើម្បី​ចាប់ផ្តើម​គម្រោង​កសាង​អំណាច​យោធា​អាមេរិក​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើងវិញ​។ លោក​បាន​សន្យាថា រដ្ឋបាល​អាមេរិក​នឹង​ផ្តោត​សំខាន់​លើ​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​យោធា និង​ផ្តល់​នាវាចម្បាំង​និង​យន្តហោះ​ថ្មី​បន្ថែម​សម្រាប់​គាំទ្រ​ការកសាង​អំណាច​យោធា​អាមេរិក​នេះ​។​

«​អំណាច​យោធា​របស់​យើង​មិន​អាចមាន​អ្នក​ប្រៀប​បានឡើយ ហើយ​ការប្រឹងប្រែង​កសាង​សន្តិភាព​របស់​អាមេរិក​ក៏​មិនអាច​មាន​អ្នក​ស្មើ​ដូចគ្នា​។ យើង​ពិតជា​ចង់បាន​សន្តិភាព​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងពេលដែល​លោក​ចេញ​បទបញ្ជា​កសាង​អំណាច​យោធា​អាមេរិក​ឡើងវិញ​នា​ថ្ងៃ​សុក្រ​ទី ២៧​មករា​។

យោងតាម​ទីភ្នាក់ងារ AFP ប្រធានាធិបតី​អាមេរិក​រូបនេះ​បានបញ្ជាក់​ផង​ថា គម្រោង​ស្នើសុំ​បង្កើន​ថវិកាជាតិ​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ការពារជាតិ​ប្រាកដ​នឹងត្រូវ​ស្វាគមន៍​ដោយ​សមាជិកសភា​អាមេរិក​នៅពេល​ខាងមុខ​។​

ទោះជា​យ៉ាងណាក៏ដោយ បទបញ្ជា​ថ្មី​នេះ​ហាក់បីដូច​មិនបាន​កំណត់​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​ដំ​កំភួន​ដែល​អាមេរិក​ត្រូវធ្វើ​សម្រាប់​បង្កើន​សមត្ថភាព​យោធា​ឡើយ​។ គ្រាន់តែ​វា​ដាក់បទបញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាប់ផ្តើម​ត្រួត​ពិនិត្យមើល​សមត្ថភាព​និង​រៀបចំ​សមត្ថភាព​ទ័ព​ឲ្យ​បាន​រៀបរយ​ដើម្បី​ឈានទៅ​កំណត់​ទំហំ​ថវិកាជាតិ​ដែល​ត្រូវ​ស្នើសុំ​ទៅ​សភា​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ក្នុងពេល​ឃោសនាបោះឆ្នោត និង​ប៉ុន្មាន​សប្តាហ៍​កន្លងផុតទៅ​ថា លោក​ចង់​បង្កើន​អំណាច​កងទ័ព​អាមេរិក​ដោយ​បន្ថែមចំនួន​នាវាចម្បាំង​ជើង​ទឹក និង​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង​។ ជា​ឧទាហរណ៍ រដ្ឋបាល​ថ្មី​ចង់​បង្កើន​នាវាចម្បាំង​ឲ្យ​កងទ័ព​អាមេរិក​បន្ថែម​ឲ្យ​ដល់ ៣៥០​គ្រឿង​។ បច្ចុប្បន្ននេះ​អាមេរិក​មាន​នាវា​កងទ័ពជើងទឹក​ស​រុ​ប្រហែល​ត្រឹម ២៧៤​គ្រឿង​ប៉ុណ្ណោះ​។​

ប្រធានាធិបតី​រូបនេះ​ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ថ្មី​របស់ខ្លួន​លោក James Mattis ចាប់ផ្តើម​បង្កើន​សកម្មភាព​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាពិសេស​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយ​ប​ន្ថ​ម​សព្វាវុធ​ដូចជា​កាំភ្លើង​ធំ និង​យន្តហោះ​ប្រយុទ្ធ​។ បន្ថែម​ពីនេះ បទបញ្ជា​ថ្មី​ក៏​ផ្តោតលើ​ការពង្រឹង​ការពារ​សន្តិសុខ​អ៊ីនធឺណិត និង​ប្រឆាំង​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ដូចគ្នា​។​

បទបញ្ជា​ដដែល​នេះ​ក៏បាន​ដាក់​សម្ពាធ​ឲ្យ​មន្ទី​ប៉ង់​តា​ហ្កូ​ន​កាត់បន្ថយ​ការចំណាយ​លើ​កម្មវិធី​ផលិត​សព្វាវុធ​ខ្លះ​ដែល​ថ្លៃៗ​ពេក​ដូចគ្នា​។ មុន​មានការ​ដាក់បទបញ្ជា លោក James Mattis បាន​បញ្ជា​ឲ្យ​គេ​ត្រួត​ពិនិត្យឡើងវិញ​ការចំណាយ​លើ​កម្មវិធី​ផលិត​សព្វាវុធ​ធំៗ​ចំនួន​ពីរ​ក្នុងនោះ​មាន​គម្រោង​ផលិត​យន្តហោះ F-35 ដែលមាន​ទំហំ ៤០០​ពាន់​លាន​ដុល្លារ និង​គម្រោង​ផលិត​យន្តហោះ​ប្រធានាធិបតី​ថ្មី​ដែលមាន​ទំហំ ៤​ពាន់​លាន​ដុល្លារ​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ

No comments: