
(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមានអាមេរិក បានបញ្ចេញព័ត៌មានជាផ្លូវការមកហើយ គឺនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាជាផ្លូវការលើកដំបូងតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់, និងអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា ម៉ាគែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។
គួររំលឹកថាគ្រាន់តែលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកភ្លាមៗនោះ លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំក្រុមមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាល រៀបចំសេចក្តីថ្លែងការណ៍ និងអានចេញដោយខ្លួនលោកផ្ទាល់ថែមទៀត ដែលប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា លោក ពូទីន ចង់បានទំនាក់ទំនងប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិក ដើម្បីរំដោះខ្លួនចេញពីទណ្ឌកម្មនានា ដែលបានដាក់ដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។
ទោះបីជាបែបនេះក្តីគេនៅមិនទាន់ដឹងថា តើកិច្ចពិភាក្សាជាមួយមេដឹកនាំកំពូលៗដូចជា រុស្ស៊ី បារាំង និងអាល្លឺម៉ង់នោះសហរដ្ឋអាមេរិក ដែលទើបរៀបចំរដ្ឋបាលដឹកនាំថ្មី នឹងលើកយកបញ្ហាអ្វីមកពិភាក្សានោះឡើយ ប៉ុន្តែអ្វីដែលគ្រប់គ្នាចាំបាននោះ គឺលោក ត្រាំ ធ្លាប់បានបញ្ជាក់ជាច្រើនលើកថា លោកចង់មានទំនាក់ទំនងល្អជាមួយមេដឹកនាំប្រទេសរុស្ស៊ី លោក ពូទីន៕
Fresh News
No comments:
Post a Comment