
កងទ័ពអាមេរិកជាច្រើនពាន់នាក់ អមដោយសព្វាវុធធុនធ្ងន់ទំនើបៗ បានទៅដល់ប៉ូឡូញ តំបន់សមុទ្របាល់ទិក និងអឺរ៉ុបខាងកើតដែលជាប់ព្រំដែនរុស្ស៊ី ដែលជាផ្នែកនៃការកសាងយោធាមិនធ្លាប់មានតាំងពីចប់សង្គ្រាមត្រជាក់មកនោះ។ ការបញ្ជូនទ័ព និងអាវុធយុទ្ធភណ្ឌយ៉ាងច្រើននេះ បង្ហាញពីជំហររបស់អាមេរិកដែលមិនបោះបង់អឺរ៉ុប និងណាតូ ដើម្បីប្រឆាំងការពង្រីកឥទ្ធិពលរបស់រុស្ស៊ី បើទោះជាប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់លើកឡើងថា ណាតូ ជាអង្គការហួសសម័យក៏ដោយ។
អាមេរិក បានពង្រាយកងទ័ពរបស់ខ្លួនយ៉ាងច្រើននៅតំបន់អឺរ៉ុបជាប់ព្រំដែនជាមួយរុស្ស៊ី ដែលកំពុងព្រួយបារម្ភថា ពួកគេអាចមានវាសនាដូចតំបន់គ្រីមៀនោះ។ កងទ័ព៣៥០០នាក់ អមដោយសព្វាវុធធុនធ្ងន់មានរថក្រោះជាដើមនោះ ត្រូវបានពង្រាយនៅប៉ូឡូញ តំបន់បាល់ទិក និងប្រទេសនៅអឺរ៉ុបប៉ែកអាគ្នេយ៍ ស្របពេលប្រទេសទាំងនេះប្រឈមមុខដោយផ្ទាល់នឹងកងកម្លាំងរុស្ស៊ីជាច្រើនម៉ឺននាក់ដែលត្រូវបានពង្រាយរួចហើយស្រេចនោះ។
នេះជាលើកទីមួយដែលរថក្រោះអាមេរិក ត្រូវបានពង្រាយនៅអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៣ មក ហើយវាបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការគាំទ្រសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ដែលកំពុងជ្រួលច្របល់ដោយសារសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែន ដែលស្ថិតនៅតំបន់ខាងត្បូងអឺរ៉ុប។ ម្យ៉ាងទៀតបណ្ដាសម្ព័ន្ធមិត្តអាមេរិកនៅតំបន់បាល់ទិក ក៏ជ្រួលច្រាលខ្លាំង ដ្បិតក្រុងមូស្គូធ្វើសមយុទ្ធទ័ពជើងទឹក ជើងអាកាសនៅតំបន់បាល់ទិកដែរនោះ។
អាចនិយាយបានថាជាការបង្អួតកម្លាំងដាក់រុស្ស៊ីនោះ កងទ័ពអាមេរិកដែលទើបទៅដល់ប៉ូឡូញ និងកងទ័ពប៉ូឡូញ ក៏បានធ្វើសមយុទ្ធរួមគ្នាមួយនៅថ្ងៃទី៣០ ខែមករា នៅក្បែរព្រំដែនជាមួយអាល្លឺម៉ង់។ លោកឧត្តមសេនីយ៍ Ben Hodges មេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុបនិយាយថា ការពង្រាយទ័ពអាមេរិកនៅកាលៈទេសៈនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់លោក ដូណាល់ ត្រាំ ដែលនៅតែផ្ដល់សារៈសំខាន់លើសម្ព័ន្ធយោធាណាតូ ដូចដែលលោកបានប្រាប់មេដឹកនាំអង់គ្លេស បារាំងនិងអាល្លឺម៉ង់។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ជ្រួលច្រាលម្ដងហើយជាមួយនឹងការប្រកាសថា លោកអាចនឹងដកអាមេរិកចេញពីសម្ព័ន្ធយោធានេះ។ លោកក៏ធ្វើឲ្យអឺរ៉ុបព្រួយបារម្ភម្ដងទៀតដោយចាត់ទុកសម្ព័ន្ធយោធាណាតូ ជាអង្គការហួសសម័យទៅហើយ និងថែមទាំងទាមទារសមាជិកណាតូ បង់ថ្លៃចំណាយទៀតផង។ ប៉ុន្តែការពង្រាយទ័ពអាមេរិកនៅពេលនេះ បានជម្រះមន្ទិលលើជំហររបស់អាមេរិកក្នុងទំនាក់ទំនងជាមួយអឺរ៉ុប។
ការភ្ជាប់តំបន់គ្រីមៀពីសំណាក់រុស្ស៊ីក្នុងឆ្នាំ២០១៤ ធ្វើឲ្យប្រទេសលីទុយអានី, ឡាត់វី និងអេស្តូនី ភ័យយ៉ាងខ្លាំង និងបានស្នើឲ្យអឺរ៉ុបចាត់វិធានការជួយខ្លួនឲ្យបានលឿន។ ជំនួបកំពូលណាតូនៅប៉ូឡូញក្នុងខែកក្កដា ឆ្នាំ២០១៦ ក៏បានសម្រេចពង្រាយទ័ពសម្ព័ន្ធមិត្តនៅតាមប្រទេសរងការគំរាមពីរុស្ស៊ី។ អាមេរិក ដែលជាបងធំរបស់ណាតូ ក៏បានបញ្ជូនទ័ព៣៥០០នាក់មកកាន់អឺរ៉ុប ហើយនៅខែក្រោយទ័ពជាងមួយពាន់នាក់ទៀត អមដោយឧទ្ធម្ភាគចក្រជាច្រើន ក៏នឹងមកដល់បន្តបន្ទាប់ដែរ។
ក្រៅពីប៉ូឡូញ កងទ័ពអាមេរិក នឹងត្រូវពង្រាយនៅប៊ុលហ្គារី និងរ៉ូមានី ដែលប្រឈមមុខការគំរាមពីសកម្មភាពយោធារបស់ក្រុងមូស្គូដែរ។ ជាមួយគ្នានេះ អង់គ្លេស កាណាដា និងអាល្លឺម៉ង់ ក៏នឹងពង្រាយទ័ពរបស់ខ្លួននៅតាមប្រទេសអឺរ៉ុបខាងកើត ហើយនេះគឺជាការកសាងកម្លាំងទ័ពធំជាងគេបំផុតនៅតំបន់អឺរ៉ុបតាំងពីសង្គ្រាមត្រជាក់មក៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment