ជាតិ

ក្រសួងសាធាណការ និងដឹកជញ្ជូន ដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត



(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រ ព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទ។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារអ៊ីនធើខន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានហៅការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទនេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៅក្នុងគំនិតផ្តួចផ្តើមកំណែទម្រង់ដែលមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមរយៈនីតិវិធីថ្មី ដោយប្រើប្រាស់ប្រព័ន្ធអនឡាន។

ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម គោលបំណងនៃការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្តនេះ គឺដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងបណ្ណបើកបរ និងផ្តល់បណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធចុះបញ្ជីដោយកាត់បន្ថយនីតិវិធីរដ្ឋបាល ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ផ្តល់ការជឿជាក់និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ចំពោះកម្មវិធីយល់ដឹងពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ អាចឲ្យប្រជាពលរដ្ឋស្វែងយល់និង ដើម្បីត្រៀមប្រឡងយកបណ្ណបើកបរបាន៕

Fresh News

No comments: