ជាតិ

លោក Duterte គំរាម​កាត់​ក្បាល​ប៉ូលិស​ដែល​សម្លាប់​ពាណិជ្ជករ​កូរ៉េខាងត្បូង​



ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​២៦ ខែមករា បាន​សុំទោស​ប្រជាជន​កូរ៉េខាងត្បូង ចំពោះ​ករណី​ឃាតកម្ម​លើ​ពាណិជ្ជករ​កូរ៉េខាងត្បូង Jee Ick-Joo ដែល​គេ​សង្ស័យថា ជា​ស្នាដៃ​របស់​ប៉ូលិស​ហ្វីលីពីន​។ លោក Duterte ក៏​សន្យា​នាំ​ជនដៃដល់​យកមក​កាត់ទោស​ឲ្យ​ខាង​តែ និង​បាន​ថែមទាំង​គំរាម​កាត់​ក្បាល​ជនដៃដល់​ទៀតផង​។ ស្របគ្នា​នេះ ព្រឹទ្ធសភា​ហ្វីលីពីន ក៏​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​នេះ​ផងដែរ​។​

ករណី​ឃាតកម្ម និង​ចាប់ជំរិត​លើ​អ្នកជំនួញ​កូរ៉េខាងត្បូង Jee Ick-Joo កំពុង​តាម​លង​រដ្ឋបាល​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ។ លោក Duterte ក៏​ប្រកាសថា មន្ត្រីប៉ូលិស​ដែល​ទទួលខុសត្រូវ​លើ​ករណីនេះ ត្រូវតែ​ទទួលទោស​ដាច់ខាត​។ ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ថាមពល​នៅ​ថ្ងៃទី​២៦ ខែមករា ដែលមាន​ទាំង​អ្នកវិនិយោគ​ជនជាតិ​កូរ៉េខាងត្បូង​ដែរនោះ លោក Duterte សន្យា​ចំពោះមុខ​ពួកគេ​ថា ជនដៃដល់​នឹងត្រូវ​ចូល​ពន្ធនាគារ​មិន​ខាន​។

«​ខ្ញុំ​សូម​ធានាថា អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ ត្រូវបាន​ស្គាល់មុខ​អស់ហើយ​។ ពួកគេ នឹងត្រូវ​ចាប់​បញ្ចូល​គុក ព្រមទាំង​ត្រូវ​កាត់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ទៀតផង​។​»​នេះ​ពាក្យសន្យា​របស់​ប្រធានាធិបតី​ហ្វីលីពីន​ទៅកាន់​អ្នកចូលរួម មុននឹង​និយាយថា អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​អ្នកជំនួញ​កូរ៉េខាងត្បូង Jee Ick-Joo គឺជា​មន្ត្រីប៉ូលិស​តែម្ដង​។

​បើតាម​សារព័ត៌មាន Rappler ជាមួយនឹង​ការប្រើប្រាស់​ពាក្យសម្ដី​ធ្ងន់ៗ លោក​ប្រធានាធិបតី Duterte អះអាងថា លោក​នឹងមិន​ទុក​រឿងនេះ​ចោល​ឡើយ ហើយ​មន្ត្រីប៉ូលិស​ដែលជា​ប់​ពាក់ព័ន្ធ នឹងត្រូវ​ទទួលទោស​។ លើសពីនោះ ប្រធានាធិបតី​ដែល​ល្បី​ខាង​ប្រើ​ធម៌​ក្ដៅ​រូបនេះ ក៏​គំរាម​កាត់​ក្បាល​ប៉ូលិស​ដែលមាន​កំហុស​បញ្ជូនទៅ​ឲ្យ​កូរ៉េខាងត្បូង​ទៀតផង​។ លោក Duterte ក៏បាន​សុំទោស​ប្រជាជន​កូរ៉េខាងត្បូង​ទាំងអស់​ចំពោះ​ការស្លាប់​របស់លោក Jee Ick-Joo ដែរ​។​

​ករណី​ឃាតកម្ម​លើក​នេះ បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខមាត់​ប៉ូលិស​ហ្វីលីពីន ដែល​កំពុង​ដឹកមុខ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី Duterte ។ វា​មាន​ការស្នើ​ឲ្យ​មេ​ប៉ូលិស​ហ្វីលីពីន Ronald de la Rosa លាលែង​ពី​តំណែង​ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ផងដែរ​។ ប្រភពព័ត៌មាន​ខាងលើ​បន្តថា ក្រុម​អ្នក​ចាប់ជំរិត​អះអាងថា លោក Jee Ick-Joo ជា​ដៃស្ដាំ​របស់​ឈ្មួញ​គ្រឿងញៀន Albert Chua និង​បាន​ទារប្រាក់​រំលស់​៥​លាន​ពឺ​សូ​។

​យ៉ាងណាក្ដី អ្នកជំនួញ Jee Ick-Joo ត្រូវបាន​ធ្វើឃាត​ក្នុង​បន្ទាយ​ប៉ូលិស Camp Crame ដែលជា​ទីស្នាក់ការ​រប​ស់​ប៉ូលិស​ជាតិ​ហ្វីលីពីន​តែម្ដង​។ ក្រសួងយុត្តិធម៌​ហ្វីលីពីន​បញ្ជាក់ថា មន្ត្រីប៉ូលិស បាន​ឃាត់ខ្លួន​អ្នកជំនួញ​រូបនេះ​នៅក្នុង​ផ្ទះ​របស់លោក នៅ​ក្រុង Angeles នៅ​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០១៦ ដោយ​ក្រុមមន្ត្រី​ទាំងនោះ បានប្រកាសថា ពួកគេ កំពុង​ស្វែងរក​ផ្ទះ​ដែល​ផ្ទុក​គ្រឿងញៀន ហើយ​ក្រោយមកទៀត បាន​នាំខ្លួន​ទៅកាន់​ទី​ស្នាក់​កណ្តាល​របស់​ប៉ូលិស និង​សម្លាប់​តែម្តងទៅ​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: