
ជនផ្ដាច់ការហ្កំប៊ី យះយ៉ាហ៍ ចាមេហ៍ (Yahya Jammeh) បានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីរងសម្ពាធខ្លាំងពីសំណាក់សហគមន៍អន្តរជាតិដោយសារតែរឿងក្រាញអំណាចមិនចុះចេញពីតំណែង ទោះចាញ់ឆ្នោតក៏ដោយ។ ប៉ុន្តែជនផ្ដាច់ការរូបនេះ ក៏មិនមែនចាកចេញដោយដដៃទទេដែរ គឺបាននាំយកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរថយន្តទំនើបជាច្រើនគ្រឿងទៅជាមួយផង ដែលធ្វើឲ្យប្រភពធនធានហិរញ្ញវត្ថុរបស់ប្រទេសខ្សត់ខ្សោយយ៉ាងខ្លាំង។
អន្តរាគមន៍យោធារបស់សហគមន៍សេដ្ឋកិច្ចប្រទេសខាងលិច (ECOWAS) បានបង្ខំឲ្យមេដឹកនាំផ្ដាច់ការ យះយ៉ាហ៍ ចាមេហ៍ រត់ភៀសខ្លួនទៅកាន់ហ្គីណេ។ សម្ពាធពីបរទេស និងការលាលែងជាបន្តបន្ទាប់ពីសំណាក់សមាជិកគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ធ្វើឲ្យប្រធានាធិបតី ចាមេហ៍ នៅឯកាកាន់តែខ្លាំង និងសម្រេចចិត្តលាលែងពីតំណែងតែម្ដង។ ការលាលែងនេះទៀតសោត ក៏មានការបញ្ចុះបញ្ចូលពីប្រធានាធិបតីហ្គីណេ និងម៉ូរីតានីផងដែរ ទម្រាំតែលោកសុខចិត្តដើរចេញនោះ។
ការចាកចេញពីប្រទេសក្រោយកាន់អំណាចអស់ពេល២២ឆ្នាំ ធ្វើឲ្យប្រជាជនហ្កំប៊ីដែលធ្លាប់តែរស់នៅក្រោមការរឹតត្បិតរបស់មេដឹកនាំផ្ដាច់ការ ចាមេហ៍ សប្បាយចិត្តយ៉ាងខ្លាំង។ តែអតីតមេដឹកនាំផ្ដាច់ការរូបនេះ ក៏មិនបានចាកចេញដោយគ្មានអ្វីក្នុងដៃនោះដែរ។ ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីថ្មី Adama Barrow បាននិយាយថា លោក ចាមេហ៍ បានលួចលុយរដ្ឋយ៉ាងច្រើនក្នុងសប្ដាហ៍ចុងក្រោយនៃការកាន់អំណាចរបស់លោក ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឃ្លាំងរដ្ឋ។
ក្នុងសន្និសីទកាសែតនៅរដ្ឋធានីដាការបស់សេណេហ្កាល់ លោក Mai Ahmad Fatty បញ្ជាក់ថា អតីតប្រធានាធិបតីហ្កំប៊ី បានលួចលុយរដ្ឋច្រើនជាង១១លានដុល្លារនៅត្រឹមពេលពីរសប្ដាហ៍ មុនលោកលាលែង ហើយចំនួននេះ គឺជាបរិមាណដែលគេរកឃើញប៉ុណ្ណោះ។ លោកបន្តថា៖ «ហ្កំប៊ី កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ ហើយឃ្លាំងលុយរដ្ឋ ក៏ដូចជាអស់ប្រាក់ដែរ ហើយសូម្បីតែអ្នកបច្ចេកទេសនៅក្រសួងសេដ្ឋកិច្ច និងធនាគាជាតិ ក៏បានបញ្ជាក់ពីការបាត់បង់ប្រាក់ដ៏ច្រើននេះដែរ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AP លោក Fatty ក៏បញ្ជាក់ដែរថា ក្រៅពីលុយជាង១១លានដុល្លារ លោក ចាមេហ៍ ក៏បាននាំយកសម្ភារមានតម្លៃ និងរថយន្តជាច្រើនគ្រឿងទៅជាមួយដែរ។ លោក Fatty បន្តទៀតថា យន្តហោះរបស់ប្រទេសឆាដ បានដឹកជញ្ជូនសម្ភារ និងរថយន្តទំនើបទាំងនោះ បើទោះជាមន្ត្រីនៅព្រលានយន្តហោះក្រុង Banjul មិនអនុញ្ញាតក៏ដោយ។
គេមិនទាន់ដឹងច្បាស់ទេសថា អតីតមេដឹកនាំផ្ដាច់ការក្រាញអំណាច ចាមេហ៍ សម្រេចចិត្តរស់នៅនិរទេសខ្លួននៅប្រទេសណាដែរ។ កន្លងមក ប្រទេសម៉ារ៉ុក បានប្រកាសផ្តល់សិទ្ធិជ្រកកោននយោបាយមួយសម្រាប់លោកឲ្យតែលោកព្រមចុះចេញពីតំណែង។ ម៉ារ៉ុកនិងប្រទេសក្នុងតំបន់ផ្សេងទៀត សុទ្ធតែអាចធានាពីសុវត្ថិភាព និងធានាឲ្យរស់នៅសុខសាន្តក្រោយការចូលនិវត្តន៍នយោបាយថែមទៀតផង។ ប៉ុន្តែអាជ្ញាធរហ្កំប៊ី ទំនងជាមិនអត់ឱនឲ្យលោក ចាមហេ៍ ចំពោះសកម្មភាពឧក្រិដ្ឋនាពេល២២ឆ្នាំនេះឡើយ ដ្បិតលោកមិនបានទទួលការធានាពីការលើកលែងទោសណាមួយឡើយ៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment