
ក្នុងចំណោមប្រធានបទនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ប្រមុខការទូតកម្ពុជា និងឡាវ ក៏បានជជែកអំពីយន្តការនៃការផ្លាស់ប្តូរព័ត៌មានគ្នារវាងក្រសួងការបរទេសទាំងពីរដែរ។
បណ្តាញសង្គម telegram និង WhatsApp អាចនឹងត្រូវប្រើប្រាស់ដោយក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសឡាវ និងកម្ពុជាដើម្បីចែករម្លែក និងផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នា។ ព័ត៌មាននេះត្រូវបានរំលេចឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីខ្លឹមសារនៃកិច្ចពិភាក្សារវាងប្រមុខការទូតឡាវ លោក Saleumxay Kommasith និងសមភាគីកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុនក្នុងពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមនៅរសៀលថ្ងៃទី២៧ខែមករាថា លោកប្រមុខការទូតឡាវមានបំណងធ្វើយ៉ាងណាឲ្យមានការចែករម្លែកព័ត៌មាននៃក្រសួងទាំងពីរ មានប្រសិទ្ធភាព។ បើយោងតាម លោក ជុំ សុន្ទរី ដដែល រដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រាប់សមភាគីឡើង ពីពិសោធន៍នៅក្រសួងការបរទេសកម្ពុជាដែលក្រុមមន្ត្រីបានប្រើប្រាស់បណ្តាញសង្គម telegram និងWhatsApp ដើម្បីចែករម្លែកព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមក។
អ្នកនាំពាក្យដដែលបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមាន Hotline រវាងក្រសួងទាំងពីរហើយ។ ធម្មតាបើមានបញ្ហាអ្វី រដ្ឋមន្ត្រីការបទេសទាំងពីរទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទតែម្តង។ ប៉ុន្តែអ្វីដែលលោករដ្ឋមន្ត្រីការបរទេសឡាវលើកឡាវ គឺការចែករម្លែកព័ត៌មានរវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរ។ ហេតុដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី គ្រាន់តែលើកឡើងប្រាប់សមភាគីឡាវថា នៅក្នុងក្រសួងការបរទេសកម្ពុជា យើងប្រើប្រាស់បណ្តាញសង្គម telegram និង WhatsApp»។
លោក ជុំ សុន្ទរី បានអះអាងថា ភាគីទាំងពីរនៅមិនទាន់សម្រេចជាផ្លូវការថា ពួកគេនឹងពិតជាចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមទាំងពីរដើម្បីទំនាក់ទំនងការងារនោះនៅឡើយទេ ដោយនៅរង់ចាំការឆ្លើយតបពីខាងភាគីឡាវ។
កម្ពុជាមិនដែលធ្លាប់បានលើកឡើងអំពីការប្រើប្រាស់បណ្តាញសង្គម ក្នុងក្របខណ្ឌនៃការចែករម្លែកព័ត៌មានជាមួយក្រសួងការបរទេសបរទេសឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលទទួលស្គាល់ថា ការប្រើប្រាស់បណ្តាញសង្គមរវាងមន្ត្រីក្នុងក្រសួង ក្នុងការអនុវត្តការងារ ពិតជាមានប្រសិទ្ធភាព៕
ថ្មីៗ
អត្ថបទ : លាង ដឺលុច
No comments:
Post a Comment