![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកមិនដាក់សមាជិកត្រកូល "ហ៊ុន" ធ្វើការនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារលោកមិនចង់ឲ្យគ្រួសារលោកជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់។ លោក ហ៊ុន សែន ក៏វាយប្រហារអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) ដែលតែងចេញរបាយការណ៍និយាយអាក្រក់ពីគ្រួសារ និងការដឹកនាំរបស់លោក។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត មានចំណេះដឹងផ្នែកសេដ្ឋកិច្ចរហូតធ្លាប់ធ្វើការនៅធនាគារពិភពលោកក្តី (World Bank) ប៉ុន្តែលោកមិនចង់ឲ្យកូនចៅលោកធ្វើការនៅក្នុងក្រសួងពាក់ព័ន្ធនឹងរឿងលុយកាក់ឡើយ។
ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន ហាក់ដូចជាដឹងមុនថា លោកនឹងរងការរិះគន់ ឬវាយប្រហារ ប្រសិនបើលោកដាក់សមាជិកក្រុមគ្រួសារត្រកូល "ហ៊ុន" ធ្វើការនៅក្រសួងពាក់ព័ន្ធរឿងគ្រប់គ្រងលុយកាក់ ឬដែលពលរដ្ឋហៅជាទូទៅថា ក្រសួងខ្លាញ់នោះ៖ «បងដូចអត់មានត្រកូលហ៊ុននៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្ញុំថានែ! អញណា អញជៀសអាហ្នឹង អញអត់ឲ្យត្រកូលហ៊ុនណាមួយទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេវើយ អារឿងគយ ពន្ធដារអត់មានទេ កុំមករញ៉េរញ៉ៃ គេជេរអញងាប់ ចេះមកឲ្យយោបល់។ ខ្ញុំថាកុំនិយាយ អញដឹងណាស់អារឿងហ្នឹង»។
លោក ហ៊ុន សែន ថ្លែងដែរថា បើទោះជាលោកខំជៀសវាងប៉ុណ្ណឹងហើយ នៅតែមានគេវាយប្រហារគ្រួសារលោកទៀត។ លោក ហ៊ុន សែន បានលើកឡើងពីអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស ដែលកន្លងទៅគេដឹងថា តែងចេញរបាយការណ៍រិះគន់ពីការដឹកនាំរបស់លោក ហ៊ុន សែន និងពីគ្រួសារត្រកូល "ហ៊ុន"៖ «រឿងគ្លូបល វីនេស ខ្ញុំប្រកាសពីដំបូងមក វាតាមរករឿងអីតែខ្ញុំហ្នឹង ហើយចាប់ផ្ដើមខ្ញុំនិយាយជាសាធារណៈរឿង គ្លូបល វីនេស ដែលយើងបណ្ដេញចេញចាប់ផ្តើមពីអី ចាប់ផ្តើមពីស្រីជាបុគ្គលិកម្នាក់កូនកាត់ខ្មែរ-បារាំង ទៅយកប្ដីគេ។ ដល់គេតាមដល់ផ្ទះទៅ ចោទថាពួកកាប់ឈើទៅរករឿង។ អតីតឯកអគ្គរាជទូតអង់គ្លេស ដឹងរឿងហ្នឹងច្បាស់ តែខ្ញុំមិនបញ្ចេញឈ្មោះអគ្គរដ្ឋទូតមួយណាទេ រឿងបានវាចេះតែកើតៗ យើងឈប់ឲ្យធ្វើការទៅ»។
បើទោះជាលោក ហ៊ុន សែន អះអាងថា មិនមានសមាជិកត្រកូល "ហ៊ុន" ធ្វើការនៅកន្លែងលុយក្នុងស្ថាប័នរដ្ឋក្តី តែបើនិយាយពីវិស័យជំនួញវិញ អង្គការ គ្លូបល វីនេស រកឃើញថា ត្រកូល "ហ៊ុន" កំពុងក្តោបក្តាប់មុខជំនួញសំខាន់ៗជាច្រើននៅកម្ពុជា។
ក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៦ គ្លូបល វីនេស រកឃើញថា បើទោះជាលោក ហ៊ុន សែន មានប្រាក់ខែសរុបមិនដល់ ២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែគេប៉ាន់ប្រមាណថា គ្រួសារលោក ហ៊ុន សែន មានទ្រព្យសម្បត្តិសរុបមិនតិចពី ៥០០លានទៅ ១ពាន់លានដុល្លារអាមេរិកនោះទេ។ បើនិយាយពីជំនួញវិញ សែស្រឡាយត្រកូល "ហ៊ុន" មានចំណែកហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកចំនួន ១១៤ក្រុមហ៊ុន និងមានទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងអស់នោះជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ការកម្សាន្ត ទេសចរណ៍ សំណង់ អចលនទ្រព្យ ថាមពល ការរុករករ៉ែ ព័ត៌មាន កីឡា កសិកម្ម ទូរគមនាគមន៍ ល្បែង សន្តិសុខ តំបន់សេដ្ឋកិច្ចពិសេស វាយនភ័ណ្ឌ រុក្ខាប្រមាញ់ និងថ្នាំពេទ្យ ជាដើម។
កូនស្រីច្បងរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ២២ ដែលមានទុនវិនិយោគចំនួន ៦៦លានដុល្លារអាមេរិក ក្នុងនោះក៏មានក្រុមហ៊ុនវៀតថែលកម្ពុជា (Viettel Cambodia) ដែលជាសាខានៃក្រុមហ៊ុនវៀតថែលគ្រុប (Viettel Group) របស់វៀតណាម ដែលផ្តល់សេវាកម្មទូរស័ព្ទ Metfone នៅកម្ពុជា។ វៀតថែលគ្រុប គឺជាក្រុមហ៊ុនរបស់រដ្ឋវៀតណាម គ្រប់គ្រងដោយក្រសួងការពារជាតិវៀតណាម។ ប្ដីអ្នកស្រី ហ៊ុន ម៉ាណា គឺលោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី ក៏មានហ៊ុនក្នុងក្រុមហ៊ុនចំនួន ៤ ដែរ។
ចំណែកកូនស្រីម្នាក់ទៀតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាលី មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន៦ ខណៈដែលប្ដីរបស់អ្នកស្រី គឺលោក សុខ ពុទ្ធិវុធ ដែលជាកូនប្រុសរបស់លោក សុខ អាន មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៧ ផ្សេងទៀត។ រីឯកូនប្រុសច្បងរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដែលភរិយាលោក គឺអ្នកស្រី ពេជ្រ ច័ន្ទមុនី មានហ៊ុនក្នុងក្រុមហ៊ុនចំនួន ៨ ក្នុងពេលដែលអ្នកស្រី យឹម ឆៃលីន កូនស្រីរបស់លោក យឹម ឆៃលី និងត្រូវជាប្រពន្ធរបស់លោក ហ៊ុន ម៉ានី មានហ៊ុនក្នុងក្រុមហ៊ុនចំនួន៦។
កូនប្រុសកណ្ដាលរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន១ គឺក្រុមហ៊ុនអគ្គីសនីឯកជនកម្ពុជា ខណៈដែលប្រពន្ធរបស់លោក គឺអ្នកស្រី ឌី ចាន់ដាវី ប្អូនស្រីរបស់លោក ឌី វិជ្ជា មានហ៊ុនក្នុងក្រុមហ៊ុនចំនួន ១ ដូចគ្នា គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឌី អែន អឹម នៅក្រុងបាវិត (D & M (Baviet) SEZ com)។ ក្នុងពេលជាមួយគ្នា ម្តាយរបស់អ្នកស្រី ឌី ចាន់ដាវី អ្នកស្រី ម៉ែន ភក្តី ដែលជាប្រពន្ធរបស់លោក ហុក ឡង់ឌី ក៏មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៤ ផងដែរ។
![]() |
| លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ចូលរួមពិធីប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev RFA/Brach Chev |
ចំណែកបងប្អូនប្រុសស្រី និងបងប្អូនជីដូនមួយរបស់លោក ហ៊ុន សែន ដូចជាលោក ហ៊ុន សាន អ្នកស្រី ហ៊ុន សេងនី ឬអ្នកស្រី ឌី ជូច ជាដើម សុទ្ធតែមានហ៊ុននៅក្នុងក្រុមហ៊ុនជិត២០ នៅពេលកូនៗ និងប្រពន្ធរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោក ហ៊ុន សែន មានហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៣៨ ផ្សេងទៀត។ កូនប្រុសស្រីរបស់លោក ហ៊ុន ណេង ទាំងនោះមានដូចជា លោក ហ៊ុន តូ លោក ហ៊ុន សៀងហេង អ្នកស្រី ហ៊ុន គឹមឡេង ដែលជាប្រពន្ធលោក នេត សាវឿន អ្នកស្រី ហ៊ុន ចន្ធូ និងអ្នកស្រី ហ៊ុន ចន្ថា ដែលជាអតីតភរិយារបស់លោក ឌី វិជ្ជា។
ក្រៅពីនោះ បើទោះជាលោក ហ៊ុន សែន មិនឲ្យមានសមាជិកត្រកូល "ហ៊ុន" ធ្វើការក្នុងក្រសួងពាក់ព័ន្ធនឹងលុយកាក់ក្តី ប៉ុន្តែលោក ហ៊ុន សែន មិនរួញរាក្នុងការអនុញ្ញាតឲ្យភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ធ្វើជាប្រធានកាកបាទក្រហមកម្ពុជា ដែលក្តោបក្តាប់លុយជំនួយរាប់លានដុល្លារ ដែលស្ថាប័ននេះប្រមូលបានជារៀងរាល់ឆ្នាំនោះ។ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ភរិយាលោក ហ៊ុន សែន ជារឿយៗត្រូវបានរិះគន់ថា បានយកជំនួយទៅបម្រើនយោបាយបក្សកាន់អំណាច។
ក្នុងពេលជាមួយគ្នា បើទោះជាកូនៗលោក ហ៊ុន សែន គ្មានមុខតំណែងក្នុងក្រសួងលុយក្តី ប៉ុន្តែមិនមែនមានន័យថា កូនៗលោកមិនមានតំណែងធំៗនៅកន្លែងផ្សេងឡើយ។ កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គឺជាឧត្តមសេនីយ៍ផ្កាយ៣ ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក ជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការរងកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កូនប្រុសច្បងទី២ គឺលោក ហ៊ុន ម៉ានិត ក៏ជាឧត្តមសេនីយ៍ផ្កាយ៣ ដែលមានតួនាទីជាប្រធាននាយកដ្ឋានចារកម្មនៃក្រសួងការពារជាតិ។ ចំណែកលោក ហ៊ុន ម៉ានី គឺជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ។ នេះគេនៅមិនទាន់រាប់ទៅដល់កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ប្ដីអ្នកស្រី ហ៊ុន ម៉ាណា ដែលមានមុខងារជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ និងលោក នេត សាវឿន ក្មួយប្រសាប្រុសលោក ហ៊ុន សែន ដែលជាអគ្គស្នងការនគរបាលជាតិនោះផង៕
RFA
ដោយ យាង សុជាមេត្តា


No comments:
Post a Comment