![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី) |
នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងដោយចំអកទៅលើអ្នករិះគន់ថា អាមេរិកជាអ្នកជំពាក់បំណុលច្រើនជាងនៅលើពិភពលោក ពោលមិនមែនកម្ពុជានោះទេ។
ដោយវាយបកទៅសាកលវិទ្យាធិការម្នាក់នៅប្រទេសអង់គ្លេសដែលបារម្ភថា សង្រ្គាមនឹងកើតឡើងរវាងអាមេរិកនិងចិននោះ លោក ហ៊ុន សែន ថ្លែងថា សង្រ្គាមនឹងមិនកើតឡើងបានទេ។ លោកអះអាងដូចនេះ ដោយថាប្រទេសមហាអំណាចទាំងនោះ នឹងសម្របសម្រួលគ្នាក្នុងន័យផលប្រយោជន៍សេដ្ឋកិច្ច ព្រោះប្រទេសនីមួយៗកំពុងជាប់បំណុលគេច្រើន។ លោកមានប្រសាសន៍ថា៖ «នៅលើពិភពលោកអាមេរិកជំពាក់បំណុលច្រើនជាងគេបង្អស់។ មិនមែនខ្មែរជំពាក់បំណុលគេច្រើនជាងគេទេ»។
លោកបន្តថាអាមេរិកម្នាក់ជំពាក់បំណុលគេ៦ម៉ឺនដុល្លារ ប៉ុន្តែលោកថាពលរដ្ឋខ្មែរ ទើបតែជំពាក់បំណុលគេត្រឹមរាប់រយដុល្លារប៉ុណ្ណោះ។ លោកថា៖ «ម៉េចមិនទៅថាអាមេរិកផង! ក្នុងចំណោមបំណុលដែលអាមេរិកជំពាក់គេច្រើនបំផុត គឺជំពាក់ចិន»។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសកម្ពុជាជំពាក់បំណុលបរទេសជិត១០ពាន់លានដុល្លា គិតត្រឹមឆ្នាំ២០១៥កន្លងមក ពោលគឺកើនឡើងជិត៤០០ភាគរយចាប់តាំងពីឆ្នាំ២០០០។ បំណុលនេះបើធៀបនឹងចំនួនប្រជាជនកម្ពុជា១៥លាននាក់ មានន័យថាពលរដ្ឋកម្ពុជាម្នាក់ត្រូវជំពាក់បំណុលគេជាង៦០០ដុល្លារដោយមិនដឹងខ្លួន។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថាក្នុងទំហំទឹកប្រាក់ជិតមួយម៉ឹនលានដុល្លាអាមេរិកនោះ រដ្ឋជំពាក់បរទេសត្រឹមប្រមាណ៥៦០០លានដុល្លាអាមេរិកប៉ុណ្ណោះ។ ចំណែកទឹកប្រាក់ជិត៤ពាន់លានដុល្លារទៀតនោះជាប្រាក់បំណុលឯកជនក្រៅប្រទេស។
តាមរយៈការបកស្រាយនេះ បើធៀបបំណុលទៅនឹងចំនួនប្រជាជនកម្ពុជា១៥លាននាក់ មានន័យថាពលរដ្ឋកម្ពុជាម្នាក់ត្រូវជំពាក់បំណុលគេជាង៣០០ដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់មួយឆ្នាំគិតជាមធ្យមមានចំនួនប្រមាណជាងមួយពាន់ដុល្លារ៕
VOD
ដោយ លោក អុឹង ប៊ុនថន

No comments:
Post a Comment