ជាតិ

ផលិតផល​កសិកម្ម​​អាច​​​​ដឹក​ឆ្លង​កាត់​​ថៃ នៅ​​ពាក់​កណ្ដាល​២០១៧

កសិករ​កម្ពុជា​ ដឹក​​ផល​ស្រូវ​​របស់​ខ្លួន​ដើម្បី​លក់​ឲ្យ​ឈ្មួញ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ នា​ពេល​កន្លង​មក។ ជរ សុគន្ធា

ភ្នំពេញ៖(ខ្មែរថាមស៍)​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃក្នុង​ការ​ប្រើប្រាស់​កំពង់ផែឡាំចាបាំង(Laem Chabang) របស់​ថៃដើម្បី​ដឹកជញ្ជូន​ផលិតផល​កសិផល​របស់​កម្ពុជា ឆ្លង​កាត់​ប្រទេស​ថៃ​ ទៅ​កាន់​ប្រទេស​ទី​៣ទំនង​ជា​នឹង​លេច​រូប​រាង​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះបន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​លិខិត​ពាក់ព័ន្ធ​​កិច្ច​ព្រមព្រៀង​នេះ​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​មុន។នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។​

​លោកស្រី ស៊ឹង សុផារី អ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ឲ្យ​ដឹង​ថាអនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា ​និង​ថៃ និង​ឯកសារ​ទាក់ទង​ផ្សេងៗ​ទៀត​គឺ​កំពុង​តែ​ដំណើរការរវាង​ប្រទេស​ទាំង​ពីរដូច្នេះ​ក្រសួង​នឹង​ចេញ​លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ​មួយ​នៅ​ពេល​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ។ លោកស្រី​និយាយ​ថា រដ្ឋាភិបាល​ ពិត​ជា​យល់​ពី​ទុក​លំបាក​របស់​វិស័យ​ឯកជន​ដែល​កំពុង​ប្រឈម​លើ​ការ​ដឹកជញ្ជូន ប៉ុន្តែ​រដ្ឋាភិបាល​ កំពុង​ធ្វើ​កិច្ចការ​នេះ ដោយ​លោកស្រី​ឲ្យ​រង់ចាំ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៧​ នេះ។

​លោកស្រី​សុផារីថ្លែង​បញ្ជាក់​ថា៖«ក្រសួង​នឹង​ចេញ​លិខិត​ផ្លូវការ​ជូន​សាធារណជន​នៅ​ពេល​ដែល​ប្រទេស​ទាំង​២​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​កម្ពុជា ​និង​ថៃ​ ក្នុង​ការ​ប្រើប្រាស់​កំពង់ផែ​ថៃ ឡាំចាបាំង​ នេះ ឥឡូវ​យើង​កំពុង​ធ្វើការ​ផ្សេងៗ ពីព្រោះ​ការងារ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មិន​មែន​ជា​អាទិភាព​ចម្បង​ទេ យើង​នឹង​ជូន​ដំណឹង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ»។​

​លោកស្រី​ថា៖ «យើង​មិន​អាច​និយាយ​អ្វី​បាន​ទេ​នា​ពេល​នេះ​ពី​កិច្ច​ព្រមព្រៀង​នេះ យើង​ដឹង​ពី​ផល​លំបាក​របស់​វិស័យ​ឯកជន​ដែល​បាន​ជួប​ប្រទះ ប៉ុន្តែ​យើង​មិន​អាច​និយាយ​បាន​ទេ​ឥឡូវ ពីព្រោះ​វា​កំពុង​ដំណើរការ យើង​នឹង​ដឹង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ»។ លោកស្រី​បាន​ឲ្យ​ដឹង​ថា នាំចេញ​ផលិតផល​កសិផល​កម្ពុជា ​ទៅ​ប្រទេស​​ថៃ ​នៅ​មាន​សភាព​ធម្មតា។

​នា​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ក្នុង​ការ​នាំចេញ​ផលិតផល​កសិផល​កម្ពុជា​ ឆ្លង​កាត់​តាម​កំពង់ផែ​ថៃ ​នោះ​ទេ ខណៈ​ផលិតផល​កសិផល​កម្ពុជា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹក​ឆ្លង​កាត់ ​ឬ​ចូល​តាម​កំពង់ផែ​ថៃ។

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ត កាល​ពី​ខែ​មិថុនា ​ឆ្នាំ​មុន​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ ​នៅ​ពេល​លោក​ចូលរួម​ប្រជុំ CLMVT​ នៅ​ថៃ ​ថា កម្ពុជា ​និង​ថៃ​ គួរ​តែ​មាន​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ទំនិញ​កសិផល​ពី​កម្ពុជា​ ឆ្លង​កាត់​ប្រទេស​ថៃ ​ទៅ​កាន់​ប្រទេស​ទី​៣ ដោយ​ប្រើប្រាស់​កំពង់ផែ ឡាំចាបាំង ​របស់​ថៃ។

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ កម្ពុជា​ មិន​យក​ផលិតផល​កសិកម្ម​ទៅ​លក់​នៅ​ប្រទេស​ថៃ ​ទេ គឺ​គ្រាន់​តែ​ដឹក​ទំនិញ​ទាំង​នោះ​ឆ្លង​កាត់​ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ទី​៣ ​តែ​ប៉ុណ្ណោះ។ លោក​ថា ផលិតផល​កសិកម្ម​កម្ពុជា​ ភាគ​ច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​ថៃ ដូច​ជា នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ។

​លោក​ សូរស័ក្ត ​ថា៖ «ឥឡូវ​យើង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ក្រុមហ៊ុន​ថៃ​ ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​កសិផល​ពី​កម្ពុជា ​ទៅ​ប្រទេស​ទី៣ ដូច្នេះ​យើង​ចង់​នាំចេញ​ផលិតផល​របស់​យើង​ទៅ​ប្រទេស​ទី​៣ ​ដោយ​ក្រុមហ៊ុន​កម្ពុជា​ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​កំពង់ផែ ឡាំចាបាំង របស់​ថៃ ​តែ​ប៉ុណ្ណោះ»។

​លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​ និយាយ​ថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ខេត្ត​ភាគ​ខាង​លិច ​និង​ខាង​ជើង​ប្រទេស​កម្ពុជា រួម​មាន​បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ដែល​ជាប់​ព្រំដែន​នឹង​ប្រទេស​ថៃ បើ​សិន​ជា ប្រទេស​ថៃ​ ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​ ឆ្លង​កាត់​កំពង់ផែ​ឡាំចាបាំង។

​លោក ​កល្យាណ ពន្យល់​ថា៖ «វា​គឺ​ល្អ ប៉ុន្តែ​ថា ​តើ​ភាគី​ថៃ ​នឹង​បើក​ឲ្យ​កម្ពុជា​ ឬ​យ៉ាង​ណា វា​គឺ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​នីមួយៗ បើ​សិន​ជា​យើង​អាច​ភ្ជាប់​បាន​វា​ល្អ​មែន​ទែន យើង​អាច​នាំចេញ​ផលិតផល​កសិកម្ម​ចេញ​ដោយ​ចំណាយ​ទាប»។

​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន​អេមរុ រាយស៍​កម្ពុជា បាន​ប្រាប់​ខ្មែរ​ថាមស៍ នា​ពេល​កន្លង​ទៅ​ថា​ បើ​សិន​ជា​ប្រទេស​ថៃ​ យល់​ព្រម​អនុញ្ញាត​ឲ្យ​កសិផល​កម្ពុជា ​ឆ្លង​កាត់​កំពង់ផែ​ថៃ ការ​នាំចេញ​កសិផល​កម្ពុជា នឹង​កើន​ឡើង។ លោក​ថា ខេត្ត​ភាគ​ខាងជើង​ និង​ខាងលិច​កម្ពុជា ​​ពិត​ជា​ពិបាក​​​ក្នុង​ការ​​ដឹកជញ្ជូន​ទំនិញ​ ឬ​កសិផល​ពី​តំបន់​ផលិត​មក​កាន់​កំពង់ផែ​ព្រះសីហនុ​ ខណៈ​វា​ចំណាយ​លុយ​ច្រើន​ និង​ពេលវេលា។

​លោក​ សារ៉ន ​បន្ថែម​ថា៖ «យើង​មិន​ទាន់​មាន​ផលិតផល​កសិកម្ម​ឆ្លង​កាត់​កំពង់ផែ​ថៃ​ នៅ​ឡើយ​ទេ ពីព្រោះ​គេ​មិន​អនុញ្ញាត ប៉ុន្តែ​បើ​សិន​ជា គេ​យល់​ព្រម យើង​នឹង​ធ្វើ​ការ​នាំចេញ ពីព្រោះ​យើង​មាន​រោងចក្រ​នៅ​ខេត្ត​បាត់ដំបង​ ស្រាប់»។

បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​កម្ពុជា ក្នុង​រយៈពេល​ ១០​ខែ​មាន​ចំនួន​ ៤,៤​ប៊ីលាន​ដុល្លារ​អាមេរិក ខណៈ​កម្ពុជា ​នាំចេញ​ទៅ​កាន់​ថៃ ​កើន​ឡើង​ដល់ ៨៥០​លាន​ដុល្លារ ចំណែក​ថៃ ​នាំ​ចូលមក​កម្ពុជា មាន​ចំនួន ៣.៥៥​ប៊ីលាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល ១០​ខែ​ ឆ្នាំ​២០១៦៕

Khmer Times
សុខ ចាន់់

No comments: