![]() |
អ្នកប្រើប្រាស់ម្នាក់កំពុងប្រតិបត្តិការណ៍កម្មវិធីដឹកជញ្ជូនសាធារណៈលើប្រព័ន្ធអុីនធឺណិត Uber លើទូរស័ព្ទដៃរបស់ខ្លួន។ រូបភាព Uber |
ភ្នំពេញ៖(ខ្មែរថាមស៍)ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកUberដែលជាក្រុមហ៊ុនបង្កើតកម្មវិធីដឹកជញ្ជូនសាធារណៈលើប្រព័ន្ធអុីនធឺណិតនឹងសិក្សាអំពីទីផ្សារដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា មុនពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅទីនេះ។
តំណាងរបស់ក្រុមហ៊ុន Uber សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយលោក Chan Park និងលោក Brian Shroder បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសកម្ពុជា លោក ប៉ាន សូរស័ក្កិ កាលពីថ្ងៃសុក្រ ក្នុងការពិភាក្សាដើម្បីលើកឡើងអំពីផែនការរបស់ក្រុមហ៊ុនសម្រាប់ការបើកដំណើការអាជីវកម្ម។
លោក ប៉ាន សូរស័ក្កិ បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះចំនួននៃអ្នកប្រើប្រាស់អុីនធឺណិត និងទូរស័ព្ទចល័តកំពុងតែមានការកើនឡើងខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាក៏ទទួលបានកំណើនដ៏ខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក្នុងរង្វង់៧ភាគរយ ដែលនេះវានឹងជាព័ត៌មានដ៏សំខាន់សម្រាប់ក្រុមហ៊ុន Uber ក្នុងការចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។
លោក សូរស័ក្កិ បានឲ្យដឹងថា៖ «ច្បាប់ e-commerce នឹងត្រូវចូលជាធរមាននាពេលឆាប់ៗខាងមុខ ហើយនឹងជំរុញការទូទាត់តាមអេឡិចត្រូនិក E-payment កាន់តែងាយស្រួលដែលធ្វើឲ្យអាជីវកម្មរបស់ក្រុមហ៊ុន Uber ដំណើការយ៉ាងរលូននៅទីនេះ»។
លោក ប៉ាន សូរស័ក្កិ បានស្នើសុំឲ្យក្រុមហ៊ុនត្រូវតែចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងសហការជាមួយក្រសួងពាក់ព័ន្ធដែលមានដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងសាលារាជធានីភ្នំពេញដើម្បីទទួលបានព័ត៌មានបន្ថែមទៀតសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅទីនេះ។
យោងតាមលោក Chan និងលោកBrianបានឲ្យដឹងថាក្រុមហ៊ុននេះបានអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចផ្ទេរព័ត៌មានទៅកាន់អ្នកដំណើរ និងបន្តទៅកាន់ភ្នាក់ងាររបស់ក្រុមហ៊ុន Uber ដើម្បីកំណត់គោលដៅ។ បច្ចុប្បន្នក្រុមហ៊ុន Uber កំពុងប្រតិបត្តិការនៅក្នុងទីក្រុងចំនួន ៦៦៥៤៥ទីក្រុង នៅជុំវិញពិភពលោក។
គួររំឭកផងដែរថា បច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុន Itsumo ដែលបានប្រតិបត្តិអាជីវកម្មដូចនឹងកម្មវិធីរបស់ក្រុមហ៊ុន Uber រួចទៅហើយ។ ហើយក្រុមហ៊ុន Itsumo Taxi នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់ប្រទេសជប៉ុន Jigi និងអ្នកក្នុងស្រុក។
លោក រិន ដារិទ្ធ អ្នកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន Itsumo Taxi ឲ្យដឹងថា អតិថិជនតាមរយៈកម្មវិធីដែលអាចប្រើបានជាមួយប្រព័ន្ធប្រតិបត្តិការ Android និង iOS នេះអាចស្វែងរកឡានតាក់ស៊ីដែលនៅជិតបំផុត ងាយស្រួលដោយមិនចាំបាច់មានការលំបាកក្នុងការពន្យល់អំពីកន្លែងដែលពួកគេត្រូវទៅ។
លោក ដារិទ្ធ បានថ្លែងថា៖ «យើងចង់កាត់បន្ថយការលំបាកក្នុងការទំនាក់ទំនងគ្នារវាងអ្នកដំណើរ និងអ្នកបើកបរ ហើយយើងចង់ធ្វើឲ្យតម្លៃតាក់ស៊ីមានភាពត្រឹមត្រូវដោយមានតម្លៃទាបជាងតាក់ស៊ីម៉ែត្រពីអ្នកដំណើរ។
យោងតាមលោក ដារិទ្ធ បានបន្តឲ្យដឹងថា សេវាកម្មទំនាក់ទំនងនេះបានដំណើរការអស់រយៈពេលជិតមួយខែដោយមានអ្នកបើកបរចំនួនជាង ៤០ភាគរយបានចុះឈ្មោះ ហើយប្រហែល ២០០កម្មវិធីត្រូវបានទាញយកមកប្រើប្រាស់នៅលើស្មាតហ្វូន។
លោកបានបន្ថែមទៀតថា អ្នកដំណើរភាគច្រើន គឺជាអតិថិជនក្នុងស្រុកខណៈដែលជនបរទេសដែលជាជនជាតិជប៉ុនភាគច្រើនប្រើប្រាស់សេវានេះដើម្បីទៅកាន់ ផ្សារទំនើប អុីអន ផ្សារទួលទំពូង និងទិសដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ដារិទ្ធ បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងពិចារណាក្នុងការពង្រីកសេវាកម្មរបស់ខ្លួនទៅខេត្តសៀមរាប និងខេត្តបាត់ដំបង នាពេលអនាគត។
តម្លៃលើសេវាកម្មនេះនឹងត្រូវបានគណនាដោយផ្អែកលើចម្ងាយដែលអ្នកដំណើរទៅនិងតម្លៃបន្ថែមលើពេលវេលាដែលឡានតាក់ស៊ីចំណាយពេលគិតចាប់ពីកន្លែងចាប់ផ្ដើមដល់គោលដៅដែលត្រូវចុះ។ តម្លៃសំបុត្រនេះត្រូវបានកំណត់ឲ្យបង់ចំនួន ៤៥០០រៀល ស្មើរនឹង ១,១ ដុល្លារសហរដ្ឋអាមេរិក និងអត្រាតម្លៃចំនួន ០,៥ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយគីឡូម៉ែត្រ។ បន្ថែមពីនេះទៅទៀត សេវានេះនឹងត្រូវគិតប្រាក់ចំនួន ២០០រៀល ឬ ,០៥ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយនាទីបើការរត់របស់តាក់ស៊ីលើសការគណនាប៉ាន់ប្រមាណ។
គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កាលពីចុងខែកញ្ញា នេះប្រទេសកម្ពុជា មានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៦ក្រុមហ៊ុន ក្រុមហ៊ុនទូរស័ព្ទលើតុចំនួន៩ និងអ្នកផ្តល់សេវាអុីនធឺណិតចំនួន ៣៥ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅទូទាំងប្រទេសមានចំនួន ១៩,៣លាននាក់ អ្នកភ្ជាប់សេវាកម្មប្រើប្រាស់ទូរស័ព្ទលើតុចំនួន ២៣៥០០០ អ្នកប្រើប្រាស់អុីនធឺណិតទូរស័ព្ទចំនួន ៧លាននាក់ និងអតិថិជនដែលប្រើប្រាស់អុីនធឺណិតតាមផ្ទះមានចំនួនជិត ៩០០០០នាក់៕
Khmer Times
ម៉ៃ គុណមករា
No comments:
Post a Comment