ជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ចូលប្រជុំ​សភា ដើម្បី​បញ្ចប់​តំណែងលោក​កឹម សុខា ពី​ប្រធាន​ក្រុម​មតិ​ភាគតិច



ភ្នំពេញ: សម្តេច​​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​ចូលរួម ប្រជុំ​សភាវិសាមញ្ញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ស្អែក​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីស្នើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ចំណែក​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ គេ​នៅ​មិនទាន់​ដឹងថា ចូលរួម​កិច្ចប្រជុំសភា ឬ​មិន​ចូលរួម នោះទេ​។​

ការប្រជុំ​វិសាមញ្ញ​សភា នៅ​ថ្ងៃទី​៣១ ខែមករា ស្អែក​នេះ គឺ​ដើម្បី​បញ្ចប់​តួនាទី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ប្រធាន​ក្រុម​មតិ​ភាគតិច នៅក្នុង​រដ្ឋសភា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​ប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​លើ​សំណើសុំ កោះប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី ស្នើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ពិនិត្យ​លើ​សំណើ សុំ​បញ្ចូល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ រដ្ឋសភា​វិសាមញ្ញ នូវ​សេចក្តីស្នើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជា ផ្ទៃក្នុង​រដ្ឋ សភា តាម​សំណើ​របស់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា​។​

​ជា​លទ្ធផល គណៈកម្មការ​ធិ​ការ​អចិន្ត្រៃយ៍ បានសម្រេច​ដាក់សំណើ របស់​តំណាងរាស្ត្រ គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥២​រូប តាម​ការស្នើ​របស់ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ចូល​សភាពេញអង្គ ជា​វិសាមញ្ញ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​។​

​សេចក្តីប្រកាស​ព័​ត៍​មាន​របស់ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា កាលពី​ថ្ងៃទី​២៦ ខែមករា បាន​ឲ្យ​ដឹងថា អង្គប្រជុំ​បានអនុម័ត​យល់ព្រម លើ​សំណើសុំ​កោះប្រជុំ​សភា ជា​វិសាមញ្ញ​ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តី ស្នើ​វិសោធនកម្ម ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​អង្គប្រជុំ បានអនុម័ត​យល់ព្រម លើ​សំណើសុំ​បញ្ចូល ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​រដ្ឋសភា ជា​វិសាមញ្ញ​នូវ សេចក្តីស្នើ​វិសោធនកម្ម ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា និង​បានអនុម័ត​យល់ព្រម លើ​សមាសភាព​លេខាធិការ ៣ រូប សម្រាប់​សម័យប្រជុំ រដ្ឋសភា​វិសាមញ្ញ នីតិកាល​ទី​៥ មានៈ ១.​លោក ហ៊ុន ម៉ា​នី ២.​លោក ស សុខា និង​៣.​លោក​ជា ប៉ូច​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បានអនុម័ត​យក​កាលបរិច្ឆេទ សម្រាប់​សម័យប្រជុំ រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៨ ព្រឹក ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្តីស្នើ​វិសោធនកម្ម ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

​លោក​ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​រក្សាទុក​ប្រការ ៤៨​ថ្មី (​បី​) ពីព្រោះ​វា​មាន​ខ្លឹមសារ​ល្អ និង​មាន​អត្ថន័យ​ថា និង​ជា​យន្តការ​មួយ សម្រាប់​គណបក្ស ដែលមាន​អាសនៈ នៅក្នុង​រដ្ឋសភា អាច​ជជែក​គ្នា​បាន ដោយ​ស្របច្បាប់ និង​អាច​សន្ទនា​គ្នា​បាន ទៅលើ​ផលប្រយោជន៍ របស់​ជាតិ ក៏ដូចជា​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​មានការ​សោកស្តាយ ខ្ញុំ​អត់​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម ឬក៏​លុបមាត្រា ៤៨ ហ្នឹង​ចោល​ទេ ហើយ​ចម្លើយ​ថា យើង​ត្រូវ​ចូលប្រជុំ ឬក៏​អត់ វា​ជាការ​លំបាក ក្នុង​ការមកប្រជុំ យើង​ចង់ទុក ហើយ​ទៅនឹង​ទៅ​លុប ដូច្នេះ​អា​នឹង វា​គ្រាន់​តែមាន​ការលំបាក យើង​ពិចារណា ក្នុង​ការមកប្រជុំ​នឹង យើង​លំបាក ក្នុងការ​មក​ចូលរួម​ប្រជុំ​”​។

​ចំណែក​លោក ឈាង វុន មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា គណៈកម្មការ​ទី​៦ យល់ថា ការស្នើ​របស់ សមាជិកសភា ចំនួន​៥២​រូប ស្នើ​ធ្វើ​វិសោធនកម្ម ជំពូក​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) គឺមាន​ហេតុ​មាន​ផល​។ ហើយ​យន្តការ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឡើង​ឲ្យ​មានដំណើរ​ការ​នេះ ដោយ​គណៈកម្មការ​ទី​៦ យល់ថា អនុវត្ត​ទៅ វា​អត់​កើត ដោយសារ​មានការ​បំពាន​អំណាច ដោយសារ​ការអនុវត្ត មិន​ស្មោះត្រង់ ។​ល​។ និង ។​ល​។ តាម​សំណើ​របស់​តំណាងរាស្ត្រ គាត់​ស្នើ គាត់​ថា គាត់​យល់ព្រម​ហើយ​។​

​ទាក់ទង​ការធ្វើ​វិសោធនកម្ម ប្រការ​៤៨​ថ្មី (​បី​) ត្រូវបាន​លោក​ឈាង វុន ពន្យល់ថា កែ​ទៅជា ៤៨​ថ្មី (​បួន​) ដោយ​យក​ខ្លឹមសារ​ទាំងស្រុង របស់​ប្រការ ៤៨ ថ្មី (២) ដោយ​ខ្លឹមសារ​ប្រការ ៤៨ ថ្មី (២) វាក្យខណ្ឌ​ចុងក្រោយ របស់​ប្រការ ៤៨ ថ្មី (​បី​)​។​

​សូមជម្រាបថា អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានទទួល​លិខិតស្នើ របស់​ក្រុមតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ជាង​៥០​រូប កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ ដោយ​លិខិត​ស្នើសុំ​នោះ បាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។​

​នៅក្នុង​លិខិត​ស្នើសុំ របស់​ក្រុមតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ស្នើសុំ សម្តេច​ប្រធានរដ្ឋសភា ធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង រដ្ឋសភា ប្រការ​៤៨​ថ្មី (​បី​) និង​ស្នើសុំ​កោះប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត ការសុំ​ធ្វើ​វិសោធនកម្ម​។​

​មាត្រា​៨២ ថ្មី ជំពូក​៦ នៃ​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា បានចែង​យ៉ាង​ថា “​បទបញ្ជាផ្ទៃក្នុង​នេះ នឹង​កែប្រែបាន លុះត្រា​តែមាន​សេចក្តីស្នើសុំ​ពី តំណាងរាស្ត្រ មួយ​ភាគ ៤ យ៉ាងតិច នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល ហើយ​ត្រូវ​បានអនុម័ត យល់ព្រម​ដោយ សំឡេង​ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​”​។​

​ទោះបីជា​មិនមាន ការគាំទ្រ​ដោយ​តំណាងរាស្ត្រ គណបក្សប្រឆាំង ទាំង​៥៥​រូប ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន ៦៨ សំឡេង នៅក្នុង​រដ្ឋសភា អាច​កែប្រែ​ច្បាប់ ស្តីពី​បទបញ្ជាផ្ទៃក្នុង ដោយ​ងាយ ដោយសារតែ​សំឡេង ភាគច្រើន​ដាច់ខាត ឬ ៥០​បូក​មួយ ត្រូវការ​សំឡេង​តំណាងរាស្ត្រ ត្រឹមតែ ៦២ រូប​ប៉ុណ្ណោះ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​នៅក្នុង​សភា រហូតដល់ ៦៨​រូប​។​

​សូម​រម្លឹកថា លោក​កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​លិខិត​ទៅ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ស្នើសុំ​ផ្លាស់ប្តូរ សមាសភាព តំណែង​ប្រធាន​ក្រុម តំណាងរាស្ត្រ​សម្លេង​ភាគតិច នៅក្នុង​រដ្ឋសភា ដែលមាន​លោក​សម រង្ស៊ី ជា​ប្រធាន​។ ដោយ​ការស្នើ​នេះ គឺ​លោក​កឹម សុខា ដាក់​រូបគាត់ ធ្វើជា​ប្រធាន​ក្រុមតំណាងរាស្ត្រ សម្លេង​ភាគតិច នៅក្នុង​រដ្ឋសភា ជំនួស​លោក សម រង្ស៊ី វិញ​៕

CEN
ដោយ: មុនីរាជ

No comments: