
កែប: នៅឆ្នេរសមុទ្រខេត្តកែប ចាប់ពីថ្ងៃសុក្រទី ២៧ ដល់ថ្ងៃអាទិត្យទី២៩ ដែលជាថ្ងៃចូលឆ្នាំចិន គេបានឃើញមាន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសំរុកទៅទស្សនា កម្សាន្តជាច្រើន គួរឲ្យកត់សំគាល់ និងបង្កអោយមាន ការកកស្ទះចរាចរណ៍ ដោយអន្លើរផងដែរ។
ទន្ទឹមនឹងនេះ ការបំរើសេវា និងការលក់ម្ហូបអាហារ នៅតំបន់ទេសចរណ៍មួយនេះ បានទទួលរងការរិះគន់ យ៉ាងខ្លាំងផងដែរ ពីសំណាក់ភ្ញៀវទេសចរណ៍ ដែលអាជ្ញាធរពាក់ព័ន្ធ គួរតែមានវិធានការក្តៅ មិនអាចបណ្តែតបណ្តោយ នោះទេ។
ប្រជាពលរដ្ឋខ្មែរយើង ដែលបានមកកំសាន្ត នៅឆ្នេរសមុទ្រខេត្តកែប បាននិយាយថា ចាប់ពីថ្ងៃសុក្រទី២៧ ដល់ថ្ងៃអាទិត្យទី២៩ ដែលជាថ្ងៃចូលឆ្នាំចិន នៅតំបន់ទេសចរណ៍មួយនេះ តម្លៃជួលតូប មានដំបូល ក្រាលកន្ទេលកើនឡើង រហូតដល់ ១សែនរៀល ទៅ ៨ ម៉ឺនរៀល។ ចំណែកកន្លែងមានកន្ទេល អង្គុយរាបស្មើ មានតម្លៃ ៤ទៅ៦ម៉ឺន សូម្បីតែតាមទីសាធារណ: មួយចំនួន ដែលពលរដ្ឋ ធ្លាប់តែលំហែកាយលេង ក៏មានអ្នកបង្ខំ ឲ្យបង់លុយ ២ ម៉ឺន សំរាប់ការអង្គុយលេង នៅទីនោះដែរ ។ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្ត ជាងនេះថែមទៀតនោះ គឺតម្លៃនៃការចូលបង្គន់ម្តងៗ តម្លៃមួយពាន់រៀល មិនថា បត់ជើងតូច ឬធំ និងងូតទឹកសាប សំអាតខ្លួនម្តងតម្លៃ ២.០០០ រៀល ដោយមិនថា ក្មេងតូច ឬមនុស្សធំឡើយ។
អ្វីដែលកាន់តែអាក្រក់ថែមទៀត គឺអ្នកដែលចាំយកលុយ ពីសេវានេះ ធ្វើឬកពារដូចស្តេច និងប្រើប្រាស់សំដី មិនគួរគប្បីថែមទៀត ដែលធ្វើអោយភ្ញៀវ ចេញចូលបាត់ការសប្បាយតែម្តង។
ពួកគាត់និយាយស្ទើរគ្រប់គ្នាថា «កន្លែងជួលអង្គុយ និងម្ហូមអាហារវាឡើងថ្លៃខ្ពស់ ទៅហើយ តែការចូលបង្គន់ ក៏ឡើងតំលៃខ្ពស់ ទៅតាមគ្នាដែរ ហើយបានថែមទាំង អ្នកអង្គុយចាំយកលុយ ប្រើសំដីមិនសមរម្យ ថែមទៀត»។
ទោះបីជាយ៉ាងណាក្តី បើតាមការអោយដឹង មន្ត្រីរបស់រដ្ឋបាលខេត្តកែប មួយរូបបានបញ្ជាក់ថា មុនពេលមានបុណ្យទានម្តងៗ អាជ្ញាធរពាក់ព័ន្ធ តែងមានកិច្ចប្រជុំច្បាស់លាស់ អំពីតម្លៃ និងសេវាកម្ម ដើម្បីទទួលភ្ញៀវ កុំមានការតំឡើងថ្លៃ ស្រេចតែចិត្ត។ ប៉ុន្តែសកម្មភាពនេះ នៅតែកើតមានបង្ក អោយមានការថ្នាំងថ្នាក់ ពីភ្ញៀវទេសចរណ៍ដដែរ ។
ជុំវិញការតំឡើងសេវាកម្ម នៅតំបន់ទេសចរណ៍ ខាងលើនេះ ស្រេចតែចិត្តនោះ បណ្តាលសង្គមហ្វេសបុក ក៏បានបើកការវាយប្រហារ និងរិះយ៉ាងខ្លាំងផងដែរ ដើម្បីអោយអាជ្ញាធរពាក់ព័ន្ធ ត្រូវតែមានវិធានការ ជាក់លាក់មួយ មិនអាចបណ្តែតបណ្តោយ ទៀតនោះទេ។
ចំពោះករណីតម្លៃតូប និងម្ហូបឡើងថ្លៃហួស ប្រមាណនេះ អាជីវករ បានលើកឡើងថា បើសិនអ្នក លក់មិនយកតម្លៃ ដូចនេះទេ គ្មានលុយបង់ឲ្យថ្លៃ ម្ចាស់ភាស៊ីអោយគេឡើយ។ ពួកគាត់ បានបញ្ជាក់ថា បើកន្លែងអង្គុយ ក្រាលកន្ទេលតាមមាត់ឆ្នេរ យកតម្លៃ ៤ ម៉ឺនរៀល គឺអ្នកលក់សល់តែ ៥០% ប៉ុណ្ណោះ។ ចំណែក ៥០% ទៀត ត្រូវបង់អោយគេ ហើយ ពួកគាត់ត្រូវបង់ពន្ធ មួយចំនួនធំ ចូលរដ្ឋផងដែរ៕

CEN
ដោយ: ដាវុធ
No comments:
Post a Comment