
ក្រុមឧទ្ទាមតាលីបង់ បានអំពាវនាវឲ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកទាំងអស់ចេញពីទឹកដីភក់ជ្រាំអាហ្វហ្គានីស្ថាន។ ក្រុមជ្រុលនិយមមួយនេះ ដែលត្រូវបានទ័ពអាមេរិកទម្លាក់ចេញពីអំណាចក្នុងឆ្នាំ២០០១ បានហៅអន្តរាគមន៍យោធារបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ជារឿងឥតប្រយោជន៍ និងមិនបានសម្រេចលទ្ធផលអ្វីទាំងអស់ ក្រៅតែពីការបង្ហូរឈាមប្រជាជន និងវិនាសកម្មពេញប្រទេសនោះ។
ក្រុមជ្រុលនិយមតាលីបង់ បានសរសេរលិខិតមួយផ្ញើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ របស់អាមេរិក ដែលទើបចូលកាន់តំណែងបានជិតមួយសប្ដាហ៍មកហើយ។ ក្នុងលិខិតនោះ ក្រុមតាលីបង់ បានស្នើឲ្យប្រធានាធិបតីអាមេរិក ដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដ្បិតអាមេរិកបាត់បង់មុខមាត់អស់ហើយ ក្រោយមិនទទួលបានអ្វីសោះក្នុងសង្គ្រាមលើកនេះ បើទោះជាបានចំណាយលុយរាប់ពាន់លានដុល្លារទៅហើយក្ដី។
ក្រុមតាលីបង់ ក៏បានប្រាប់ឲ្យប្រធានាធិបតីថ្មីរបស់អាមេរិក ឆាប់បញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានផងដែរ។ អន្តរាគមន៍យោធារបស់ក្រុងវ៉ាស៊ិនតោន គឺជាប្រតិបត្តិការយោធាយូរជាងគេរបស់អាមេរិកបន្ទាប់ពីសង្គ្រាមវៀតណាម។ ប្រតិបត្តិការយោធាដែលចាប់ផ្ដើមក្នុងឆ្នាំ២០០១ ក៏បានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅច្រើនជាង១០០ពាន់លានដុល្លារ និងបានសម្លាប់មនុស្សជាច្រើនម៉ឺននាក់មកហើយ។
សារព័ត៌មាន Al Jazeera ផ្សាយថា តាមរយៈលិខិតផ្ញើទៅកាន់លោក ត្រាំ ក្រុមតាលីបង់ ក៏បាននិយាយការពារសកម្មភាពប្រឆាំងទាហានបរទេស និងរដ្ឋាភិបាលក្រុងកាប៊ុលទៀតផង។ ក្រុមនេះ និយាយថា ការតស៊ូប្រឆាំង និងសកម្មភាពជីហាដរបស់ខ្លួន ជារឿងស្របច្បាប់ គឺស្របច្បាប់សាសនា ច្បាប់ប្រទេស និងធ្វើឡើងដោយបញ្ញវន្ត ព្រមទាំងអនុលោមតាមស្តង់ដាច្បាប់ទាំងអស់។ ម្យ៉ាងទៀត ប្រជាជនអាហ្វហ្គានីស្ថានផ្ទាល់ ក៏ចង់ឲ្យសង្គ្រាមមួយនេះឆាប់ចប់ដែរ។
ក្រុមជ្រុលនិយមតាលីបង់ បានបង្កើនសកម្មភាពប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកបញ្ចប់បេសកកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៤ និងបន្សល់ទុកទាហានសម្រាប់តែធ្វើជំនួយការឲ្យកងទ័ពរដ្ឋាភិបាលក្រុងកាប៊ុល។ យ៉ាងណាក្ដី កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបោសសម្អាតក្រុមតាលីបង់ឡើយ និងគ្រប់គ្រងទឹកដីបានតែ២ភាគ៣ប៉ុណ្ណោះ។
ដោយឡែកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនមានគោលនយោបាយច្បាស់លាស់លើបញ្ហាអាហ្វហ្គានីស្ថានឡើយ ហើយលោកក៏មិនសូវនិយាយអ្វីច្រើនទាក់ទងនឹងបញ្ហាមួយនេះដែរ ដ្បិតគោលនយោបាយសំខាន់របស់លោក គឺគិតតែផលប្រយោជន៍អាមេរិកមួយគត់។ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះ គឺលោកមានជំហរប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក។ សព្វថ្ងៃ ទាហានអាមេរិកនៅអាហ្វហ្គានីស្ថានមាន៨៤០០នាក់ ដើម្បីបំពេញការងារប្រឆាំងភេរវកម្ម និងផ្ដល់ការហ្វឹកហាត់ផ្សេងៗ៕
ថ្មីៗ
អត្ថបទ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment