ជាតិ

គណៈប្រតិភូ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ប្រឡាយ​នៅ ខេត្ត​ចំនួន​ពី​រ ស្វាយរៀង​ និង​ព្រៃវែង ជា​ជំនួយ​របស់​ជប៉ុន​



ស្វាយរៀង​៖​ គណៈប្រតិភូ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួម​នឹង មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​មន្ទីរ​ធនធានទឹក បាន អញ្ជើញ ចុះ​ពិនិត្យ​ប្រឡាយ​ទំនប់​នៅ​ខេត្តព្រៃវែង​និង​ខេត្តស្វាយរៀង ដែលជាជំនួយឥតសំណង​ពី​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន។

យោងតាម ផេ​ក​ផ្លូវការ​របស់ ក្រសួង​ធនធាន​ទឹក ដែល​កាសែត​កម្ពុជា​ទើប​នឹង​បានទទួល នៅ​ថ្ងៃ ២៦​ ខែមករា ​​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ការងារ​នៅក្នុង​ខេត្តព្រៃវែង​រួចមក នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង បាន​បន្ត​ជូន​ដំណើរ​គណៈប្រតិភូ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ប្រឡាយ​ទំនប់​លោក ស្ថិតក្នុង​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។​

គួរ​រំលឹក​ផងដែរ​ថា ប្រឡាយ​ទំនប់​លោក ប្រវែង ១.៤២០ ម៉ែត្រ និង​សំណង់​ស្ទាក់​ទឹក ០១ កន្លែង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ដំណើរការ​សាងសង់ កាលពីដើមឆ្នាំ ២០១៦ ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន។ បន្ទាប់ពី​បានបញ្ចប់​ការដ្ឋាន​ជា​ស្ថាពរ​នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៦ ប្រឡាយ​ទំនប់​លោក បាន និង​កំពុង​ដើរតួនាទី​នាំ​ទឹក​ពី​ព្រែក​នៀល​ទៅ​បម្រើឲ្យ​ការស្រោចស្រង់ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ​ប្រមាណ ៤៣៦ ហិកតា នៅក្នុង​ស្រុក​កំពង់​រោទ៍ ។​

​ដោយឡែក​កាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៧ មន្ត្រី​បច្ចេកទេស​របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បាន​ជូន​ដំណើរ​មន្ត្រី​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ប្រឡាយ​រង​ស្តៅ ស្ថិតក្នុង​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។ ​ប្រឡាយ​រង​ស្តៅ ត្រូវបាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាល​ពី ដើមឆ្នាំ ២០១៦ និង​បានបញ្ចប់​ជា​ស្ថាពរ នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៦ ។​ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ប្រឡាយ​រង​ស្តៅ មាន​ប្រវែង ២.៣០០ ម៉ែត្រ មាន​តួនាទី​ជា​ប្រឡាយ​នាំ​ទឹក​ពីស​ណ្តរ​ទន្លេ​កំពង់ត្របែក និង​អាច​ផ្តល់​ទឹក​សម្រាប់​បម្រើឲ្យការស្រោចស្រព​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ បាន ៣ ដង ក្នុង ១ ឆ្នាំ លើ​ផ្ទៃដី ចំនួន ៣០០ ហិកតា ៕​

កម្ពុជា​ថ្មី​
ឌួង​វិ​រះ​ជ័យ​

No comments: