ជាតិ

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត ​កំពុង​សម្រុកជួសជុល​ផ្លូវជាតិ​លេខ​១​ និង​ផ្លូវ​ក្នុង​ខេត្ត​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ​២០១៦



ខេត្តស្វាយរៀង​ ៖ នាដើម​ឆ្នាំ២០១៧នេះ​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ កំពុង​មមាញឹក​ក្នុងការ​ជួសជុល​ផ្លូវជាតិ​លេខ​១​ផង​ និង​ផ្លូវ​ក្នុង​ខេត្ត​ផង​ ដែល​រង​កា​រខូចខាត​ជា​ច្រើន​ខ្សែ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅនេះ​។​ ក្រៅ​ពីការងារ​ជួសជុល​ផ្លូវ​ខាង​លើ​មាន​ការងា​រជា​ច្រើ​ន​ទៀត​ កំពុង​ខិតខំ​អនុវត្ត​តាមការណែនាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​រួមមាន​សម្អាតដើម​ឈើ ​ដែល​ដុះ​សងខាង​ផ្លូវជាតិ​ និង​ផ្លូវ​ក្នុង​ខេត្ត​ជួសជុល​លាប​បង្គោល​គីឡូ​ម៉ែ្រត ​ព្រមទាំង​ប៉ះ​ចិ​ញ្ជើ​ម​ផ្លូវ​ផងដែរ​។​

លោក សំ សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ និង​ជញ្ជូន​ខេត្ត​បានឲ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែមករា ​ឆ្នាំ​២០១៧​នេះ​ថា ការងារ​ជួសជុល​ក្នុង​សប្តាហ៍​ទី​បី ខែមករា ឆ្នាំ​២០១៧​នេះ​ ខាង​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​សម្រេច​បានរួម​មាន ​១.​បានបញ្ចប់​ការងារ​ជួសជុល​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣១៥​ ដោយ​ក្រាល​កៅស៊ូ​DBST​ប្រវែង​៥.៧០០​ម៉ែត្រ​។​ ២.​បានបញ្ចប់​ការងារ​ជួសជុល​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣១៥ ដោយ​ក្រាលក្រួស​ក្រហម​ប្រវែង​៦.៣០០​ម៉ែត្រ​។​ ៣.​លើ​កំណាត់​ផ្លូវជាតិ​លេខ​១:​ បាន​កាប់​សម្អាត​រុក្ខជាតិ​សងខាង​ផ្លូវ​ជួសជុល​លាប​បង្គោលគីឡូម៉ែត្រ​ប៉ះ​ចិញ្ចើមផ្លូវ កៀរ​ចិញ្ចើមផ្លូវ និង​បាន​ស្រោច​កៅស៊ូ​ស្រទាប់​ទី​១ ត្រង់​កន្លែង​កាត់​ជួសជុល​(​ចន្លោះ​PK១២៥+០០០ ដល់​PK១៤៩+១៦០)​។​

លោក​បាន​បន្តថា ចាប់តាំងពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បានផ្ដល់​ឲ្យ​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ​និង​សម្ភារៈ​មួយ​កំ​ប្លេសម្រាប់​ជួសជុល​ផ្លូវ​សំបុកមាន់​នោះ ក្រោយ​បានទទួល​ហើយកម្មករ​ជំនាញ​ចុះ​ជួសជុល​ជាប្រចាំ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ផង​ តាមផ្លូវ​ក្នុង​ខេត្ត​ដើ​ម្បីឲ្យ​ប្រជាពលរដ្ឋ​ដឹក​កសិផល​មកកាន់​ទីផ្សា​រ​បាន​ងាយស្រួល​ធ្វើដំណើរ​ផង ​ព្រមទាំង​អាច​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​បាន​១កម្រិតផងដែរ​៕



កម្ពុជា​ថ្មី​
​គឹម សេង​

No comments: