ជាតិ

មន្ត្រី​ទូត​កូរ៉េខាងជើង​៖​យុទ្ធសាស្ត្រ​ក្តោប​ក្តាប់​មន្ត្រី​ទូត​លោក គីម ជុង​អ៊ុន គឺ​«​យក​កូន​ប្រពន្ធ​របស់​ពួកគេ​ជា​ចំណាប់ខ្មាំង​»



ការដឹកនាំ​ប្រទេស​បែប​ផ្តាច់ការ​របស់លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​នឹងធ្វើ​ឲ្យ​របប​ដឹកនាំ និង​ប្រព័ន្ធ​នយោបាយ​នៃ​ប្រ​ទស​ឯកោ​មួយ​នេះ ត្រូវ​ប្រឈម​ចលនា​បះបោរ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អតីត​មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង ដែល​រត់គេច​ពី​កណ្តាប់ដៃ​នៃ​ការគ្រប់គ្រង​ដោយ​លោក គីម ជុង​អ៊ុន ហើយ​មក​ចុះចូល​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​វិញ​។

​លោក Thae Yong Ho អតីត​ភារធារី​កូរ៉េខាងជើង​ប្រចាំ​ក្រុង​ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន CNN ថា បើ​លោក គីម ជុង​អ៊ុន នៅ​បន្ត​កាន់អំណាច ពិភពលោក នឹងមិន​មានឱកាស​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិមនុស្ស​កូរ៉េខាងជើង​ល្អប្រសើរ​នោះទេ ជាពិសេស​នោះ កម្មវិធី​នុយក្លេអ៊ែរ ក៏​កាន់តែ​មិនអាច​បញ្ឈប់​បាន​ទៀត​។ សម្រាប់​លោក​ភារធារី មធ្យោបាយ​តែមួយគត់​ដើម្បី​ផ្លាស់ប្តូរ​កូរ៉េខាងជើង គឺ​មានតែ​ការផ្លាស់ប្តូរ​មេដឹកនាំ​។

​លោក Thae បាន​ឲ្យ​ដឹង​ពី​ច​រិ​ក​លក្ខណៈ​របស់លោក គីម ជុង​អ៊ុន យ៉ាង​ដូច្នេះ​ថា​៖« ប្រសិនបើ​លោក គីម ជុង​អ៊ុន សម្រេច​ថា​សម្លាប់​អ្នកណា​, ប្រសិនបើ លោក គិតថា​ជា​អ្នកណាម្នាក់​គឺជា​ការគំរាមកំហែង ឬ​ធ្វើ​ឲ្យ​លោក ភ័យខ្លាច លោក នឹង​កម្ចាត់​អ្នកនោះ​ភ្លាម​។ នេះហើយ គឺជា​បច្ចុប្បន្នភាព​ពិតប្រាកដ​របស់​កូរ៉េខាងជើង​»​។ លោក អះអាងថា នឹងមាន​ប្រជាជន​កូរ៉េខាងជើង​ច្រើន​ទៀត នឹង​រត់គេច​ពី​កូរ៉េខាងជើង​។

​សូម​សម្រាប​ផងដែរ​ថា លោក Thae Yong Ho គឺជា​អតីតមន្ត្រី​ការទូត​លំដាប់​ទី​ពីរ​នៃ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អង់គ្លេស​។ លោក បោះបង់​សិទ្ធិ​រស់នៅ​ពី​ប្រទេស​កូរ៉េខាងជើង ដោយ​លោក បាន​ចាកចេញ និង​គេចខ្លួន​ពី​ប្រទេស​អង់គ្លេស​ដើម្បី​ចុះចូល និង​សុំ​សិទ្ធិ​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ជាមួយនឹង​ក្រុមគ្រួសារ​របស់លោក ដ្បិត​លោក មិន​ចង់​រស់នៅក្នុង​របប​ដឹកនាំ​ដ៏​គ្រោះថ្នាក់ និង​ផ្តាច់​ការដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន​។ លោក ទទួលបាន​ការការពា​រ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។

​នៅក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ លោក Thae បាន​ពន្យល់​ពី​មូលហេតុ ដែល​លោក​ត្រូវ​រត់គេច​មក​រស់នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​យ៉ាង​ដូច្នេះ​ថា​៖«​ការរត់​គេចខ្លួន គឺជា​រឿង​មួយ​ដ៏​ជូរចត់​នៃ​ឆាកជីវិត​របស់ខ្ញុំ​។ វា​គឺជា​ដ៏​អាក្រក់​បំផុត​សម្រាប់​លោក ក្នុងការ​ចំណាយពេល​៥០​ឆ្នាំ​របស់លោក​នៅលើ​វិថី​មួយ​ដែល​មិនដឹង​ទិសដៅ ហើយ ខ្ញុំ ត្រូវ​បំភ្លេច​អតីតកាល​របស់ខ្ញុំ​»​។

​អតីតមន្ត្រី​ការទូត​ជាន់ខ្ពស់​រូបនេះ ក៏​លើកឡើង​ភាព​ដឹកនាំ​ផ្តាច់ការ​មួយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ក្នុងការ​គ្រប់​គ្រង់​មន្ត្រីការទូត​ដែល​បំពេញការងារ​បេសកម្ម​ក្រៅប្រទេស​។ លោក បាន​អះអាងថា លោក គឺជា​មន្ត្រីការទូត​ដែល​សំណាង​បំផុត​ហើយ​ដែល​លោក អាច​នាំ​ទាំង​ភរិយា និង​កូន​របស់លោក​ទៅ​រស់នៅ​ក្នុងពេល​បំពេញ​បេសកម្ម​នៅក្នុង​ប្រទេស​អង់គ្លេស​នោះ​។ លោក បន្ថែមថា រឿង​បែបនេះ មិនអាច​កើតឡើង​ចំពោះ​មន្ត្រីការទូត​ផ្សេង​ទៀតឡើយ​។

​លោក​អតីត​ភារធារី បាន​ពន្យល់ថា ការណ៍​ដែល​របប​ព្យុងយ៉ាង​ធ្វើបែបនេះ​ដើម្បី​ធានាថា​មន្ត្រីការទូត​ទាំងនោះ នឹង​មិនអាច​ក្បត់ ឬ​រត់​ចេញពី​កូរ៉េខាងជើង​បានឡើយ ដ្បិត ពួកគេ​ត្រូវ​ត្រូវ​ត្រលប់មក​រស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ​នៅ​ព្យុងយ៉ាង​វិញ​។ លោក Thae បាន​សង្កត់ធ្ងន់ថា​៖«​កូន ត្រូវបាន​ប្រើប្រាស់​ជា​ចំណាប់ខ្មាំង​ដោយ​លោក គីម ជុង​អ៊ុន​»៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: