
ភ្នំពេញ៖ អ្នកវិនិយោគប្រព័ន្ធថាមពលកកើតឡើងវិញ និងនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាមេរិក មើលឃើញថា កម្ពុជាជាកន្លែងងាយធ្វើអាជីវកម្មថាមពលអគ្គិសនីកកើតឡើងវិញ ដោយពួកគេសំអាងលើអាកាសធាតុដែលមានអំណោយផលសម្រាប់ទាញយកថាមពល។
កញ្ញា Elizabeth Lucero បានសម្រេចជ្រើសរើសយកប្រធានបទ ការលក់អាជីវកម្មថាមពលកកើតឡើងវិញនៅកម្ពុជា សម្រាប់ការស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ Massachusetts Institute of Technology សហរដ្ឋអាមេរិក។
និស្សិតវ័យ ២៨ឆ្នាំ ចំណោមនិស្សិតថ្នាក់អនុបណ្ឌិត ៣នាក់ដែលកំពុងចុះកម្មសិក្សារយៈពេលខ្លីចំនួន ៣សប្តាហ៍ នៅរាជធានីភ្នំពេញរូបនេះ បាននិយាយថា ក្រុមហ៊ុនដែលដាក់ទុនរកស៊ីទាញថាមពលកកើតឡើងវិញ ក្នុងប្រទេសកំពុងអភិវឌ្ឍដែលមានធាតុអាកាសដូចកម្ពុជា មានឱកាសទទួលបានភាពជោគជ័យច្រើន។
និស្សិតដែលត្រៀមចូលបម្រើការងារជាទីប្រឹក្សាអាជីវកម្មនៅក្រុមហ៊ុន Boston Consulting Group នៅអាមេរិករូបនេះ បានបន្តលើកហេតុផលជោគជ័យ ដោយសំអាងលើកត្តាពីរ គឺអាកាសធាតុក្តៅ សើមដែលមានពន្លឺព្រះអាទិត្យច្រើន និងកត្តាជីវភាពរបស់ពលរដ្ឋ ដែលមានតម្រូវការអគ្គិសនីតម្លៃទាប ដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃពួកគេ។
«ដោយកម្ពុជាស្ថិតតំបន់អាស៊ីអាគេ្នយ៍ដែលមានអាកាសធាតុល្អ មានពន្លឺព្រះអាទិត្យ និងខ្យល់ច្រើន ខ្ញុំជឿថា ការប្រើប្រាស់ថាមពលកកើតឡើងវិញដែលមិនប៉ះពាល់ដល់បរិស្ថាននឹងរីកចម្រើន ពិសេស ជួយផ្លាស់ប្តូរជីវភាពពលរដ្ឋតាមជនបទ»។ និស្សិតអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម មកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ដែលកំពុងស្រាវជ្រាវជាមួយក្រុមហ៊ុនដំឡើងប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ខេមសូឡា នៅកម្ពុជា បញ្ជាក់។
អំឡុងការសិក្សាលើអាជីវកម្មដែលទើបចាប់ផ្តើមក្នុងប្រទេសកំពុងអភិវឌ្ឍ យុវនារីមាឌមាំរូបនេះ កត់សម្គាល់ដែរថា គោលនយោបាយគាំពារបរិស្ថានរបស់ក្រសួងបរិស្ថានកម្ពុជា ក៏រួមចំណែកជំរុញអាជីវកម្មលើប្រព័ន្ធបច្ចេកវិទ្យា និងថាមពលដែលមិនបំផ្លាញបរិស្ថានកម្ពុជាឲ្យកាន់តែប្រសើរ។
«យើងស្រាវជ្រាវឃើញថា រដ្ឋាភិបាលកម្ពុជាបានគាំទ្រនឹងគម្រោងវិនិយោគលើប្រព័ន្ធថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដូចនេះយើងមានទំនុកចិត្តថា កម្ពុជានឹងមានបរិស្ថាន កាន់តែស្រស់បំព្រង»។ កញ្ញា Liz និយាយបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗអំឡុងពេលនាងចុះពិនិត្យការដំឡើងប្រព័ន្ធសូឡា លើដំបូងអគារកម្ពស់ជាង ២០ជាន់មួយកន្លែងនៅភ្នំពេញរួច បន្ថែមថា ពេលនាងមានលទ្ធភាព នាងក៏ចាប់អារម្មណ៍រកស៊ីអាជីវកម្មនេះនៅកម្ពុជាដែរ នៅថ្ងៃអនាគត។
មិនខុសគ្នាដែរ កញ្ញា Pamella Goncalves អាយុ ២៨ឆ្នាំ ជាមិត្តរួមក្រុមជាមួយកញ្ញា Liz ពិនិត្យឃើញថា ការវិនិយោគលើការទាញថាមពលកកើតឡើងវិញ អាចទទួលការចាប់អារម្មណ៍ច្រើន នៅកម្ពុជា។ និស្សិតអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts រូបនេះ និយាយថា បច្ចុប្បន្ន ពលរដ្ឋជុំវិញពិភពលោក ចាប់អារម្មណ៍ប្រើប្រាស់ថាមពលកកើតឡើងវិញនេះ ព្រោះវាជួយកាត់បន្ថយការ ចំណាយថវិកាលើកាប្រើប្រាស់ថាមពល សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន សហគ្រាស និងផ្គត់ផ្គង់ជីវភាព គ្រួសារ។
«វាជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋច្រើន ធៀបនឹងតម្លៃអគ្គិសនី ដោយសារពលរដ្ឋអាចទាញថាមពលពន្លឺព្រះអាទិត្យរយៈពេលវែង តាមគ្រួសារពួកគេរៀងខ្លួន»។ កញ្ញា Pamella និយាយបន្ថែម ស្របពេលកញ្ញាស្រាវជ្រាវឃើញថា ពលរដ្ឋខ្មែរជាង ៧០ភាគរយ គ្មានអគ្គិសនី ហើយតម្លៃអគ្គិសនីខ្ពស់។
ដូចគ្នាដែរ លោក Jeroen Verschelling ប្រធាន និងសហស្ថាបនិកក្រុមហ៊ុន ខេមសូឡា ដែលមានកំណើតជាង ២ ឆ្នាំនៅកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានទទួលជោគជ័យលើអាជីវកម្មលក់ផ្ទាំងសូឡាដែលមានគុណភាពនៅកម្ពុជា។ លោកនិយាយថា ម្ចាស់ក្រុមហ៊ុន រោងចក្រផលិតភេសជ្ជៈ ស្រាបៀរ និងខុនដូរនានា នៅកម្ពុជា បាន និងកំពុងងាកមកប្រើប្រាស់ផលិតផលថាមពលកកើតឡើងវិញនេះ។
«ម្ចាស់ក្រុមហ៊ុននានា កំពុងជ្រើសរើសដំឡើងផលិតផលនេះ ព្រោះវាចំណាយតិច នៅពេលកម្ពុជាមានតម្លៃអគ្គិសនីខ្ពស់»។ បុរសជនជាតិអាមេរិករាងខ្ពស់ស្តើងវ័យជាង ៤០ឆ្នាំ ដែលជាប្រធាន និងសហស្ថាបនិកក្រុមហ៊ុនសូឡានៅកម្ពុជា មានសុទិដ្ឋិនិយមលើអាជីវកម្ម ពេលដឹកនាំនិស្សិតអាមេរិកចុះស្រាវជ្រាវ ការដំឡើងផលិតផលថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅរាជធានីភ្នំពេញ៕

ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment