![]() |
| លោកប្រធានាធិបតីហ្វីលីពីន(ខាងឆ្វេង) និងមេប៉ូលិសលោកឧត្តមសេនីយ៍ Bato |
ករណីឃាតកម្ម និងចាប់ជំរិតលើអ្នកជំនួញកូរ៉េខាងត្បូងដែលប្រព្រឹត្តដោយមន្ត្រីប៉ូលិស កំពុងតែតាមលងជំនួយការសន្តិសុខ និងជាមេប៉ូលិសហ្វីលីពីន លោក Ronald “Bato” dela Rosa ដែលជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយបោសសម្អាតគ្រឿងញៀន។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតី Rodrigo Duterte មិនឲ្យមន្ត្រីជំនិតលោកបារម្ភឡើយ ដោយលោក អះអាងថា លោក នៅតែបន្តផ្តល់ការគាំទ្រពេញទំហឹងក្នុងការបំពេញតួនាទីដដែល។
ក្រសួងយុត្តិធម៌ហ្វីលីពីន នៅថ្ងៃទី១៩ មករា បានអះអាងថា មន្ត្រីនគរបាលហ្វីលីពីន បានឃាត់ខ្លួនបុរសអ្នកជំនួញកូរ៉េខាងត្បូងម្នាក់នៅក្នុងផ្ទះរបស់គាត់នៅក្នុងរដ្ឋធានីម៉ានីលនៅខែតុលា ឆ្នាំមុន ក្រោមហេតុផលនៃប្រតិបត្តិការប៉ូលិសប្រឆាំងគ្រឿងញៀន ហើយក្រោយមកទៀត បាននាំខ្លួនទៅកាន់ទីស្នាក់កណ្តាលរបស់ប៉ូលិស និងសម្លាប់តែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times។
តាមប្រភពព័ត៌មានដដែល ក្រសួងយុត្តិធម៌ បានបន្តទៀតថា មន្ត្រីប៉ូលិស បានឃាត់ខ្លួនអ្នកជំនួញកូរ៉េខាងត្បូងនៅក្នុងផ្ទះរបស់លោក នៅក្រុង Angeles នៅថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ ដោយក្រុមមន្ត្រីទាំងនោះ បានប្រកាសថា ពួកគេ កំពុងស្វែងរកផ្ទះដែលផ្ទុកគ្រឿងញៀន ប៉ុន្តែ តាមពិត មានចេតនាជំរិតទារលុយពីក្រុមគ្រួសារលោក។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ Ronald Bato dela Rosa បានច្រានចោលចំពោះការចោទប្រកាន់ដែលថាមន្ត្រីក្រោមឱវាទលោក ប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដោយលោក អះអាងថា មិនជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឡើយ។ លោក បានឲ្យដឹងថាលោក ពិតជាមិនសប្បាយចិត្ត និងសន្យានាំខ្លួនជាប់ពាក់ព័ន្ធមកកាត់ទោស។
ជុំវិញបញ្ហានេះ មិនបានធ្វើលោកប្រធានាធិបតីហ្វីលីពីន បាត់បង់ទំនុកចិត្តលើប្រមុខប៉ូលិស ដែលជាមន្ត្រីជំនិតសន្តិសុខរបស់ខ្លួនឡើយ។ ឆ្លៀតឱកាសនៃការចូលរួមពិធីខួបកំណើតរបស់មេប៉ូលិសហ្វីលីពីនរូបនេះ នៅថ្ងៃទី២២ មករា លោកប្រធានាធិបតី Duterte ច្រានចោលចំពោះការទទូចឲ្យមេប៉ូលិសចុះចេញពីតំណែង។ ជាងនេះទៅទៀតនោះ លោក ថែមទាំងថ្លែងក្នុងកម្មវិធីទូរទស្សន៍ថា៖«លោក Dela Rosa ទទួលបានការគាំទ្រពីខ្ញុំមួយទំហឹង»។
បើតាមរបាយការណ៍ប៉ូលិសហ្វីលីពីន គិតចាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦ មានជនសង្ស័យគ្រឿងញៀនមិនតិចជាង៦ពាន់នោះទេ ដែលត្រូវបានសម្លាប់ទាំងក្រោមប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់លោក ទាំងក្នុងក្រោមប្រតិបត្តិការប៉ូលិស និងក្រៅប្រព័ន្ធតុលាការ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ

No comments:
Post a Comment