ជាតិ

គម្រោង​អភិវឌ្ឍន៍ ច្រាំងទន្លេ​ផ្សារ​ក្រោម ឈានដល់​ដំណាក់កាល ធ្វើ​បម្លាស់​ទី​អ្នករស់នៅ តាម​ច្រាំងទន្លេ​



កំពង់ឆ្នាំង: គម្រោង​អភិវឌ្ឍន៍​ច្រាំងទន្លេ នៅ​ផ្សារ​ក្រោម របស់​អាជ្ញាធរ ខេត្តកំពង់ឆ្នាំង បាន​ឈានដល់​ដំណាក់កាល ធ្វើ​បម្លាស់​ទី​អ្នក ដែល​រស់​នៅតាម​ច្រាំងទន្លេ​ហើយ ។​

​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត បានអោយដឹងថា គម្រោង​អភិវឌ្ឍន៍​នេះ មាន​៧​ជំ​ហ៊ាន និង​ត្រូវ​អនុវត្តន៍ រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ។ បច្ចុប្បន្ននេះ អាជ្ញាធរ​កំពុងដំណើរកា​ធ្វើ​ផ្លូវ ធ្វើ​ផ្សារ ផែ​កាណូត ដរ ការរៀបចំ​ប្រព័ន្ធ​ភ្លើង និង ប្រព័ន្ធ​ទឹកស្អាត និង​បន្ត​ជំ​ហ៊ាន​ទី​៤ គឺ​ការរៀបចំ​ធ្វើ​បម្លាស់​ទី ប្រជាពលរដ្ឋ​ពី​កន្លែងចាស់ ដែល​រស់​នៅតាម​ច្រាំងទន្លេ មក​នៅ​កន្លែង​អភិវឌ្ឍន៍​ថ្មី​។​

​លោក ស៊ុន សុវណ្ណារិទ្ធ បាន​អោយដឹងទៀតថា ប្រជាពលរដ្ឋ ដែល​ត្រូវ​រុះ​រើម​កនៅ កន្លែង​អភិវឌ្ឍន៍​ថ្មី​នេះ មាន​ចំនួន​២១០​ខ្នង​ផ្ទះ ក្នុងនោះ​មាន ៥៣​ខ្នង​ផ្ទះ បាន​ស្ម័គ្រចិត្ត​យក​ថវិកា ហើយ​គាត់​បាន​រុះរើ មកដល់នឹង​ពេលនេះ បាន​ចំនួន​២៧​ខ្នង​ផ្ទះ​ហើយ​និង​អ្នក​ដែល​ស្ម័គ្រចិត្ត យក​ដី​មាន​ចំនួន ១៤៧ ខ្នង​ផ្ទះ ។ ដោយឡែក នៅសល់​១០​ខ្នង​ផ្ទះ​ទៀត គាត់​មិនទាន់​សម្រេច​ថា ត្រូវយក​ដី ឬ​យកលុយ​នៅឡើយ​ទេ​។ ពេលនេះ អាជ្ញាធរ កំពុងធ្វើការ​សម្របសម្រួល ដោះស្រាយ​។​

​សូមបញ្ជាក់ថា កាលពី​ខែតុលា ឆ្នាំ​២០១៥ ផ្ទះ​បណ្តែត​ទឹក​រាប់ពាន់​ខ្នង របស់​ជនជាតិ​វៀតណាម ខ្មែរឥស្លាម និង ខ្មែរ​មួយចំនួន​ផង​នោះ ត្រូវបាន​អាជ្ញាធរ នៃ​ខេត្តកំពង់ឆ្នាំង សម្រេច​អោយ​ចាកចេញ ទៅ​តាំងនៅ​កន្លែង​ផ្សេង ស្ថិត​ខាងជើង​កន្លែងចាស់ ជាង​២​គីឡូម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ច្រាំងទន្លេ​ផ្សារ​ក្រោម និង​រៀបចំផ្ទះ​បណ្តែត​ទឹក​ទាំងនោះ អោយមាន​របៀបរាបរយ​ល្អ ។ គម្រោង​អភិវឌ្ឍន៍​នេះ មាន​ប្រវែង ២.៧១១​ម៉ែត្រ ចាប់​ពីមុខ​វត្ត​ទេពធីតា​រ៉ា​ម រហូតដល់​ស្ថានីយ​ទឹកស្អាត​ចុង​កោះ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ៕

CEN
ដោយ: ចៅ សន

No comments: