
ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅក្រុមហ៊ុនជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម គ្រឹះស្ថានសាធារណៈចំនួន ៨២ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីចែករំលែក បទពិសោធន៍ ប្រយោជន៍ដោះស្រាយ បញ្ហាប្រឈម កន្លងមក សំណូមពរ និងការខិតខំប្រឹងប្រែង ច្បាស់លាស់ ក្នុងការប្រឆាំងអំំពើពុករលួយ ដែលអាចប្រើជាយន្តការ ការការពារខ្លួនផ្នែកច្បាប់ និងការពារចំពោះ ការទារកម្រៃសេវា ក្រៅច្បាប់នានា។
ក្នុងកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា កាលពីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ រវាង អង្គភាពប្រឆាំងអំពើពុករលួយ និងវិស័យជន ធ្វើឡើងក្នុងគោលបំណង ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តគាំទ្រ ជំរុញ និងអនុវត្តនូវគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល លើការប្រយុទ្ធប្រឆាំង អំពើពុករលួយ ទាំងក្នុងវិស័យឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្តល់សេវាសាធារណៈ ក្នុងគោលបំណងលើកស្ទួយ បរិយាកាសវិនិយោគ នៅកម្ពុជា និងឆ្លើយតបនឹងសេចក្តីតម្រូវការ របស់ប្រជាពលរដ្ឋ។
លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍បន្ថែមថា " ភាពស្អាតស្អំកើតចេញ ពីបាតដៃរបស់យើង ទាំងអស់គ្នា មិនមែនធ្លាក់ ពីលើមេឃមកទេ"។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យឯកជន ដែលបានចុះអនុស្សរណៈ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលប្រយោជន៍ ដោយបានបង្ហាញជំហ និងការខិតខំប្រឹងប្រែង ច្បាស់លាស់ ក្នុងការប្រឆាំងអំំពើពុករលួយ ដែលអាចប្រើជាយន្តការ ការការពារខ្លួនផ្នែកច្បាប់ និងការពារ ចំពោះការទារកម្រៃសេវា ក្រៅច្បាប់នានា ។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហានានា ដែលវិស័យឯកជន ជួបប្រទះ ពាក់ព័ន្ធធុរកិច្ចរបស់ខ្លួន ដើម្បីប្រឆាំងអំពើពុករលួយ និងធានាឲ្យបាននូវ ការប្រកួតប្រជែង ដោយស្មើភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំ៣ គឺ៖ ផ្តល់ជាវេទិកាដល់ភាគីដែលបានចុះអនុស្សរណៈ ជាមួយអង្គភាពប្រឆាំង អំពើពុករលួយ ចែករំលែកបទពិសោធន៍ អំពីផលប្រយោជន៍ បញ្ហាប្រឈម ជួបប្រទះ ដំណោះស្រាយ កន្លងមក សំណូមពរនានាដែលមាន រួមគ្នាពិគ្រោះយោបល់ រកលទ្ធភាពដោះស្រាយរួម មានចីរភាព អំណោយផល ចំពោះការប្រកបធុរកិច្ច និងការប្រឆាំងអំពើពុករលួយ ចំពោះបញ្ហាប្រឈមនានា ដែលមាន និងអាចកើតមាន និងពិភាក្សា អំពីទិសដៅ និងនិរន្តរភាពការងារ បន្តទៅមុខ ក្នុងការប្រឆាំងអំពើពុករលួយ ក្នុងវិស័យឯកជន៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment