ជាតិ

ជួយសង្គ្រោះ​ពលករ​ខ្មែរ​រងគ្រោះ ចំនួន​៤​នាក់ ដោយ​ការជួញដូរ កម្លាំង​ពលកម្ម​នៅ​ថៃ​

ភ្នំពេញ: លោក​ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បាន​ឲ្យ​ដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​សា​កែវ បាន​សម្របសម្រួល ការធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលករ​ខ្មែរ ចំនួន​៤​នាក់ (​មកពី​ខេត្តកំពត កំពង់ចាម កំពង់ស្ពឺ និង​ស្វាយរៀង​) ដែល​រងគ្រោះ ដោយ​ការជួញដូរ កម្លាំង​ពលកម្ម នៅលើ​ទូក​នេសាទ ហើយ​ដែល​ត្រូវបាន អាជ្ញាធរ​ថៃ ជួយសង្គ្រោះ និង​បញ្ជូន ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ “​មជ្ឈមណ្ឌល​គាំពារ​សុខុមាលភាព​” ខេត្ត​រ៉ា​ក់ណង (Ranong) ប្រទេស​ថៃ​។​

​លោក​បាន​បញ្ជាក់ថា ពលករ​ទាំង ៤ នាក់ បាន​មកដល់​កម្ពុជា តាម​ច្រកព្រំដែន អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០១៧ ។​

​សូមបញ្ជាក់ថា ពលករ​ទាំង​៤​នាក់​នេះ ស្ថិតក្នុង​ចំណោម​ពលករ ១៥​នាក់ ដែល​រងគ្រោះ ដោយ​ការជួញដូរ កម្លាំង​ពលកម្ម នៅលើ​ទូក​នេសាទ​ថៃ ដោយ​ក្នុងនោះ ពលករ​ចំនួន​៨​នាក់ បាន​មកដល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​ហើយ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦​។ ចំណែក​ពលករ ៣ នាក់​ទៀត កំពុង​បន្ត​ស្នាក់នៅ ក្នុងប្រទេស​ថៃ​នៅឡើយ​។​

​ពលករ​ទាំង​១៥​នាក់ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ ដល់​៦២​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ (៥​នាក់​) កំពង់ធំ (៤​នាក់​) ស្វាយរៀង​(៣​នាក់​) កំពត​(២​នាក់​) និង​កំពង់ចាម​(១​នាក់​) ត្រូវបាន​ជ្រើសរើស និង​បញ្ជូនទៅ ប្រទេស​ថៃ ដោយ​ក្រុមហ៊ុន Century (Cambodia) Manpower Co.,Ltd. ដើម្បី​បំរើកា​រងារ អោយ​ក្រុមហ៊ុន ទូក​នេសាទ​ថៃ ឈ្មោះ ណា​វ៉ា​មង្គល​ឆៃ នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ដែល​ខុស​នឹង​បែបបទ ក្នុងការ​បញ្ជូន​ពលក​រ​។

​ពលករ​ទាំងនោះ ស្ម័គ្រចិត្ត​ធ្វើការ​ជា អ្នក​កាត់​ក្បាល​ត្រី នៅ​ច្រាំង ប៉ុន្តែ​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៤ ពួកគេ​ត្រូវបាន​បញ្ឆោត អោយធ្វើ​ការ​លើ​ទូក​នេសាទ ណា​វ៉ា​មង្គល​ឆៃ​១ និង​ណា​វ៉ា​មង្គល​ឆៃ​៨ ទៅ​នេសាទ​រហូតដល់ ឈូង​សមុទ្រ​ឥណ្ឌា​។ នៅ​ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ​ថៃ ទទួលបាន សេចក្តីរាយការណ៍​ថា មានការ​វាយដំ បង្ខំ​ពលករ​អោយធ្វើ​ការ លើ​ទូក​ទាំងពីរ​នោះ ទើប​បញ្ជា​អោយ ទូក​នេសាទ​ទាំងពីរ ចូល​ច្រាំង ហើយ​បាន​សង្គ្រោះ ពលករ​ខ្មែរ​ទាំង ១៥​នាក់ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។​

​ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ថៃ តម្រូវអោយ​ស្នាក់នៅ ក្នុង​មជ្ឈមណ្ឌល​គាំពារ​សុខភាព ខេត្ត​រ៉ា​ក់ណង មួយរយៈ ដើម្បី​ធ្វើជា​សាក្សី​។ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថានទូត​កម្ពុជា បាន​ជួយ​អន្តរាគមន៍ សុំ​ការអនុញ្ញាតអោយ សាច់ញាតិ​ពលករ​ចំនួន​៥​នាក់ ធ្វើដំណើរ​ជួប​សួរសុខទុក្ខ នៅ​មជ្ឈមណ្ឌល​ខេត្ត​រ៉ា​ក់ណង ។

​នៅ​ថ្ងៃទី​៩ ខែមីនា ខែ​ឆ្នាំ​២០១៦ មន្ត្រី​ស្ថានទូត បាន​ជួប​សួរសុខទុក្ខ ពលករ​រងគ្រោះ​ទាំង​១៥​នាក់ និង​ស្នើអោយ​អាជ្ញាធរ ជម្រុញ​ដំណើរការ​ក្តី នៅ​តុលាការ និង​បញ្ជូន​ពលករ​រងគ្រោះ មក​កម្ពុជា​វិញ អោយបាន​ឆាប់ ព្រមទាំង​ទាមទារ​អោយ ក្រុមហ៊ុន​ផ្តល់​សំណង​សមរម្យ ដល់​ពលករ​ផងដែរ​។​

​តុលាការ​បាន​កោះហៅ​សាក្សី​ជា​ពលករ​ខ្មែរ​ទាំង​១៥​នាក់ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ចោទប្រកាន់​ក្រុមហ៊ុន​ណា​វ៉ា​មង្គល​ឆៃ ពីបទ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស​។ ពលករ​ទាំងអស់ បានទាមទារ អោយ​ក្រុមហ៊ុន​ទូក​នេសាទ ផ្តល់​សំណង​ជាង ២​សែន​បាត ក្នុង​ម្នាក់ៗ ដោយ​គណនា​តម្លៃ កម្លាំង​ពលកម្ម ២០ ម៉ោង ក្នុង​១​ថ្ងៃ សម្រាប់​រយៈពេល ១៣ ខែ ប៉ុន្តែ​ក្រុមហ៊ុន​នេសាទ មិន​ឯកភាព​នឹង​ទំហំ​សំណង​នេះ​ទេ ហើយ​សុខចិត្ត​តស៊ូ​ក្តី​នៅ​តុលាការ​។

​ចុងក្រោយ ក្រុមហ៊ុន​ទូក​នេសាទ បាន​យល់ព្រម​ទូទាត់ នូវ​ទឹកប្រាក់​ចំនួន ២៥.០០០ បាត សម្រាប់​ពលករ​ខ្មែរ​រងគ្រោះ ម្នាក់ៗ​ប៉ុណ្ណោះ ៕

CEN
ដោយ: មុនីរាជ​

No comments: