ជាតិ

ស្ពាន​អាកាស​ថ្មើរជើង កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៤ គ្រោង​ដាក់​ឲ្យ​ដំណើរការ ពាក់កណ្ដាល​ឆ្នាំ​២០១៧



ភ្នំពេញ: តាម​គម្រោង​ផ្លូវអាកាស​ថ្មើរជើង ឆ្លងកាត់​ទទឹងផ្លូវ ជាតិ​លេខ​៤ នៅត្រង់ចំណុច​ផ្សារ​ជម្ពូ​វ័​ន្ត មួយកន្លែង និង​មុខ​វិទ្យាល័យ ហ៊ុន សែន​ជម្ពូ​វ័​ន្ត​នោះ គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ បានចាប់ផ្ដើម​តម្លើង តួ​ស្ពាន​ហើយ ដែល​គ្រោង​ដាក់​ឲ្យ ដំណើរការ​ឆ្លងកាត់​ទៅ​មក​បាន ក្នុងអំឡុង​ពាក់កណ្តាល ឆ្នាំ​២០១៧​នេះ ។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ការដ្ឋាន​ស្ថាបនា ស្ពាន​អាកាស ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ សម្រាប់​អ្នក​ថ្មើរជើង​នោះ ពេលនេះ ត្រូវបាន​តម្លើង​តួ​នៃ​ស្ពាន ដែលមាន​បណ្តោយ ៤៥,៧​ម៉ែត្រ ទទឹង​៣,៦​ម៉ែត្រ និង​កម្ពស់ ៥,៥​ម៉ែត្រ​។ ចំពោះ​គម្រោង​សាងសង់​ស្ពាន និង​ការងារ​ពង្រីក​ផ្លូវ​នេះ នឹងត្រូវ​ប្រើ​រយៈពេល ប្រមាណ​១៤​ខែ គឺអាច​បញ្ចប់​នៅ​អំឡុង ពាក់កណ្តាល ឆ្នាំ​២០១៧​នេះ ។​

​មន្ត្រី​ដដែល បាន​ឲ្យ​ដឹងថា ស្របពេល​ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ពង្រីក កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ចំណុច​ភ្លើងស្តុប ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោមចៅ បន្ទាប់មក នឹង​បន្ត​ពី​រង្វង់​មូល​ចោមចៅ ដល់​ផ្លូវ​កប់​ស្រូវ​។ មន្ត្រី​បន្តទៀតថា គម្រោង​នេះ មាន​ស្ថាបនា​ផ្លូវអាកាស ថ្មើរជើង​ចំនួន​២​កន្លែង ដាក់លូ​ប្រអប់ លូ​ចំហ​អម​សងខាង​ផ្លូវ លាប​គំនូសចរាចរ ដាក់​ស្លាក​សញា​ចរាចរ និង​តម្លើង​បង្គោល​ភ្លើង​ព្រែក​ជា​២​ផងដែរ ។​

​កន្លងទៅ​នេះដែរ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់មាន​ប្រសាសន៍ថា​៖ ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​គម្រោង​ស្ថាបនា ស្ពាន​អាកាស​ថ្មើ​ជើង​ខាងលើនេះ ដើម្បី​ដោះស្រាយ ការកកស្ទះ​ចរាចរ ដែលជា​បញ្ហា​ប្រឈម របស់​អាជ្ញាធរ​ភ្នំពេញ នាពេល​បច្ចុប្បន្ន ។ គម្រោង​នេះ បាន​ដាក់លូ​មុនគេ ចាប់​ពីមុខ​ផ្សារ​ជម្ពូ​វ័​ន្ត ទៅ​រង្វង់​មូល​ចោមចៅ ហើយ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ក៏ត្រូវ​ពង្រីក ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ចំណុច​ផ្លូវបំបែក​កប់​ស្រូវ គឺ​សម្រាប់ ៣ ខ្សែ​រថយន្ត​ទៅ ៣​ខ្សែ​មក និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត ១​ខ្សែ​មក សងខាង​តែម្តង ។​

​តាមរយៈ ការសិក្សា​ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ចំនួន​អ្នក​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ វិទ្យាល័យ​ជម្ពូ​វ័​ន្ត ឬ​ផ្សារ​ជម្ពូ​វ័​ន្ត​នោះ មាន​ប្រមាណ​ជាង ១ ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ ក្នុងនោះ​សិស្សសាលា មាន​ជាង ៥ ពាន់​នាក់ ក្នុង​មួយថ្ងៃ ៕



CEN
ដោយ: ដា​វុ​ធ​

No comments: