![]() |
| (ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក) លោក សុត វន្នី និងលោក ម៉ៅ ហឿន |
សមាជិកព្រឹទ្ធិសភាប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ដ្រាលី បានរិះគន់ការតំឡើងឋានៈដល់អង្គរក្សម្នាក់ទៀត របស់លោក ហ៊ុន សែន ដែលបានព្រួតវាយតំណាងរាស្ដ្រគណបក្សប្រឆាំងនោះថាជា «ទង្វើតិរច្ឆាន»។
លោក ហុង លីម តំណាងរាស្ដ្រខ្មែរ-អូស្ដ្រាលី ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា បានរិះគន់ខ្លាំងៗ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានដំឡើងឋានៈពីស័ក្តិ៥ ទៅផ្កាយ១ ដល់បុរសម្នាក់ទៀត ដែលបានព្រួតគ្នាវាយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ២រូបឲ្យរបួសធ្ងន់នោះថាជា “ទង្វើតិរិច្ឆាន”។ លោកក៏បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយលោកថា បានប្រើអំណាចដើម្បីចាប់ខ្លួនអ្នកប្រឆាំងពីបទបរិហារកេរ្តិ៍ និងថាបានរករឿងអាស្រូវផ្លូវភេទលើគណបក្សប្រឆាំងដោយពុំសមហេតុផល។ នេះដោយយោងតាមវីដេអូបង្ហោះលើហ្វេសប៊ុកលោក សម រង្ស៊ី កាលពីថ្ងៃទី២៩ មករា ម្សិលមិញ។
លោកថា៖ «នយោបាយ ជាការជជែកតវ៉ា ទាមទារ ពន្យល់ពីគោលជំហរនយោបាយផ្សេងៗគ្នា ហើយថាឲ្យកាលណា និយាយខុសពីអញ ហូ ហ្អែងបរិហារកេរ្តិ៍អញ ទារហ្អែង១លានដុល្លារ ទារហ្អែង២០ម៉ឺនដុល្លារ ហើយបើយកទៅឲ្យគេមកចាក់រុកបំបែកបំបាក់គេអីវិញ ឬអាណាដេកជាមួយអាណា អាហ្នឹងអត់អី អត់ជាប់គុកទេ អានោះល្អទៀត។ ឡើងបុណ្យ ឡើងសក្ដិទៀត បើសិនជាវាយតំណាងរាស្ដ្រ ហ៊ីអានេះ គឺថា គិតមើលទៅ បើមិន ទង្វើតិរច្ឆានគឺថា ហិណយ៉ុងហ្មង វាហួសហេតុពេក»។
មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខឥសាន បានឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់លោក ហុង លីម ជាសិទ្ធិបញ្ចេញមតិ ប៉ុន្ដែលោកថា បើលោក ហុង លីម ហ៊ានរិះគន់ខ្មែរខ្លួនឯងថា “តិរច្ឆាន” នោះ លោកថា លោក ហុង លីម ក៏មិនខុសពី “តិរច្ឆាន” ដែរ។
លោកថា៖ «ក្នុងការលើកឡើងរបស់តំណាងរាស្ដ្រប្រទេសខាងក្រៅ គ្រាន់តែជាសិទ្ធិបញ្ចេញមតិរបស់គាត់ទេ ហើយគាត់បញ្ចេញមតិហ្នឹង គាត់វាយតម្លៃទាបចំពោះជាតិខ្លួនឯង។ ហើយបើដូចតំណាងរាស្ដ្រ មានដើមកំណើតខ្មែរ ហើយវាយតម្លៃខ្មែរថាតិរច្ឆាន មានវាថាគាត់ជា តិរច្ឆាន ដែរ»។
បើតាមព្រះរាជក្រឹត្យ កាលពីខែវិច្ឆិកា ២០១៦ ដែលទើបចេញផ្សាយថ្មីៗនេះ ឲ្យដឹងថា លោក ឆាយ សារិទ្ធ ត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯក (ស័ក្ត៥) ទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ខណៈតុលាការកាត់ទោស៤ឆ្នាំ ប៉ុន្ដសម្រេចព្យួរទោស៣ឆ្នាំ ក្រោយជាប់ពន្ធនាគារបាន១ឆ្នាំ។ ប៉ុន្ដនៅក្នុងព្រះរាជក្រឹត្យមិនបានបញ្ជាក់មូលហេតុថាតើលោក ឆាយ សារិទ្ធ បានសាងស្នាដៃអ្វីខ្លះ ទើបរដ្ឋាភិបាលសម្រេចដំឡើងឋានន្ដរសក្ដិឡើយ។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ដើម្បីសុំការបំភ្លឺបានទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការដំឡើងឋានន្តរស័ក្តិដល់អង្គរក្សលោក ហ៊ុន សែន ម្នាក់ទៀត ជាការផ្តួចផ្តើមពីមន្ត្រីថ្នាក់ក្រោម ដោយលោកថា នេះបង្ហាញឲ្យឃើញពីគំរូអាក្រក់ក្នុងសង្គម និងអាចធ្វើឲ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។
លោកថា៖ «ការដំឡើងឋានៈដែលផ្តល់ជូនដោយជនដែលធ្លាប់ប្រព្រឹត្តអំពើហិង្សាជាសាធារណៈ គឺជាគំរូអាក្រក់មួយ ហើយនាំឲ្យមហាជនគេមើលឃើញអំពីចំណុចខ្សោយនៅក្នុងការដឹកនាំ នៅក្នុងជួរកងប្រដាប់អាវុធ»។
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ មានមនុស្សមួយក្រុមដែលត្រូវគេស្គាល់ថា មានខ្លះជាអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំនួន៣នាក់ គឺ លោក សុត វណ្ណី លោក ម៉ៅ ហឿន និងលោក ឆាយ សារិទ្ធ បានចេញមុខសារភាពថា ពួកគេបានព្រួតគ្នាវាយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ២រូបគឺ លោក គង់ សភា និងលោក ញ៉យ ចំរើន។
បន្ទាប់ពីត្រូវបានតុលាការដោះលែង លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវបានលោក ហ៊ុន សែន តម្លើងឋានន្តរស័ក្តិឲ្យពីថ្នាក់វរសេនីយ៍ទោ (ស័ក្ត៤កន្លះ) ទៅវរសេនីយ៏ឯក(ស័ក្ត៥)៕
VOD
ដោយ លោក ពេជ្រ ចំរុង

No comments:
Post a Comment