![]() |
| ក្រុមអ្នកបុរាណវិទូរបស់អាជ្ញាធរអប្សរា រួមនឹងអ្នកភូមិ កំពុងនាំគ្នាធ្វើកំណាយនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ RFA/Hang Savyouth |
បុរាណវិទូមួយក្រុមរបស់អាជ្ញាធរអប្សរា ដែលសហការជាមួយនឹងប្រជាពលរដ្ឋខ្លះ កំពុងនាំគ្នាជីកកំណាយនៅកណ្ដាលវាលស្រែចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ភាគឦសានពីតំបន់អង្គរនៃខេត្តសៀមរាប។ ការជីកកំណាយនោះ គេបានរកឃើញអាចម៍ដែកធំៗជាច្រើនដុំ ដែលនៅរាយប៉ាយ ព្រមទាំងឡស្លដែកធ្វើពីដីឥដ្ឋមានអាយុកាលជិត ១ពាន់ឆ្នាំមកហើយ ដោយមានវិសាលភាពលាតសន្ធឹងលើផ្ទៃដីប្រមាណជា ៤ហិកតារ។
អ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរអប្សរា អះអាងថា ក្រុមអ្នកស្រាវជ្រាវជាតិខ្មែរមួយក្រុម បានរកឃើញឡស្លដែកបុរាណដែលមានទំហំធំ ព្រមទាំងមានទីតាំងនៅជិតតំបន់អង្គរមុនគេនៅក្នុងរយៈពេល ១៥០ឆ្នាំមកនេះ។
ការអះអាង បានធ្វើឡើងបន្ទាប់ពីអ្នកបុរាណវិទ្យាជនជាតិខ្មែរមួយក្រុម រួមជាមួយប្រជាពលរដ្ឋ បានសហការគ្នាធ្វើកំណាយនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក នៃស្រុកបន្ទាយស្រី ចម្ងាយជាង ២០គីឡូម៉ែត្រ ភាគឦសានពីតំបន់អង្គរ ហើយរកឃើញកន្លែងឡស្លដែក ព្រមទាំងលោហធាតុជាច្រើនដុំនៅជុំវិញទីនោះរយៈពេល ៣ថ្ងៃមកនេះ។
អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដែលជាអ្នកគ្រប់គ្រងគម្រោងធ្វើកំណាយ គឺលោក អ៊ឹម សុខរិទ្ធី។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា នៅកន្លែងការដ្ឋានកំណាយនោះថា នេះគឺជាលើកទី១ ក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រនៃឧស្សាហកម្មដែក ហើយអ្នកស្រាវជ្រាវជាតិខ្មែរបានជួបប្រទះតួចង្ក្រានស្លដែកសម័យបុរាណ ស្ទើរតែពេញរូបរាងនៅក្នុងភូមិសាលាក្រវ៉ាន់ នៃឃុំរំចេក។
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ទៀតថា នេះគឺជាការរកឃើញឡស្លដែកបុរាណមុនគេបំផុត ដែលនៅជិតទីក្រុងអង្គរជាងគេក្នុងរយៈពេល ១៥០ឆ្នាំមកនេះ ដែលអ្នកស្រាវជ្រាវបរទេសជាច្រើនពុំធ្លាប់ជួបប្រទះដូចពេលនេះទេ៖ «ប្រហែលជាទេវតាជួយក៏មិនដឹង គឺយើងជាអ្នកស្រាវជ្រាវជាតិខ្មែរសុទ្ធសាធ បានរកឃើញដោយខ្លួនឯង។ តួចង្ក្រាននេះធំ មានទទឹង ៦០សង់ទីម៉ែត្រ និងបណ្ដោយរហូតដល់ ៦ម៉ែត្រ។ ទំហំបែបនេះ អាចផលិតដែកបានប្រហែលជា ១២០គីឡូក្រាមក្នុងមួយថ្ងៃ»។
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កាលពីកំណាយមុនៗ គឺមានអ្នកជំនាញបរទេសជាអ្នកគ្រប់គ្រង ប៉ុន្តែមិនដែលរកឃើញកន្លែងឧស្សាហកម្មស្លដែកបុរាណនៅជិតអង្គរបែបនេះទេ។
អ្នកជំនាញបរទេសចម្រុះជាតិសាសន៍ជាច្រើន ដែលធ្លាប់ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រឧស្សាហកម្មស្លដែកសម័យបុរាណ ធ្លាប់តែសន្និដ្ឋានថា ដែកដែលទីក្រុងអង្គរសម័យបុព្វកាលប្រើប្រាស់ប្រហែលជាគេដឹកជញ្ជូនពីទីឆ្ងាយ ដូចជាពីស្រុកអង្គរជុំ ភាគខាងលិច និងមកពីតំបន់ភ្នំដែក នៃស្រុករវៀង របស់ខេត្តព្រះវិហារ ជាដើម មិនដែលដឹងថា កន្លែងស្លដែកដ៏ធំមួយនៅជិតទីក្រុងអង្គរឡើយ។
ប្រធានការដ្ឋានកំណាយបុរាណវិទ្យានៅភូមិក្រវ៉ាន់ លោក ខៀវ ច័ន្ទ មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរអប្សរាដឹងថានៅក្នុងវាលស្រែនៃភូមិក្រវ៉ាន់ មានអាចម៍ដែកនោះ គឺកាលពីឆ្នាំ២០១៥ កន្លងទៅ មានអ្នកដោះមីនស៊ីម៉ាក់ (CMAC) ម្នាក់ដែលគាត់បានទៅដោះមីននៅជើងភ្នំបូក ហើយបានជួបប្រទះកាកសំណល់ដែក។ កាលពីឆ្នាំ២០១៦ អ្នកជំនាញរបស់អាជ្ញាធរអប្សរា ធ្លាប់បានទៅធ្វើកំណាយម្ដងមកហើយ ដោយដឹងថា ទីនេះគឺកន្លែងស្លដែកសម័យបុរាណ ក៏ប៉ុន្តែមិនបានរកឃើញឡស្លដែកដែលនៅជិតទីក្រុងអង្គរដូចពេលនេះទេ៖ «ខាងរំចេកយើងនេះ គឺជិតមែនទែន ហើយថ្មីៗនេះ ខ្ញុំបានរកឃើញមួយកន្លែងទៀតនៅជិតភ្នំបូក ជាប់ផ្លូវជាតិលេខ៦៧ គឺតូចជាងនេះ»។
មន្ត្រីអាជ្ញាធរអប្សរា ឲ្យដឹងថា ដែក គឺមានសារសំខាន់ណាស់នៅក្នុងសម័យអង្គរ គឺខ្មែរស្លដែកយកទៅធ្វើអាវុធសម្រាប់ច្បាំងពង្រីកទឹកដីយកដែកទៅកាត់ថ្មកសាងអង្គរ និងយកដែកទៅធ្វើជាសម្ភារប្រើប្រាស់សម្រាប់វិស័យកសិកម្ម និងបម្រើការងារប្រចាំថ្ងៃតាមគ្រួសារ ជាដើម។
រយៈពេល ៧-៨ឆ្នាំមកនេះ ការស្រាវជ្រាវរកឃើញថា មានកន្លែងស្លដែកបុរាណជាច្រើននៅក្នុងទឹកដីខេត្តសៀមរាប ដូចជានៅភូមិគោល នៃស្រុកអង្គរជុំ ចម្ងាយជាង ៨០គីឡូម៉ែត្រភាគខាងលិច និងនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង ចម្ងាយជាង ៩០គីឡូម៉ែត្រ ភាគខាងកើតពីរាជធានីអង្គរ ជាដើម៕
RFA
ដោយ ហង្ស សាវយុត

No comments:
Post a Comment