ជាតិ

តំណាង​ UNDP សន្យា​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​សង្គម​ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា



ភ្នំពេញ ​៖ លោក Nick Beresford នាយក​ស្ថាន​តំណាង​ថ្មី​របស់​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការខិតខំ​បំពេញបេសកកម្ម​តាម​អាណត្តិ​កិច្ច​របស់​អង្គការ UNDP ដើម្បី​បន្ត​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល លើ​ការអភិវឌ្ឍ​សង្គម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។

នាយក​ស្ថាន​តំណាង​ថ្មី​នៃ​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៦ នេះ។

ក្នុង​ឱកាស​នោះ​ដែរ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក Nick Beresford ដែល​ត្រូវ​បានតែងតាំង​ជា​នាយក​ស្ថាន​តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ បេសកកម្ម​ការងារ​រប​ស់លោក Nick Beresford ក្នុងការ​បន្ត​ជួយ​ពង្រឹង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការ UNDP។

លោក Nick Beresford បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក​ផ្ទាល់​ចូលជួប​សម្តែង​ការគួរសម ក្នុង​ឱកាស​នៃ​ការ​ចាប់ផ្តើម​បំពេញបេសកកម្ម​ថ្មី​នៅ​កម្ពុជា និង​បាន​ថ្លែង​កោតសរសើរ​ចំពោះ​សមិទ្ធផល ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​រយៈពេល​ទសវត្សរ៍​ចុងក្រោយ​នេះ ជាពិសេស​កំណើន​សេដ្ឋកិច្ច​ក្នុង​ល្បឿន​លឿន​របស់​កម្ពុជា។

លោក​នាយក​ស្ថាន​តំណាង​ថ្មី ​ក៏បាន​សម្តែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​បំពេញបេសកកម្ម​តាម​អាណត្តិ​កិច្ច​របស់​អង្គការ UNDP ដើម្បី​បន្ត​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល លើ​ការ​អភិវឌ្ឍ​សង្គម និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។

ឆ្លៀតឱកាស​នេះ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាប​សង្ខេប​ពី​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​សម្រេច​បាន​កំណើន ជុំវិញ ៧% ក្នុង​ឆ្នាំ ២០១៥ និង​ការ​ព្យាករ​​កំណើន​សេដ្ឋកិច្ច​ ដែល​អាច​នឹង​សម្រេច​បាន​ប្រមាណ ៧,១% ក្នុង​ឆ្នាំ​២០១៦ នេះ​ផង​ដែរ។ ក្នុង​រយៈពេល​មធ្យម ចក្ខុវិស័យ​អនាគត​កម្ពុជា​នៅតែ​មាន​លក្ខណៈ​ជា​វិជ្ជមាន​បន្ត​ទៀត មានន័យថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រមាណ​៧% ក្នុង​មួយ​ឆ្នាំ។ កំណើន​សេដ្ឋកិច្ច​នេះ នឹង​ធ្វើ​ឲ្យ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​កម្ពុជា​កើន​ទ្បើង​ជា​លំដាប់។ ប្រទេស​កម្ពុ​ជាមាន​ចក្ខុវិស័យ​ចង់​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ហើយ​ដើម្បី​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ នោះ រដ្ឋាភិបាល​ត្រូវ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ភាព​ច្នៃប្រឌិត​និង​ជំនាញ​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ស្រប​ក្នុង​យុគសម័យ ​ដែល​មាន​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​ផ្លាស់ប្តូរ​ដោយ​មិនបាន​គ្រោងទុក។

ជាមួយគ្នានេះ លោក Nick Beresford បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ភាពជា​ម្ចាស់​ដែល​សម្រេច​បាន​នូវ​កិច្ច​អភិវឌ្ឍ​ក្នុង​សន្ទុះ​លឿន ប្រកបដោយ​ផ្លែផ្កា និង​បាន​ជម្រាប​ជូន​ថា UNDP នឹង​បន្ត​ចូលរួមចំណែក​ដល់​ការ​បន្ត​ជំរុញ​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន ធនធានមនុស្ស និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស។

ជាមួយគ្នា​នេះ លោក Nick Beresford បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​​រូបលោក​ចូល​ជួប​សម្តែង​ការគួរសម និង​រាយការណ៍​ការងារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ UNDP ៕

កម្ពុជា​ថ្មី
សុជាតា

No comments: