ជាតិ

ពិធី​ដង្ហែ​​ព្រះ​កែវ​មរកត​ ពី​ប្រទេស​ថៃ ​មក​តម្កល់ទុក​ក្នុង​វត្ត​ត្រឡែងកែង



កំពង់ឆ្នាំង ​៖ ​បដិមា​ព្រះ​កែវ​១​អង្គ ដែល​កសាង​ឡើង​ដោយ​កែវ​មរកត​ដ៏​ល្អ​វិចិត្រ​ធ្លាប់​គង់នៅ​ក្នុង​ទីក្រុង​លង្វែក​ពី​សម័យ​បុរាណ ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​ប្រទេស​ថៃ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧​​ ត្រូវ​បាន​លោកជំទាវ​បណ្ឌិត សៀង ច័ន្ទហេង ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ជាវ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​ពី​ប្រទេស​ថៃ និង​ធ្វើបុណ្យ​ប្រពៃណី​តាម​គន្លង​ព្រះពុទ្ធសាសនា ដង្ហែ​យក​មក​តម្កល់ទុក​ក្នុង​វត្ត​ត្រឡែងកែង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ទីក្រុង​ពី​បុរាណ​ទុក​គោរព​បូជា​វិញ។

លោកជំទាវ​បណ្ឌិត សៀង ច័ន្ទហេង នៅ​ក្នុង​ពិធី​នេះ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ៖​ នៅ​ពេល​លោក​ជំទាវ ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ ​បាន​ឃើញ​គេ​ដាក់​តាំង​តួអង្គ​ព្រះ​កែវ ដែល​ធ្វើ​អំពី​ព្រះ​កែវ​មរកត​ជា​របស់​បុព្វ​បុរស​ខ្មែរ​គោរព​បូជា​តាំងពី​បុរាណ លោកជំទាវ​បាន​លួច​សុំ​ជាវ​ពី​ជនជាតិ​ថៃ​យ៉ាង​សម្ងាត់ ដើម្បី​យាង​ដង្ហែ​​ព្រះអង្គ​មក​គង់នៅ​ក្នុង​ទឹកដី​ខ្មែរ​សុំ​សេចក្តីសុខ​សប្បាយ​វិញ​ដូច​ពី​ដើម។ ក្រោយពី​ជាវ​បាន​លោកជំទាវ​បាន​ទាក់ទង​សុំច្បាប់​ពី​ប្រទេស​ថៃ និង​ប្រទេស​ខ្មែរ​ដើម្បី​ដង្ហែ​​ព្រះអង្គ​មក​ប្រទេស​កម្ពុជា​វិញ តែ​អាជ្ញាធរ​ថៃ និង​ខ្មែរ​មិន​អនុញ្ញាត​ឡើយ។ បន្ទាប់មក​លោកជំទាវ បាន​ទុក​ព្រះ​​អង្គ​នៅក្នុង​ប្រទេស​ថៃ​រយៈពេល​៣​ខែ​ទៀត។

ក្រោយពី​សុំច្បាប់​គេ​ដង្ហែ​ព្រះអង្គ​កែវ​មក​ប្រទេស​ខ្មែរ​មិន​បាន​ លោកជំទាវ​គ្មាន​វិធី​អ្វី​ក្រៅពី​បន្លំ​ដឹក​ព្រះអង្គ​តាម​ទំនិញ​ឡើយ ហើយ​លោកជំទាវ​បាន​អុជ​ធូប​បួងសួង​ថា បើ​ព្រះ​កែវ​ពិតជា​មានបុណ្យ​បារមី​ពិតប្រាកដ​មែន សូម​ឲ្យ​ព្រះ​​អង្គ​បាន​ឆ្លង​ផុត​ព្រំដែន​ដោយ​សុវត្ថិភាព​ ដើម្បី​បាន​មក​គង់នៅ​ក្នុង​មាតុប្រទេស​វិញ។

ដឹងអី​ថា ក្រោយមក​ព្រះអង្គ​កែវ​បាន​យាង​មក​តាម​រថយន្ត​ដឹក​អីវ៉ាន់​មកដល់​ផ្ទះ​លោកជំទាវ ដោយ​គ្មាន​អ្នកណា​មួយ​ដឹង​ជាមុន​ឡើយ សូម្បីតែ​អ្នក​បើក​រថយន្ត​ដឹក​អីវ៉ាន់​ក៏​មិនបាន​ដឹង​ថា ព្រះអង្គ​កែវ​បាន​យាង​មក​តាម​រថយន្ត​គាត់​ដែរ នេះ​ហើយ​គឺជា​បុណ្យ​បារមី​ដ៏​ពូ​កែ​សក្ដិសិទ្ធិ​របស់​ព្រះអង្គ​កែវ ចង់​មក​គង់នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​វិញ។

លោក ឈឹម វុ​ឌ្ឍា អភិបាលស្រុក​កំពង់ត្រឡាច បាន​ថ្លែង​នៅក្នុង​ពិធី​​​បុណ្យ​នេះ​ថា ​៖ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកជំទាវ​បណ្ឌិត សៀង ច័ន្ទហេង ដែល​ក្នុងនាម​លោកជំទាវ​ជា​ពុទ្ធសាសនិក​កាន់​ព្រះពុទ្ធសាសនា លោកជំទាវ មាន​មនសិការ​ជាតិ​យ៉ាង​ជ្រាលជ្រៅ បាន​លះបង់​ធនធាន​ដ៏​មានតម្លៃ​នាំ​យក ព្រះ​កែវ​មរកត ពី​ប្រទេស​ថៃ​ធ្វើបុណ្យ​ដង្ហែ​យក​មក​តម្កល់ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា នៅ​ក្នុង​វត្ត​ត្រឡែងកែង ដែល​ជា​កន្លែង​ទីក្រុង​លង្វែក​ពី​សម័យ​បុរាណ​វិញ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​បាន​សុខ​សប្បាយ​តរៀង​ទៅ។

ដោយឡែក​នៅក្នុង​ព្រឹក​ថ្ងៃទី​២៦ ខែមករា នេះដែរ​ លោកជំទាវ សៀង ច័ន្ទ​ហេង គណៈកម្មការ​វត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន សមត្ថកិច្ច អាជ្ញាធរ​ស្រុក និង​លោក​អភិបាលរង​ខេត្ត ក៏បាន​ចូលរួម​ប្រារព្ធ​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា កសាង​ឈាបនដ្ឋាន​ មួយ​កន្លែង​នៅ​ក្នុង​វត្ត​ត្រឡែងកែង​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដែលជា​អំណោយ​របស់​លោក​ជំទាវ សៀង ច័ន្ទហេង ផងដែរ។

នៅក្នុងពេល​នោះដែរ លោកជំទាវ ក៏បាន​ប្រកាស​ឲ្យ​ដឹងថា​ ៖ លោកជំទាវ នឹង​ជួយ​ជួសជុល​ដំបូល​ព្រះវិហារ​វត្ត​ត្រែង​កែវ​ឲ្យ​បាន​ថ្មី​ឡើងវិញ និង​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នៅ​ខាង​ជើងវត្ត​ឲ្យ​បានល្អ​ស្អាត​ឡើងវិញ​ផង​ដែរ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង​សូម​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ ​តាម​ជួយ​ថែរក្សា​ការពារ និង​ជួយ​ចម្រុងចម្រើន ឲ្យ​ក្រុម​ហេង​អភិវឌ្ឍន៍​រកស៊ី​កាន់​តែ​មាន​បាន​បន្ថែម​ទៀត​រហូត​ត​រៀង​ទៅ៕

កម្ពុជា​ថ្មី
ឈាង ថារិទ្ធ

No comments: