ជាតិ

ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ជន​ដៃដល់​ វាយ​រូបសំណាក​លោកយាយ​ទេព



សៀមរាប​ ៖ ​ប្រជាពលរដ្ឋ​ ដែល​តែងតែ​នាំគ្នា​ទៅ​គោរព​បូជា​នៅ​រូបសំណាក​លោកយាយ​ទេព ​ដែល​ស្ថិតនៅ​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​នៅ​ព្រឹក​ម្សិលមិញ​នេះ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ពង្រឹង​ការ​ការពារ​រូបសំណាក ឬ​វត្ថុ​បុរាណ​ ដែល​មាន​នៅ​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ ព្រោះ​វត្ថុ​ និង​រូបសំណាក​បុរាណ​ទាំងនេះ​មានតម្លៃ​ណាស់​សម្រាប់​វប្បធម៌​ទំនៀម​ទម្លាប់​ប្រពៃណី​សម្រាប់​ប្រទេសជាតិ។ ការស្នើសុំ​បែបនេះ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​មាន​ជនខិលខូច​បាន​យក​ខ្សែក្រវាត់​ទៅ​វាយ​រូបសំណាក​លោកយាយ​ទេព​បែក.ក​ និង​ក្ដោងច្រមុះ​កាលពី​វេលា​ម៉ោង​១១​និង​៣០​យប់​នាទី​ថ្ងៃ​ទី​២៣​ខែ​មករា។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា រូបសំណាក​លោកយាយ​ទេព​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​គ្រប់ទិសទី​រួមជាមួយ​នឹង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​បាន​ទស្សនា​ខេត្តសៀមរាប​ ក៏​តែងតែ​បានមក​គោរពបូជា ដើម្បី​សុំ​សេចក្តីសុខ​នៅទីនេះ​ផងដែរ ដូច្នេះ​អាជ្ញាធរ​គួរ​ត្រូវការពារ​ឲ្យ​បានល្អ មិនត្រូវ​ឲ្យ​ជនខិលខូច​មក​វាយដំ​តាមតែ​អំពើ​ចិត្ត​បែបនេះ​នោះទេ​។

លោកតា ស៊ីម សាន ជា​អ្នក​មើលថែ​រូប​សំណាក លោកយាយ​ទេព​បាន​ឲ្យ​ដឹងថា ករណី​ជនខិលខូច​មក​វាយដំ​លើ​រូបសំណាក​លោកយាយ​ទេព​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​យប់​នាទី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ដោយ​ជនសង្ស័យ​បាន​ជិះ​កង់​មកដល់​យក​ខ្សែក្រវាត់​មក​វាយ​ធ្វើ​ឲ្យ​បែក​ក្តោង​ច្រមុះ ហើយ​រឿង​នេះ​លោក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អស់ហើយ។

ពាក់ព័ន្ធ​ករណីនេះ​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពង្រឹង​បន្ថែម​នូវ​ការ​ការពារ​រូបសំណាក ​និង​វត្ថុ​បុរាណ​ទាំងអស់​នៅក្នុង​ខេត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​បញ្ជាក់ថា ចំពោះ​ករណី​ជនខិលខូច​វាយដំ​រូបសំណាក​លោកយាយ​ទេព​នេះ​ លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ស្រាវជ្រាវ​ចាប់​ជនដៃដល់​មក​ធ្វើ​ផ្តន្ទាទោស​តាមច្បាប់​ហើយ។

រឿងរ៉ាវ​លោក យាយ​ទេព គឺ​វែង​ឆ្ងាយ​ណាស់ ពោល​គឺ​មាន​អ្នក​ប៉ង យក​រូបសំណាក សង្ស័យ​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ​តែ​ត្រូវ​អាជ្ញាធរ​ការពារ​ទាន់៕

កម្ពុជា​ថ្មិ​
កុសល​

No comments: