ជាតិ

បាន​រដ្ឋបាល​ត្រាំ ជា​ខ្នងបង្អែក អ៊ីស្រាអែល​បន្ត​សង់ផ្ទះ​លើដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​



គ្រាន់តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចូលធ្វើការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង សម្ព័ន្ធមិត្ត​អាមេរិក​អ៊ីស្រាអែល ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​គម្រោង​លំនៅដ្ឋាន​ថ្មី ចំនួន ២៥០០ ខ្នង​នៅ​ទឹកដី West Bank នៅ​ថ្ងៃ​អង្គារ​ទី ២៤​មករា​។ ការសម្រេច​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​មាន​ការបន្ត​គម្រោង​សាងសង់​លំនៅដ្ឋាន​ច្រើនជាង ៥០០​ខ្នង​នៅលើ​ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​។ អ៊ីស្រាអែល​កំពុង​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​ជាពិសេស​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ត្រូវ​បានអនុម័ត​កាលពី​ខែធ្នូ​កន្លងទៅ​នេះដែរ​។ ប្រកាន់​ជំហរ​ផ្ទុយ​ពី​អាមេរិក អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​រួមដៃគ្នា​ថ្កោលទោស​អ៊ីស្រាអែល​។​

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖


​រដ្ឋាភិបាល​អ៊ីស្រាអែល បានសម្រេច​អនុម័ត​គម្រោង​ថ្មី​ទៀត​ដែល​សំដៅ​ដល់​ការសង់​សំណង់​លំនៅដ្ឋាន ២៥០០​ខ្នង​នៅលើ​ទឹកដី West Bank ។ យោងតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Avigdor Lieberman បាន​បញ្ជាក់ថា គម្រោង​សាង់សង់​លំនៅដ្ឋាន​នៅក្នុង​ទឹកដី West Bank នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​កង្វះខាត​លំនៅដ្ឋាន​របស់​ប្រជាជន​អ៊ីស្រាអែល​នៅក្នុង​តំបន់​ប៉ុណ្ណោះ​។​

​គម្រោង​សាងសង់​លំនៅដ្ឋាន​រាប់ពាន់​ខ្នង​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ព្រម​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផ្ទះសម្បែង​ច្រើនជាង ៥០០ ខ្នង​នៅក្នុង​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​ដែល​ខ្លួន​កាន់កាប់​ដោយ​ខុសច្បាប់​នោះ​។ ហើយ​វា​ក៏​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ជា​ផ្លូវការ​។​

១.​បាន​រដ្ឋបាល ត្រាំ ជា​ខ្នងបង្អែក អ៊ីស្រាអែល​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​គ្មាន​ខ្លាចរអា​

​ការអនុញ្ញាត​ឲ្យ​មាន​រៀបចំ​សង់​លំនៅដ្ឋាន​រាប់ពាន់​ខ្នង​នៅលើ​ទឹកដី West Bank និង ហ្ស៊េ​រុយ​សា​ឡិ​ម ជា​សកម្មភាព​មួយ​ផ្គើន​សហគមន៍​អន្តរជាតិ ហើយ​វា​ក៏​ជាការ​រំលោភ​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ​ដែលមាន​ជា​ធរមាន​ដែរ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ណេ​តាន់ យ៉ា​ហ៊ូ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​បន្ត​សាងសង់​លំនៅដ្ឋាន​នេះ​ទៀត​។

​យោងតាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អ៊ីស្រាអែល​ត្រូវ​បញ្ឈប់​ឲ្យ​អស់​រាល់​សកម្មភាព​សង់​លំនៅដ្ឋាន​នៅលើ​ដី​ប៉ា​ឡេ​ស្ទី​ន​នេះ ដែល​វា​ជា​វិធានការ​មួយ​ដែល​ធានាថា ដំណើការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​មិន​ត្រូវបាន​បំផ្លិចបំផ្លាញ​ទេនោះ​។

​អ៊ីស្រាអែល​ហាក់បីដូចជា​មិន​ខ្លាចរអា​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​អន្តរជាតិ​ដែល​គ្រប់គ្នា​គោរព​ឡើយ​។ ប៉ុន្តែ វា​ក៏ដោយ​សារ​រដ្ឋ​អ៊ីស្រាអែល​នេះ​ឡើងចាង​ដោយសារ​តែមាន​ដូ​ណា​ល់​ត្រាំ ជា​ខ្នងបង្អែក​នៅពេល​បច្ចុប្បន្ន​។

​ខុសពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ដែល​គាំទ្រ​រដ្ឋ​ជី​ហ្វ​អ៊ីស្រាអែល​ដ៏​ខ្លាំងក្លា​មួយ ហើយ​លោក​បាន​ទូរ​សព្ទ​ទៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​និង​អញ្ជើញ​មេដឹកនាំ​រូបនេះ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាមេរិក​នៅ​ខែកុម្ភៈ​ថែមទៀត​។ លោក​បាន​រៀបរាប់ថា អាមេរិក​នៅតែមាន​ជំហរ​ការពារ​ប្រយោជន៍​អ៊ីស្រាអែល និង បន្ត​ជួយ​ជ្រោមជ្រែង​ការស្វែងរក​សន្តិភាពរ​វាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នៅពេល​ខាងមុខ​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​បានសម្រេច​អនុម័ត​ដំណោះស្រាយ​មួយ​ថ្កោលទោស​សំណង់​លំនៅដ្ឋាន​អ៊ីស្រាអែល​កាលពី​ចុងខែ​ធ្នូ​កន្លងទៅ ហើយ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅឡើយ​នោះ​មិនបាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដំណោះស្រាយ​នេះ​ដើម្បី​ផ្គាប់ចិត្ត​អ៊ីស្រាអែល​ឡើយ​។ ដូ​ណា​ល់ ត្រាំ បាន​ទិតៀន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាស់ដៃ ហើយ​លោក​ចាត់ទុក​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​បទបញ្ញត្តិ​ដែលមាន​ច​រិ​ក​ប្រឆាំង​អ៊ីស្រាអែល ទៀត​។​

​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏​ហ៊ាន​សន្យាថា រដ្ឋបាល​លោក នឹង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែល​វា​ជាការ​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការកាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​អ៊ីស្រាអែល​។ ប៉ុន្តែ ការទទួលស្គាល់​ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​ស្របច្បាប់ ជាការ​ព្យាយាម​បំផ្លាញ​ផ្លូវ​ឆ្ពោះទៅរក​សន្តិ​សុភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ទៅវិញ​ទេ​។

​ត្រឡប់មកវិញ ពាក់ព័ន្ធ​បញ្ហា​សំណង់ផ្ទះ​អ៊ីស្រាអែល​នេះ អង្គការសហប្រជាជាតិ​និង​អឺរ៉ុប មិន​រណប​អាម​រិ​ក​ឡើយ ហើយ​បាន​រួមគ្នា​ថ្កោលទោស​រដ្ឋាភិបាល​អ៊ីស្រាអែល​។ អ្នកនាំពាក្យ​អគ្គលេខាធិការ​សហប្រជាជាតិ Antonio Guterres លោក Stephane Dujarric បានលើកឡើង​ដូច្នេះ​ថា​៖ «​សកម្មភាព​ឯកតោភាគី​ក្លាយជា​ឧបសគ្គ​សម្រាប់​ការអនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ ហើយ​វា​ជា​ក្តីកង្វល់​ធំ​បំផុត​របស់លោក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ សម្រាប់​លោក​ផ្ទាល់ វា​គ្មាន​ផែនការ​បន្ទាប់​ទេ សម្រាប់​ដំណោះស្រាយ​រដ្ឋ​ពីរ​នេះ​»​។​

២.​ប៉ា​ឡេ​ស្ទី​ន​បាន​ត្រឹម​ថ្កោលទោស​អ៊ីស្រាអែល​

​ស្របពេល​អ៊ីស្រាអែល​បន្ត​រំលោភបំពាន​ច្បាប់​អន្តរជាតិ​មិន​ញរ​ញើ​ត អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បានត្រឹមតែ​ថ្កោលទោស​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Nabil Abu Rdeneh បាន​សង្កត់ធ្ងន់ថា អ្វីដែល​អ៊ីស្រាអែល​កំពុង​ធ្វើជា​ការបំផ្លាញ​ឆន្ទៈ​កសាង​សន្តិភាព​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។ លោក​បន្តថា​អ៊ីស្រាអែល​កំពុង​ប្រឆាំង​ចំណាត់ការ​សហគមន៍​អន្តរជាតិ និង​ពិភពលោក​ទាំងមូល ហើយ​លោក​ទទូច​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​ធ្វើគ​ធ្វើ​ថ្លង់​ចំពោះ​បញ្ហា​នេះ​ទៀត​។

​យ៉ាងណាមិញ ក្រៅពី​រងគ្រោះ​ដោយសារ​សំណង់​លំនៅដ្ឋាន ប្រជាជន​ប៉ា​ឡេ​ស្ទី​ន បច្ចុប្បន្ន​ប្រឈម​បញ្ហា​ច្រើន ដូច​បានបញ្ជាក់​ខាងដើម រួមមាន​ទាំង គម្រោង​ប្តូរ​ស្ថានទូត​របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ផង​នោះ​។ បើសិនជា​មានការ​ប្តូរ​ស្ថានទូត​តាម​ការលើកឡើង​របស់ ដូ​ណា​ល់ ត្រាំ មែន វា​នឹង​ក្លាយជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់ ប៉ា​ឡេ​ស្ទី​ន​។​

​ពាក់ព័ន្ធ​ការប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​នេះ កាលពី​ពាក់កណ្តាល​ខែមករា លោក Mahmoud Abbas បាន​ផ្ញើលិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​បាន​ឆ្លៀត​ព្រមាន​ថា ការ​ឈានទៅ​ប្តូរ​ទីតាំង​ស្ថានទូត​នោះ​នឹងមាន​ផល​អាក្រក់​និង​គ្រោះថ្នាក់​ខ្លាំង​។ វា​បំផ្លាញ​ដំណោះស្រាយ​រដ្ឋ​ពីរ និង​រារាំង​ដំណើរ​ការកសាង​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ផង​។​

​ក្រៅពី​បញ្ជូន​លិខិត​ទៅ​លោក ដូ​ណា​ល់ ត្រាំ លោក Mahmoud Abbas ក៏បាន​ផ្ញើលិខិត​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​, ចិន និង​សហភាព​អឺរ៉ុប​ផងដែរ​ដោយ​លោក​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងនោះ​រារាំង​អាមេរិក​កុំ​ឲ្យ​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។

​ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​រដ្ឋ​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: