
ការចេញលិខិតបង្គាប់ប្រតិបត្តិបញ្ចប់សមាជិកភាពអាមេរិកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់ក្តីសង្ឃឹមរបស់ប្រទេសអាស៊ានមួយចំនួនដែលមានមហិច្ឆតាចង់ចាប់យកឱកាសពាណិជ្ជកម្មជាមួយនឹងប្រទេសសេដ្ឋកិច្ចធំ។ សិង្ហបុរី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ បាននិយាយថា នឹងបន្តកិច្ចប្រឹងប្រែងពាណិជ្ជកម្មសេរី និងសមាហរណកម្មក្នុងតំបន់វិញ ដ្បិតកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក មិនមានន័យអ្វីឡើយបើគ្មានអាមេរិកនោះ។
លោកប្រធានាធិបតីទើបកាន់តំណែងអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៣ មករា បានចេញលិខិតបង្គាប់ប្រតិបត្តិដោយសម្រេចដកសមាជិកភាពអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរវាងប្រទេសទាំង១២នៅប៉ាស៊ីហ្វិក។ ការបញ្ចប់សមាជិកភាពរបស់រដ្ឋបាលថ្មីអាមេរិកនេះ បានធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ទើរតែក្លាយជាក្រដាសគ្មានន័យទៅហើយ ដ្បិតបើគ្មាន អាមេរិក កិច្ចព្រមព្រៀង ក៏មិនអាចចូលជាធរមានផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជម្ម និងឧស្សាហកម្មសិង្ហបុរី នៅថ្ងៃទី២៤ មករា បានអះអាងយ៉ាងដូច្នេះថា៖«សិង្ហបុរី នឹងប្តេជា្ញអនុវត្តប្រព័ន្ធពាណិជ្ជកម្មដែលស្របតាមនីតិរដ្ឋ និងសមាហរណកម្មតំបន់ឲ្យកាន់តែល្អប្រសើរ។ កិច្ចព្រមព្រៀងដែលបានចរចាដោយភាគី TPP គឺជាមាគ៌ាមួយដើម្បីសម្រេចឲ្យបានកញ្ចប់ពាណិជ្ជកម្មកាន់តែល្អប្រសើរ ដែលនឹងជួយលើកកម្ពស់ការលូតលាស់ឱកាស និងការបង្កើតការងារនៅក្នុងគ្រប់ប្រទេសសមាជិក»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រសួង ក៏បានបន្ថែមទៀតថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះមិនអាចទៅមុខបានក៏ដោយ នៅមានគំនិតផ្តួចផ្តើមសមាហរណកម្មក្នុងតំបន់ជាច្រើនផ្សេងទៀត កំពុងតែដំណើរការ ដែលរាប់បញ្ចូល ភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយចិន និងសំណើសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកផងដែរ។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬ ហៅថាTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែល បង្កើតឡើងដោយរដ្ឋភាគីទាំង១២ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ភាគីទាំង១២រួមមាន អាមេរិក អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាមផងដែរ។ កិច្ចព្រមព្រៀងនេះ ទទួលហត្ថលេខាពីបណ្តាប្រទេសទាំងដប់ពីរនៅចុងឆ្នាំ២០១៥ បន្ទាប់ពីភាគីពាក់ព័ន្ធ បានចរចាជាសម្ងាត់អស់រយៈពេលជាង៥ឆ្នាំហើយនោះ។
កិច្ចព្រមព្រៀងដែលត្រូវបានរំពឹងថាមានទំហំសរុបប្រមាណ៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោកនេះ ផ្តោតសំខាន់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការលុបបំបាត់របាំងពន្ធគយលើទំនិញរាប់ម៉ឺនមុខ ការកំណត់បទដ្ឋានពលកម្មនិងបរិស្ថាន និង ការការពារកម្មសិទ្ធិបញ្ញាផងដែរ។ ។ កន្លងមកសិង្ហបុរី និងប្រទេសអាស៊ានមួយចំនួនផ្សេងទៀត បានបង្ហាញសុទិដ្ឋិនិយមខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ ដោយរំពឹងថា នឹងអាចបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនកាន់តែទូលំទូលាយជាពិសេសនោះ ជាមួយនឹងដែលសក្តានុពលពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះ ម៉ាឡេស៊ី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងផងដែរនោះ ក៏បានសម្តែងការខកចិត្តផងដែរ ដោយម៉ាឡេស៊ី យល់ឃើញថា ការមិនអាចធ្វើឲ្យកិច្ចព្រមព្រៀងនេះ មានសុពលភាពដើម្បីអនុវត្ត គឺជាការបាត់បង់ឱកាសពាណិជ្ជកម្មមួយដ៏ធំ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី Mustapa Mohamed នៅថ្ងៃទី២៤ មករា បានថ្លែងប្រតិកម្មទៅនឹងការលិខិតបង្គាប់របស់ប្រធានាធិបតីអាមេរិកយ៉ាងដូច្នេះថា៖« ...ប្រសិនបើ TPP បរាជ័យក្នុងការអនុវត្ត អ្វីដែលម៉ាឡេស៊ីត្រូវផ្តោតសំខាន់នោះ គឺពង្រឹងដំណើរការសមាហរណកម្មអាស៊ានក្នុងក្របខណ្ឌផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥, ជំរុញឲ្យបានកិច្ចព្រមព្រៀងដែលផ្តួចផ្តើមដោយចិន RCEP ក៏ដូចជា បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរួមមានទាំងសមាជិករបស់ TPP ផងដែរនោះ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ក្រុមអ្នកចរចារបស់ TPP ដែលមានមកពីប្រទេស១១ផ្សេងទៀត នឹងបន្តទាក់ទងគ្នាជាធម្មតាជាមួយនឹងគ្នាទៅវិញទៅមក ហើយ ពួកគេ ក៏នឹងពិចារណាពីលទ្ធភាពជម្រើសផ្សេងៗទៀត មុននឹងឈានដល់សម្រេចចិត្តនៅក្នុងដំណាក់បន្ទាប់៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment