ជាតិ

អង្គការ​សហ​ប្រជាជាតិ​អំពាវ​នាវ​ឲ្យ​កម្ពុជា​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្សជា​បន្ទាន់

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជាជាថ្មី​ទៀត ឲ្យ​ដោះ​លែង​ជា​បន្ទាន់ដល់​មន្ត្រី​អាដហុកនិង​ គ.ជ.ប ខណៈ​គម្រោង​ចរចាផ្នែកនយោបាយដែលគេរំពឹងថា នឹងឈានទៅដោះស្រាយបញ្ហាទាំងនោះ ត្រូវបានគណបក្សកាន់អំណាចលុបចោល​។

អស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុកមាន​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា លោកស្រី លឹម មុនី និង​មន្ត្រី​ គ.ជ.ប លោក​ នី ចរិយា ត្រូវបានសាលា​ដំបូង​រាជធានី​​ភ្នំពេញស​ម្រេ​ច​ឲ្យឃុំខ្លួន​បណ្តោះ​សន្ន​ទាក់ទង​នឹងបទ​ចោទ​សូក​ប៉ាន់​សាក្សី​ ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែល​ត្រូវបានគេទម្លាយ​ថាជាស្រីកំណាន់​របស់​លោក​ កឹម សុខា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៥ មករា ឆ្នាំ​២០១៧ ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សដែល​មាន​ទីស្នាក់​ការ​នាទីក្រុង​ហ្ស៊ឺ​ណែវ​ ប្រទេស​ស្វី​ស​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ពន្យល់ពី​មូល​ដ្ឋានច្បាប់​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំនាក់​នោះ​ និង​បាន​ជម្រុញ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ ដោយ​ថា​​កម្ពុជាកំពុង​តែរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។

ក្នុង​សេច​ក្តី​ប្រកាសព័ត៌មាននោះ​បាន​ដក​ស្រង់​សំដី​របស់អ្នក​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៃ​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​កម្ពុជាលោក​ស្រី ​រ៉ូណាល់​ ស្មីត ថា​កម្ពុជា​កំពុង​តែ​បំពាន​ទៅ​លើ​កត្តិការ​សញ្ញា​អន្តរជាតិ​ស្តី​សិទ្ធិ​ពល​រដ្ឋ​និង​នយោបាយដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ ហើយ​ថា​វា​ល្ម​ម​ដល់​ពេលគ្រប់គ្រាន់​ហើយ​ដែល​ត្រូវ​ដោះ​លែង​អ្នក​ទាំង​នោះ។

លោក​ស្រី ស្មីត និយាយថា៖ «អ្នក​ទាំង​៥​រូប​នោះ​ត្រូវបាន​ចាប់​ចំណាប់ខ្មាំង​យូរ​គ្រប់​គ្រាន់​ហើយ​ វា​ដល់​ពេល​វេលា​ដោះ​លែង​ពួកគេ​ហើយ។ … ដរាប​ណា​ការ​តវ៉ា​ក្នុង​យុទ្ធ​នាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នៅ​តែ​ត្រូវ​បាន​ហាមឃាត់ ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​ផ្តន្ទាទោស​ ហើយ​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ពួកគេ​មិន​ទាន់​ទទួល​យក​បាន​នោះ​ ការ​អះអាង​ណា​មួយ​ដែល​ថា​កម្ពុជាគោរព​សិទ្ធិ​មនុស្ស​ នឹង​ត្រូវ​បានគេ​មើល​ឃើញ​ថា​ជា​ការ​​អាម៉ាស់យ៉ាង​ខ្លាំង»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គណកម្មាការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​នៅ​ឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ មករា​នេះ ដោយ​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោកបណ្ឌិត​ មាស នី បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយវី​អូ​ឌី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថាការ​នៅ​តែ​បន្តឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្សនិង​អគ្គលេខា​ធិការ​រង គ.ជ.ប​ នេះ​វា​ជា​ការដែល​​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​ចេះ​ចប់និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​បក្ស​ប្រជា​ជននិង​រដ្ឋាភិបាលកម្ពុជា​​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​កាន់​តែ​ខ្លាំង​ឡើង​​ផង​ដែរ។

លោកមាន​ប្រសាសន៍​ថា៖ «តាមខ្ញុំមើលទៅ ការបន្តការឃុំឃាំងនេះ វាធ្វើឲ្យ​ស្ថាន​ភាព​នយោ​បាយ​ទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែអាក្រក់ថែមទៀត។ ខ្ញុំមិនដឹងថារដ្ឋាភិ​បាល​នៅឱប​ដុំភ្លើង​មួយ​ដុំហ្នឹងទុកធ្វើអីទៀត។ បើយើងមើលទោសទណ្ឌអីទៅ ក៏វាមិនត្រូវជាប់យូរបែបហ្នឹងទេ បើយើង​ប្រៀបធៀបជាមួយនឹងថ្លៃខ្សាច់ប៉ុន្មានរយលានដុល្លារ ដែលមិនមាននរណាខ្វល់ខ្វាយ ហើយ​តាម​អ្វីដែល​លេចនូវសំឡេងឆ្លើយឆ្លើយគ្នារវាងថ្នាក់ដឹកនាំខ្មែរជាន់ខ្ពស់ទាក់ទងនឹងលុយរាប់លាន​ដុល្លារទៀត ក៏គ្មាននរណាខ្វល់ខ្វាយលូកដៃទៅស្រាវជ្រាវរកលុយហ្នឹងឲ្យឃើញមក ហើយ​ទុកការ​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្សនិង គ.ជ.ប. ហ្នឹងឲ្យនៅត្រាំត្រែងវេទនា»។

លោក​ មាស នី បន្ថែម​ថា​បក្សកាន់​អំណាច​គួរតែ​ពិចារណា​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​​ចប់​ ហើយ​ងាក​មក​ធ្វើ​ផ្តោត​បញ្ហា​ជាតិ​វិញ មិន​គួ​រ​​ទុក​រឿង​នេះនាំ​ឲ្យ​ខ្លួន​រង​ឈ្មោះ​អាក្រក់​នោះ​ទេ។​

កាលពី​ថ្ងៃ​អង្គារ ទី​២៤ មករា​កន្លង​ទៅ ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​៥នាក់​នោះ​ក៏​បាន​ទៅ​ដាក់​​ញ្ញាត្តិនៅ​ខុទ្ទការ​ល័យ​ព្រះ​មហាក្សត្រនិង​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ផង​ដែរ​ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាពវិញ ដោយ​ថា​ការ​​អូ​សបន្លាយ​ឃុំ​ខ្លួន​អ្នកទាំង៥ទាំង​​​រកមិន​​ឃើញ​កំហុស​នេះ ​វា​ជា​ភាព​​​​អយុត្តិ​​ធម៌ធ្លាក់​មក​លើអ្នកការពារសិទ្ធិ​មនុស្ស។

គួរ​បញ្ជាក់​ផង​ដែរ​ក្តី​សង្ឃឹម​ក្នុង​ការ​មាន​ការដោះ​លែង​អ្នក​ទាំង​៥នាក់​នេះ​ត្រូវ​បាន​បាន​លោក ស ខេង បង្ហើប​ម្តង​កាលពី​ចុងឆ្នាំ​២០១៦។ ពេលនោះលោក​ថា​អាច​នឹង​មាន​ការ​ចរចាជា​មូយ​បក្ស​ប្រឆាំង​ក្នុង​ការ​សម្រប​​​សម្រួល​ដោះ​លែង​អ្នក​ទាំង​នោះ​ តែ​នៅ​ពេល​ថ្មី​នេះ​លោក​ ហ៊ុន សែន​ បានប្រកាស​ពីក្រៅប្រទេស​វិញ​ថាខ្លួន​លែង​ចង់​មានការ​ចរចាជា​មួយ​បក្ស​ប្រឆាំង​ទៀត​ហើយ​។ ​​លោក​ ហ៊ុន សែន អះអាងថា​បក្ស​ប្រឆាំង​តែង​តែប៉ុនប៉ង​​ប្រើ​ប្រាស់​ការ​ចរចានេះ​ដើម្បី​​​ដោះ​លែងមនុស្ស​មួយចំនួន​​ ដែល​លោក ​ហ៊ុន សែន​ ថា​​ជា​ការ​បំពាន​ដល់​អំណាច​តុលាការ​៕

VOD
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​

No comments: