
ភ្នំពេញ៖ ក្រុមយុវជនល្ខោនខោលកម្ពុជានៃសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសម្តែងមួយឈ្មោះថា ផ្ទះសិល្បៈ កាលពីថ្ងៃទី១៥ មករា ។ សិល្បៈបុរាណខ្មែរជាច្រើនទម្រង់ មានដូចជា របាំបុរាណ ល្ខោនយីកេ របាំប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ និងការសម្ដែងល្ខោនខោលជាដើមត្រូវបានលើកយកបង្ហាញជូនអ្នកទស្សនាដែលភាគច្រើនជាយុវវ័យ។ ទម្រង់សិល្បៈបុរាណទាំងនេះ បានអន្ទងចិត្តយុវវ័យទាំងនោះ ឲ្យជក់ចិត្ត ចង់ទស្សនាទស្សនីយភាពនេះ ម្តងហើយម្តងទៀត។
ក្រុមយុវជនល្ខោនខោលកម្ពុជា បានរៀបចំកម្មវិធីផ្ទះសិល្បៈ កាលពីថ្ងៃទី១៥ ខែមករា នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីលើកស្ទួយសិល្បៈបុរាណខ្មែរ និងចូលរួមផ្សព្វផ្សាយវប្បធម៌ ជាពិសេសចង់ផ្សព្វផ្សាយឲ្យសាធារណជនទូទៅ បានស្គាល់សាលាមធ្យមវិចិត្រសិល្បៈផង។ ជាព្រឹត្តិការណ៍លើកទីមួយ ដែលប្រមូលផ្តុំទម្រង់សិល្បៈជាច្រើនប្រភេទ រាប់តាំងពីការសម្តែងរបាំបុរាណ ល្ខោនយីកេ របាំប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ ការសម្ដែងល្ខោនខោល ចាប៉ីដងវែង ចម្រៀងសម័យ សៀក ក្បាច់គុណល្បុក្កតោ ការបង្ហាញម៉ូតសម្លៀកបំពាក់កែច្នៃពីវត្ថុដែលគេបោះបង់ចោល ការតាំងពិព័រណ៌ និងល្បែងកម្សាន្តជាដើម។
មើលមួយភ្លែតវាហាក់ដូចជាកម្មវិធីសិល្បៈធម្មតា ដែលកម្រមានមនុស្ស ជាពិសេសយុវជនអើពើជាមួយណាស់ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។ ប៉ុន្តែលើកនេះមានការចាប់អារម្មណ៍ខុសធម្មតា។ ទស្សនិកជន ភាគច្រើនជាយុវជន ប្រជ្រៀតគ្នា ខ្លះឈរ ខ្លះអង្គុយ នៅក្នុងសាលសម្តែង។ ពួកគេនាំគ្នាមកមើលល្ខោនខោល ដែលគេលើកយកឈុត គជរី គជរឹង មកសម្ដែង។
យុវជន អ៊ុំ វ៉ាន់វឌ្ឍនា ជានិស្សិតឆ្នាំទី៤ផ្នែកសំណង់ បានចំណាយពេលប្រហែល២ម៉ោង ទស្សនាការសម្ដែងសិល្បៈនានានៅក្នុងសាលសាលាមធ្យមវិចិត្រសិល្បៈ។ ប៉ុន្តែក្នុងចំណោមសិល្បៈទាំងនោះ បានធ្វើឲ្យយុវជនរូបនេះ ចាប់អារម្មណ៍ការសម្ដែងល្ខោនខោលជាងគេ ដោយបានសរសើរមិនដាច់ពីមាត់ថាអស្ចារ្យខ្លាំងណាស់។ យុវជន អ៊ុំ វ៉ាន់វឌ្ឍនា និយាយថា៖ «ការសម្ដែងល្ខោនខោល គឺតួអង្គ និងសាច់រឿង មានភាពប្រទាក់ក្រឡាគ្នា ពីមួយវគ្គទៅមួយវគ្គ ពេលទស្សនាហើយមានអារម្មណ៍ជក់ចិត្តខ្លាំងណាស់ ធ្វើឲ្យអារម្មណ៍ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង។ ម្យ៉ាងទៀត ខ្ញុំធ្លាប់តែសិក្សាពីរឿងរាមកេរ្តិ៍ និងមិនធ្លាប់បានស្គាល់តួអង្គឲ្យបានច្បាស់លាស់នោះទេ»។
ក្នុងកម្មវិធីផ្ទះសិល្បៈ មានការសម្ដែងល្ខោនខោល ចំនួនពីរលើក នៅពេលព្រឹក និងនៅពេលរសៀល។ បើតាម លោក ខុន ច័ន្ទសិទ្ធិការ្យ ជាគ្រូបង្រៀនល្ខោនខោល និងជាប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា ការលើកយកល្ខោនខោលមកសម្ដែង គឺចង់លើកកម្ពស់ការយល់ដឹងអំពីតម្លៃ ព្រោះល្ខោនខោលមានវ័យចំណាស់។ អ្វីដែលជាកត់សម្គាល់របស់ប្រធានក្រុមរូបនេះ ការសម្តែងល្ខោនខោល ហាក់មានភាពទាក់ទាញជាងគេ។ ទាក់ទាញ ពីព្រោះ ល្ខោនខោលភាគច្រើនត្រូវបានយកទៅសម្ដែងនៅក្នុងព្រះបរមរាជវាំងតែប៉ុណ្ណោះ កម្រនឹងសម្ដែងជូនទស្សនិកជនទស្សនាណាស់។ ម្យ៉ាងទំនងជាកន្លងមកមានព័ត៌មានថាប្រទេសថៃ ចង់ដាក់បញ្ចូលល្ខោនខោល ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
សម្រាប់យុវតី ស្រីទី ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ការចូលរួមកម្មវិធីនេះ គឺការចូលរួមគាំទ្រសិល្បៈខ្មែរ និងបង្ហាញឲ្យបានស្គាល់ និងយល់បន្ថែមពីសិល្បៈបុរាណខ្មែរផងដែរ។ មកចូលរួមជាមួយមិត្តភក្ដិមានគ្នា៦នាក់ យុវតី ស្រីទី មិនធ្លាប់ចូលរួមកម្មវិធីបែបនេះពីមុនទេ។ ប៉ុន្តែក្រោយពីបានចូលរួម ហាក់មានអារម្មណ៍សប្បាយ ព្រោះបានឃើញរូបភាពប្លែកៗដែលមិនធ្លាប់បានឃើញជាច្រើន។
ដើរទស្សនាការតាំងបង្ហាញស្នាដៃរបស់និស្សិត យុវតី ស្រីទី និយាយថា៖ «កម្មវិធីនេះ បានធ្វើឲ្យខ្ញុំស្ថិតនៅក្នុងស្ថានភាពបុរាណ ព្រោះនៅខាងក្រៅសាលមហោស្រព មានការសម្ដែងរបាំផ្សេងៗ ការច្រៀងចម្រៀងបុរាណ និងការតាំងបង្ហាញស្នាដៃនិស្សិត។ ជាពិសេសមានការលម្អទៅដោយរូបភាពតួអង្គដែលសម្ដែងល្ខោនខោលដ៏ស្រស់ស្អាត និងមានសម្ភារផ្សេងៗដែលបញ្ជាក់ពីរបស់ខ្មែរ សូម្បីតែក្លោងទ្វាកម្មវិធីនេះ ក៏ជារចនាបថរបស់ខ្មែរផងដែរ»។
ជាទូទៅ គេសង្កេតឃើញថាយុវជនមួយចំនួននាពេលបច្ចុប្បន្ននេះ មានពំនោល និន្នាការថ្មីៗ និងពេញនិយមទៅលើបច្ចេកវិទ្យាទំនើបៗ ឬការចំណាយពេលជជែកគ្នានៅតាមហាងកាហ្វេទំនើបៗ។ ប៉ុន្តែការចូលរួមទស្សនារបស់យុវជនច្រើនកុះករនាពេលកន្លងទៅនេះហាក់ដូចជាបង្ហាញអំពីតម្រុយនៃការប្រែប្រួលនិន្នការនេះ ការភ្ញាក់ស្មារតីរបស់មនុស្សជំនាន់ក្រោយក្នុងការជួយលើកស្ទួយតម្លៃវប្បធម៌សិល្បៈរបស់ជាតិវិញ។
លោក ខុន ច័ន្ទសិទ្ធិការ្យ ប្រធានក្រុមយុវជនល្ខោនខោលកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីផ្ទះសិល្បៈ ត្រូវចំណាយពេល៣ខែ។ លោក សិទ្ធិការ្យ និយាយថា៖ «លទ្ធផលនៃការរៀបចំព្រឹត្តិការណ៍នេះត្រូវបាន បញ្ចប់ដោយភាពជោគជ័យហើយក៏ដូចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃសាលាមធ្យមវិចិត្រវិចិត្រសិល្បៈផងដែរ ដែលមានមហាជនចូលរួមយ៉ាងច្រើនកុះករ»។ លោកនិយាយទៀតថា៖ «នេះជាជោគជ័យ និងជាការបោះជំហានទៅមុខរបស់ក្រុមយុវជនល្ខោនខោល និងសាលាមធ្យមវិចិត្រសិល្បៈ ដែលបានបង្កើតព្រឹត្តិការណ៍នេះ»។
លោក ខុន ច័ន្ទសិទ្ធិការ្យ បានសំណូមពរឲ្យសាធារណជនទូទៅ និងក្រុមយុវវ័យចូលរួមលើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរ ជាពិសេស ត្រូវធ្វើខ្លួនឲ្យបុរាណចំបុរាណ សម័យចំសម័យ ព្រោះមិនអាចមានសម័យអត់បុរាណ ហើយមិនអាចមានបុរាណអត់សម័យបានទេ។
ដូចគ្នាដែរ ទស្សនិកជនក្នុងកម្មវិធីផ្ទះសិល្បៈនេះ បានអំពាវនាវឲ្យកូនខ្មែរ លើកស្ទួយល្ខោនខោលខ្មែរឲ្យរីកដុះដាលបន្ថែមទៀត។ ទោះបីជាមិនបានសិក្សាស្វែងយល់ច្បាស់លាស់ ពីសិល្បៈបុរាណខ្មែរក៏ដោយ ប៉ុន្តែយុវតី ស្រីទី បានសំណូមពរឲ្យយុវជនគ្រប់រូប និងប្រជាពលរដ្ឋខ្មែរ ចូលរួមរថែរក្សាការពារ នូវវប្បធម៍ប្រពៃណីរបស់ខ្មែរ ជាពិសេសសំណូមពរឲ្យមានផ្សព្វផ្សាយកាន់តែច្រើនថែមទៀត។ បន្ថែមលើនេះ យុវជន វឌ្ឍនា បានសំណូមដល់យុវវ័យ កុំឲ្យផ្ដោតទៅលើវប្បធម៌បរទេសខ្លាំងពេក ព្រោះលំហូរនៃវប្បធម៌បរទេសអាចឲ្យបាត់បង់វប្បធម៌ខ្មែរបន្តិចម្ដងៗផងដែរ។
គួរបញ្ជាក់ថា ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ក៏មានកម្មវិធីការប្រគំតន្ត្រី ការតាំងបង្ហាញស្នាដៃសិស្ស របស់សាលាជំនាញទាំងប្រាំ នៃសាលាមធ្យមវិចិត្រសិល្បៈផង មានដូចជាសាលាជំនាញទាំងប្រាំរួមមាន សាលារបាំ សាលាសៀក សាលាសូនរូប សាលាដូរតន្ត្រី និងសាលាល្ខោន។
លោក ខុន ច័ន្ទសិទ្ធិការ្យ និយាយថា លោកគ្រោងធ្វើកម្មវិធីបែបនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ទោះបីជាមានការលំបាកក្នុងការស្វែងរកថវិកាក៏ដោយ៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
No comments:
Post a Comment