ជាតិ

ស្ត្រី​នៅ​ក្រុង​ឡុង​ដ៍​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី ត្រាំ ដែល​ប្រើពាក្យ​អាសគ្រាម​មាក់ងាយ​ស្ត្រី​



​មនុស្ស​រាប់ពាន់នាក់​នាំគ្នា​បា​តុម្ម​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ នា​ថ្ងៃ​សៅរ៍​ដែលជា​ផ្នែក​មួយ​នៃ​ចលនា​ប្រឆាំង​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ក៏ដូចជា​សម្តី​ចំអាសចំអូង​របស់លោក​ដែល​ប៉ះពាល់​ដល់​ស្ត្រី​។ ពួកគេ​ទាមទារ​បណ្តេញ​ត្រាំ​ចេញពី​តំណែង​និង​ប្រកាស​ការពារ​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ទូទាំង​ពិភពលោក​។

ចលនា​បាតុកម្ម​របស់​ស្ត្រី​កើតឡើង​ផុសផុល​នៅ​បណ្តា​ទីក្រុង​ធំៗ​ទូទាំង​ពិភពលោក ក្នុងនោះ​មាននៅ​ក្រុង​ឡុង៍​ផងដែរ​។ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​ប្រឆាំង​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ដែល​ឡើងកាន់​អំណាច​។ ប្រជាជន​ដែល​ចូលរួម​បាតុកម្ម​នេះ​កើតទុក្ខ​មិន​សុខចិត្ត នៅពេលដែល​អ្នកនយោបាយ​ប្រើ​សម្តី​អាសគ្រាម​ប្រឆាំង​ស្ត្រី​ក្លាយជា​មេដឹកនាំ​កំពូល​អាមេរិក​នោះ​។ ហើយ​ពួកគេ​ចង់​បង្ហាញថា​ខ្លួន​កំពុង​ការពារ​សិទ្ធិ​ស្ត្រី​ពិភពលោក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បាតុករ​មិនមែន​មានតែ​ស្ត្រី​ទេ ក្នុងនោះ​មាន​បុរស​និង​ក្មេងៗ​ដែរ ហើយ​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​ដង្ហែរ​ក្បួន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​អង់គ្លេស​ទៅកាន់​ទីលាន Trafalgar ដោយ​ស្រែក​បន្ទរ​ថា «​ទម្លាក់ ត្រាំ​» និង​លើ​បដា​ដែល​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​គ្រវី​ចុះឡើង​។​

​ក្នុងចំណោម​បដា​ទាំងនោះ​មាន​ខ្លះ​សរសេរថា​៖« សម្ព័ន្ធភាព​ពិសេស​ជាមួយ​ត្រាំ​៖ គ្រាន់តែ​និយាយថា​ទេ​» ហើយ​ខ្លះទៀត​សរសេរថា​៖« សិទ្ធិ​របស់​យើង​មិនមែន​សម្រាប់​ការដកហូត​ឡើយ​រួមទាំង​ខ្លួន​យើង​ផង​»​។​

​ក្នុងចំណោម​បាតុករ​នោះ​មាន អ្នកបម្រើ​ការងារ​ក្នុង​សារមន្ទី​ម្នាក់​គឺ Hannah Bryant មាន​វ័យ ៣៤​ឆ្នាំ​។ នាង​នាំ​កូនស្រី អាយុ ៤​ឆ្នាំ​មកជា​មួយ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ស្ត្រី​។

«​ខ្ញុំ​បា​នប​ង្ហ​រៀន​កូន​ខ្ញុំ​ពី​សិទ្ធិសេរីភាព​ស្មើគ្នា និង​បុរេនិច្ឆ័យ​។ ខ្ញុំ​ចង់​ឲ្យ​នាង​មើលឃើញថា តើ​មនុស្ស​ច្រើន​ប៉ុណ្ណា​ជឿជាក់​លើ​សិទ្ធិសេរីភាព​ស្មើគ្នា​នេះ​»​។ នេះ​ជាស​ម្តី​របស់​ស្ត្រី Hanna Bryant ។​

​គេ​មើលឃើញថា ក្នុងចំណោម​អ្នកចូលរួម​ដង្ហែរ​ក្បួន​ប្រឆាំង​ប្រធាន​ធិបតី​អាមេរិក​ថ្មី​ភាគច្រើន​ជា​ស្ត្រី​ជា​ម្តាយ និង​កូន​ស្ត្រី ហើយ​ពួកគេ​បម្រើ​ការងារ​ជា​ក្រុម​អ្នក​លើកស្ទួយ​សិទ្ធិ​ស្ត្រី និង​សកម្មជន​សិទ្ធិមនុស្ស​ផង​។ លោក​អភិបាលក្រុង​ឡុង​ដ៍ Sadiq Khan ដែល​ធ្លាប់មាន​រឿងចម្រូងចម្រាស​ជាមួយ​ដូ​ណា​ល់ ត្រាំ ក៏​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​សកល​នៅ​ថ្ងៃ​សៅរ៍​ទី ២១ មករា​នេះដែរ​។

​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បាន​ស្បថ​ចូលកាន់​តំណែង​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ នៅ​ថ្ងៃ ២០​មករា ប៉ុន្តែ​ចលនា​បាតុកម្ម​ប្រឆាំង​លោក​ក៏​កើតឡើង​ផុស​ផុស​ដែរ​នៅ​អាមេរិក​និង​បរទេស​។​បាតុករ​ទាំងនោះ​បារម្ភ​ពី​ការដកហូត​សិទ្ធិ របស់​ពួកគេ​នៅ​ថ្ងៃ​ណាមួយ​ខាងមុខ​ផងដែរ​។ នេះ​ក៏ដោយ​សារ​ក្នុងការ​ឃោសនាបោះឆ្នោត​លោក ត្រាំ បាន​ប្រើប្រាស់​ពាក្យសម្តី​អាសគ្រាម​មាក់ងាយ​ស្ត្រីភេទ និង​ប្រើប្រាស់​ពាក្យសម្តី​ចម្រូងចម្រាស​រើសអើង​សាសនា​និង​ពណ៌​សម្បុរស្បែក​ថែមទៀត​៕

ថ្មី​ៗ
អត្ថបទ : សៅ ផលនិស្ស័យ

No comments: