
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាឈានដល់ការចុះកិច្ចព្រមព្រៀងប្រកាសនីយបត្រតក្កកម្មជាមួយសហគមន៍អឺរ៉ុប នៅសប្ដាហ៍នេះ។ ការពង្រីកវិសាលភាពលើកិច្ចការពារស្នាដៃកម្មសិទ្ធិបញ្ញានេះ ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អះអាងថានឹងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគមកលើប្រទេសកម្ពុជាកាន់តែខ្លាំង។
ប្រកាសនីយបត្រតក្កកម្ម (Patent) គឺជាការទទួលចុះបញ្ជីកម្មសិទ្ធិបញ្ញាលើស្នាដៃ ដែលរកឃើញនូវវិធីសាស្ត្រថ្មី ឬបច្ចេកវិទ្យាថ្មីណាមួយ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការិយាល័យប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO) នៅថ្ងៃទី២៣ខែមករា បានចុះកិច្ចព្រមព្រៀងស្ដីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់ស្នាដៃតក្កកម្មដែលចុះបញ្ជីស្នាដៃខ្លួននៅកម្ពុជា ឬនៅ EPO អាចសុំការទទួលស្គាល់ និងការពារទាំងនៅកម្ពុជា និងប្រទេសសមាជិក EPO ទាំងអស់ ។ EPO មានប្រទេសក្នុងសហគមន៍អឺរ៉ុប និងក្រៅសហគមន៍ចំនួន ៣៨ ជាមាជិក។
លោក ផែ ច័ន្ទត្រាវុឌ្ឍ ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានពន្យល់ពីកិច្ចការពារស្នាដៃតក្កកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងខាងលើនេះយ៉ាងដូច្នេះថា៖«បើអ្នកដាក់ពាក្យសុំចង់យក (ស្នាដៃ) មកដាក់នៅកម្ពុជា ដូច្នេះយើងទទួលស្គាល់សុពលភាពដែលគេចុះ(បញ្ជីប្រកាសនីយបត្រតក្កកម្ម) នៅអឺរ៉ុប ដោយបង់ប្រាក់ការពារនៅកម្ពុជា ជាការស្រេច យើងអត់មាការត្រួតពិនិត្យអ្វីទេ»។
យោងតាមច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម និងគំរូឧស្សាហកម្មដែលមានអត្ថប្រយោជន៍របស់កម្ពុជា រយៈពេលការពារលើប្រកាសនីយបត្រតក្កកម្ម គឺត្រឹម ២០ឆ្នាំ ចាប់ពីថ្ងៃទទួលចុះបញ្ជី។
លោក ផែ ច័ន្ទត្រាវុឌ្ឍ លើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនបរទេស ពិសេសក្រុមហ៊ុនពីសហគមន៍អឺរ៉ុបនឹងមានទំនុកចិត្តបោះទុននៅកម្ពុជា។ «គោលបំណងរបស់យើង គឺចង់ឲ្យសហគមន៍អឺរ៉ុប ដែលរកឃើញបច្ចេកវិទ្យាថ្មីៗ មកការពារនៅកម្ពុជា ហើយនឹងនាំបច្ចេកវិទ្យាមកផលិតនៅកម្ពុជា ដែលនឹងបង្កើនការវិនិយោគនៅកម្ពុជា»។ លោក ផែ ច័ន្ទត្រាវុឌ្ឍ បញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីៗ ។
ក្រៅពី EPO កម្ពុជា កាលពីពេលកន្លងមក បានចុះអនុស្សារណនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសសិង្ហបុរី និងជប៉ុន។ ហើយមកដល់ពេលនេះ កម្ពុជាបានទទួលចុះបញ្ជីប្រកាសនីយបត្រតក្កកម្មចំនួន ១៧ស្នាដៃ ដែលស្នាដៃមួយក្នុងចំណោមនោះគឺជារបស់ជនជាតិខ្មែរ។
លោក ផែ ច័ន្ទត្រាវុឌ្ឍ មានប្រសាសន៍ថា រដ្ឋាភិបាលចុះកិច្ចព្រមព្រៀង ឬ MOU អំពីប្រកាសនីបត្រតក្កកម្មជាមួយប្រទេសផ្សេងៗ និងសហគមន៍អឺរ៉ុប ក៏ដើម្បីស្វែងរកជំនួយបច្ចេកទេសលើផ្នែកនេះផងដែរ។ លោកប្រាប់យ៉ាងដូច្នេះថា៖«សព្វថ្ងៃខាងខ្ញុំខ្វះខាតមន្ត្រីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូច្នេះហើយបានជាយើងស្វែងរកចាប់ដៃគូជាមួយប្រទេសដែលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឲ្យគេជួយ និងស្រាវជ្រាវលើបច្ចេកវិទ្យា (ស្នាដៃដែលដាក់ពាក្យសុំចុះបញ្ជី) នោះ»។
គួរបញ្ជាក់ដែរថា កម្ពុជាបានចូលជាសមាជិកទី ១៥១ នៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) នៃក្របខណ្ឌអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កាលពីខែធ្នូឆ្នាំ២០១៦ ៕
ថ្មីៗ
អត្ថបទ : ញ៉ុង ហេង
No comments:
Post a Comment