ជាតិ

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៖ គ្មាន​ការផ្លាស់ប្តូរ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​អាស៊ី​ឡើយ



ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៦ មករា បាន​ច្រាល​ចោល​ព័ត៌មាន​ដែលថា អាមេរិក បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ទិដ្ឋាការ​សម្រាប់​តំបន់​អាស៊ី​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពី​បណ្តាញ​សង្គម និង​សារព័ត៌មាន​ក្នុង​តំបន់​មួយចំនួន​បាន​បន្ត​ផ្សព្វផ្សាយ និង​ចែករំលែក​ពី​ព័ត៌មាន​ដែលថា​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​លិខិត​បង្គាប់​ប្រតិបត្តិ​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​អាស៊ី​អាចធ្វើ​ដំណើរ​ទៅកាន់​អាមេរិក​ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ​។​

«​សូម​មានការ​ប្រុងប្រយ័ត្ន​ពី​ព័ត៌មាន​ក្លែងក្លាយ​។ មិនមាន​ការផ្លាស់ប្តូរ​នៃ​គោលនយោបាយ​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក​សម្រាប់​អ្នកធ្វើដំណើរ​ពី​តំបន់​អាស៊ី ឬ​តំបន់​ផ្សេង​ទៀតឡើយ​។ មិនមែនជា​ការពិត​ឡើយ​»​។ នេះ​គឺជា​ការឆ្លើយតប​របស់​ស្ថានភាព​អាមេរិក​តាមរយៈ​គណនី​ផ្លូវការ Twitter ទៅនឹង​សារព័ត៌មាន Breaking News ដែល​បាន​សរសេរ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​គោលនយោបាយ​មិន​យក​ទិដ្ឋាការ​ធ្វើដំណើរ​សម្រាប់​អាស៊ី​»​។



ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ​ដដែល​នោះ បាន​និយាយ​ដែរ​ថា បទបញ្ជា​ថ្មី ដែលជា​ការផ្លាស់ប្តូ​រគោល​នយោបាយ​ទិដ្ឋាការ​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាជន​អាស៊ី​ទៅកាន់​អាមេរិក​នោះ នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាស៊ី​អាច​ស្នាក់នៅ​ក្នុង​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​អតិបរមា​១៨០​ថ្ងៃ​ក្នុង​គោលដៅ​ទេសចរណ៍ ឬ​ធុរកិច្ច​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។ ក៏ប៉ុន្តែ​ប្រសិន​ការ​ស្នាក់នៅ​ទីនោះ​លើសពី​១៨០​ថ្ងៃ តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​។

​មិន​ខុសពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ដដែល​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​ម៉ាឡេស៊ី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ព័ត៌មាន​នេះ​ផងដែរ​។ ស្ថានទូត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ព័ត៌មាន បាន​អះអាងថា ប្រធានាធិបតី ត្រាំ បាន​ចុះហត្ថលេខា​លើ​លិខិត​បង្គាប់​ប្រតិបត្តិ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាស៊ី​ធ្វើដំណើរ​ទៅកាន់​អាមេរិក​ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ​។ ព័ត៌មាន​នេះ ក្លែងក្លាយ និង​គ្មាន​ប្រភព​ត្រឹមត្រូវ​ឡើយ​»៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

No comments: