
ក្រោយពីការវាយតម្លៃអំពីអំពើពុករលួយដែលបង្ហាញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១៥៦លើប្រទេស១៧៦ ឥឡូវយើងក្រឡេកមើលចំណាត់ថ្នាក់ផ្នែកលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាវិញម្តង។ The Economist Intelligence Unit បានដាក់ចំណាត់ថ្នាក់កម្ពុជានៅក្នុងក្រុមប្រទេសដែលអនុវត្តរបបកូនកាត់ (Hybrid regime) ដែលមាន៤០ប្រទេស។
ក្នុងចំណោមប្រទេសចំនួន១៦៧ ដែលត្រូវបានវាយតម្លៃលើកម្រិតនៃការអនុវត្តប្រជាធិបតេយ្យ កម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី១១២។ យោងតាមរបាយការណ៍ដែលមានឈ្មោះថា Democracy index 2016 ដែលសរសេរដោយ The Economist Intelligence Unit ចំណាត់ថ្នាក់របស់កម្ពុជានេះ បានធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងក្រុមប្រទេសដែលមានរបបដឹកនាំបែបកូនកាត់។
អ្នកធ្វើរបាយការណ៍បានបង្កើតចំណាត់ថ្នាក់ប្រជាធិបតេយ្យជា៤ប្រភេទផ្សេងគ្នាដើម្បីវាយតម្លៃការអនុវត្តប្រជាធិបតេយ្យរបស់ប្រទេសទាំង១៦៧។ របាយការណ៍បានបង្ហាញថា ក្រុមប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ (Full democracies) មានចំនួនតែ១៩ប្រទេសប៉ុណ្ណោះដោយមានប្រទេសន័រវែសស្ថិតនៅលំដាប់ថ្នាក់ខ្ពស់ជាងគេ។ ប្រភេទទី២គឺក្រុមប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ ( Flawed democracies)។ ក្រុមប្រទេសប្រភេទទី២នេះមានចំនួន៥៧ប្រទេស ហើយជប៉ុនស្ថិតនៅលើកំពូលតារាង ដោយតាមពីក្រោយដោយសហរដ្ឋអាមេរិក។ ប្រភេទទី៣ដែលមានកម្ពុជានៅក្នុងនេះដែរ គឺក្រុមប្រទេសដែលអ្នកសរសេររបាយការណ៍ដាក់ឈ្មោះថា ក្រុមប្រទេសដែលមានរបបដឹកនាំបែបកូនកាត់ (Hybrid regime)។ នៅក្នុងក្រុមទី៣ដែលមាន៤០ប្រទេសនេះ កម្ពុជាមានចំណាត់ថ្នាក់លើតែប្រទេសចំនួន៤ប៉ុណ្ណោះគឺ មីយ៉ាន់ម៉ា អ៊ីរ៉ាក់ ម៉ូសំប៊ិក និងហៃទី។ ប្រភេទទី៤ចុងក្រោយ ដែលមាន៥១ប្រទេស គឺក្រុមប្រទេសដែលមានរបបដឹកនាំផ្តាច់ការ ហើយប្រទេសកូរ៉េខាងជើងជាប្រទេសដែលស្ថិតនៅលំដាប់ថ្នាក់១៦៧បាតតារាងតែម្តង។
ទាក់ទងនឹងក្រុមប្រទេសប្រភេទទី៣ (របបកូនកាត់) ដែលមានកម្ពុជាដែរនោះ អ្នកសរសេររបាយការណ៍បានឲ្យនិយមន័យប្រជាធិបតេយ្យរបស់ក្រុមនេះថា ជាក្រុមប្រទេសដែលមានការបោះឆ្នោតសេរី និងយុត្តិធម៌ ហើយបើទោះជាមានបញ្ហាដូចជា ការរំលោភលើសេរីភាពសារព័ត៌មានក៏ដោយ ក៏សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានគោរពដែរ។ អ្នកសរសេររបាយការណ៍ពន្យល់ទៀតថា ក្រុមប្រទេសដែលស្ថិតនៅក្នុងប្រទេសរបបកូនកាត់នេះ គឺជាប្រទេសដែលមានភាពទន់ខ្សោយនៅក្នុងទិដ្ឋភាពនានាផ្សេងទៀតនៃលទ្ធិប្រជាធិបតេយ្យដូចជា អភិបាលកិច្ច វប្បធម៌នយោបាយដែលមិនបានអភិវឌ្ឍន៍ និងការចូលរួមក្នុងនយោបាយនៅមានកម្រិតទាប៕
ថ្មីៗ
អត្ថបទ : លាង ដឺលុច
No comments:
Post a Comment