
ភ្នំពេញ៖ ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប សម្តេច ស ខេង បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាប្រចាំ ចំណោមខេត្តជាប់បឹងទន្លេសាបសរុបចំនួន ៥ខេត្ត។ នេះបើតាមលោក គៀត ច័ន្ទថារិទ្ធ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានកោះហៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ធំ រួមទាំងអភិបាលរងខេត្ត៣ទៀត ជាប់បឹងទន្លេសាបចូលស្តាប់ការណែនាំអំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្រោយពីសម្តេចបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពិនិត្យបទល្មើសនេសាទលើបឹងទន្លេសាប ជាលើកដំបូង កាលពីថ្ងៃទី ២៥ខែមករានេះ។
លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៧ មករានេះថា សម្តេច នៅតែបារម្ភពីបទល្មើសនេសាទដែលកំពុងកើតឡើងនៅបឹងទន្លេសាប ដោយសម្តេចបានកត់សម្គាល់ថា បទល្មើសភាគច្រើនកើតឡើងក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំ តែម្តង។ លោកបន្តបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិបញ្ចេញកម្លាំងចុះទៅអន្តរាគមន៍ដល់ថ្នាក់ក្រោមជាតិ ក្នុងទាំងពីរនេះតែម្តង។
«ប្រធានគណៈកម្មការ (សម្តេច ស ខេង) បានប្តេជ្ញាបំបាត់បទល្មើសលើផ្ទៃបឹងទន្លេសាបឲ្យបានដាច់ខាត។ សម្តេចបានប្រាប់ឲ្យកម្លាំងនគរបាល កងរាជអាវុធហត្ថថ្នាក់ជាតិចុះអន្តរាគមន៍ទៅថ្នាក់ខេត្ត ដែលមិនមានលទ្ធភាពបង្ក្រាប់បាន ដោយផ្តោតលើខេត្តកំពង់ឆ្នាំង និងកំពង់ធំ។ រីឯខេត្តបីទៀត គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងសៀមរាបនោះ សម្តេចឲ្យអភិបាលខេត្តដឹកនាំបង្ក្រាបជំនួយ»។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំនិយាយក្រោយកិច្ចប្រជុំដែលពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់និងយកព័ត៌មាន នៅថ្ងៃនេះ។
ចំពោះទិសដៅអនុវត្តបន្តទៀត លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា អាជ្ញាធរថ្នាក់ជាតិនឹងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូអភិវឌ្ឍ បន្តអប់រំផ្សព្វផ្សាយច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មជាប្រចាំ។ ពិសេស លោកបញ្ជាក់ថា អាជ្ញាធរនឹងបន្តជំរុញ និងពង្រឹងសមត្ថភាពសគមន៍នេសាទ ដើម្បីទទួលខុសត្រូវ និងភាពជាម្ចាស់លើការគ្រប់គ្រងធនធានជលផល ពិសេសកន្លែងនេសាទសហគមន៍ផ្ទាល់។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងមក សម្តេច ស ខេង បានព្រមានដកតំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាបណាដែលនៅតែមានបទល្មើសនេសាទកើតមានច្រើន។ សម្តេចបានបន្តថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ របស់សាលាខេត្តសៀមរាបថា សម្តេចនឹងជិះយន្តហោះពិនិត្យមើលផ្ទៃបឹងជារៀងរាល់ ២សប្តាហ៍ម្តង ឬ១ខែម្តង ដើម្បី បង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment