![]() |
| មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ហូ វ៉ាន់ |
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងលើកយកករណីដំឡើងសក្តិឲ្យអង្គរក្សសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ដែលប្រើអំពើហិង្សាវាយលើតំណាងរាស្ត្រខ្លួន កាលពីជាង១ឆ្នាំមុន ទៅប្រជុំពិភាក្សាក្នុងបក្ស ដើម្បីសិក្សារកភាពមិនប្រក្រតីនៃមូលហេតុដំឡើងបុណ្យសក្តិនេះ មុននឹងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិទៅបំភ្លឺក្នុងរដ្ឋសភា។ អង្គរក្សសម្ដេច ហ៊ុន សែន ម្នាក់ទៀត ឈ្មោះ ចាយ សារិទ្ធ បានដំឡើងឋានន្តរសក្តិពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២២មករា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ បាននិយាយថា បើសិនជាការដំឡើងឋានន្តរសក្តិដល់អង្គរក្សនេះ ពិតជាមានភាពមិនប្រក្រតីមែននោះ គណបក្សប្រឆាំងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ទៅបំភ្លឺនៅក្នុងរដ្ឋសភា ជុំវិញការដំឡើងសក្តិជនដៃដល់ទាំងនេះ។ លោក ហូ វ៉ាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងរដ្ឋសភាយ៉ាងដូច្នេះថា៖«ខ្ញុំត្រូវស្រាវជ្រាវ ត្រូវមើលការពិតដែរ ថាវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប៉ះពាល់សន្តិសុខជាតិ ប៉ះពាល់ផលប្រយោជន៍ជនរងគ្រោះ ឫអត់ យើងត្រូវពិនិត្យសិន។ ក្រោយពីពិនិត្យបានគណៈកម្មការអចិន្ត្រៃយ៍គណបក្សសម្រេចសិន ទើបយើងធ្វើលិខិត(កោះហៅលោក ទៀ បាញ់) ព្រោះនេះជាបញ្ហារួមប្រទេសយើង។ តំណាងរាស្ត្រយើងមានសិទ្ធិសួរ ហើយសុំឲ្យរដ្ឋមន្ត្រីបំភ្លឺលើបញ្ហានេះបាន»។
បើតាមលោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សលោកទាំង៥៥រូប អាចមានសិទ្ធិកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិមកបំភ្លឺលើករណីដំឡើងសក្តិនេះបាន ដោយផ្អែកតាមច្បាប់ដែលតម្រូវឲ្យសមាជិកសភា៣០រូប មានសិទ្ធិកោះហៅរដ្ឋមន្ត្រីមកសាកសួរ។
កាលពីថ្ងៃទី២២ មករា ព្រះមហាក្សត្រ បានបង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ទៅជាឧត្តមសេនីយ៍ត្រី ដែលក្នុងនោះអង្គរក្សសម្ដេច ហ៊ុន សែន ម្នាក់ទៀត ឈ្មោះ ចាយ សារិទ្ធ ដែលធ្លាប់បានប្រើប្រាស់ហិង្សាវាយលើអ្នកតំណាងរាស្ត្របក្សប្រឆាំងលោក ញ៉យ ចំរើន និងលោក គង់ សភា កាលពីឆ្នាំ២០១៥ដែរ។ ចំណែកអង្គរក្សសម្ដេច ហ៊ុន សែន ពីររូបទៀតគឺលោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដែលបានវាយតំណាងរាស្ត្រគណបក្សប្រឆាំងដែរនោះ ទើបតែទទួលបានការឡើងឋានន្តរសក្តិពីវរសេនីយ៍ទោ ទៅជាវរសេនីយ៍ឯក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។
ចំពោះការដំឡើងសក្តិឲ្យជនដៃដល់ ដែលប្រើហិង្សាលើអ្នកតំណាងរាស្ត្រទាំងនេះ ត្រូវបានអង្គការសង្គមស៊ីវិល មិនពេញចិត្តឡើយ ។ ពួកគេយល់ឃើញថា ការផ្តល់បុណ្យសក្តិបន្ថែមដល់អង្គរក្សទាំងនេះ គឺជាវប្បធម៌លើកទឹកចិត្តមួយ ដែលវាជះឥទ្ធិពលអាក្រក់ដល់សង្គម ។
គួរបញ្ជាក់ថា លោក គង់ សភា និងលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានជនដៃដល់មួយក្រុមព្រួតគ្នាប្រើហិង្សាវាយដំ នៅក្បែរវិមានរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ ។ ក្រោយពេលកើតហេតុជនដៃដល់៣រូបដែលជាអង្គរក្សសម្ដេច ហ៊ុន សែន គឺលោក ចាយ សារិទ្ធ លោក សុត វណ្ណនី និងលោក ម៉ៅ ហឿន បានចូលខ្លួនសារភាពទទួលទោស។ តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដោយចោទជនទាំង៣នាក់ ដែលប្រើអំពើហិង្សាលើតំណាងរាស្ត្រ ពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ហើយផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាការចំនួន៤ឆ្នាំ តែអនុវត្តទោសតែ១ឆ្នាំប៉ុណ្ណោះ ហើយ៣ឆ្នាំទៀត ត្រូវបានព្យួរ។ ជាងនេះទៀត សាលក្រម ក៏បានកំណត់ឲ្យពិរុទ្ធជនទាំងនោះ បង់ប្រាក់ចូលរដ្ឋ (ផ្នែកព្រហ្មទណ្ឌ) ចំនួន៦លានរៀល ក្នុងម្នាក់ៗ ហើយផ្តល់សំណងរួមគ្នា (ផ្នែករដ្ឋប្បវេណី) ចំនួន៨០លានរៀល ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ដែលជាជនរងគ្រោះ៕
លោកបន្តថា សមាជិករដ្ឋសភាបក្សប្រឆាំងទាំង ៥៥រូប គឺអាចកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ មកឆ្លើយបំភ្លឺក្នុងរដ្ឋសភាបាន ព្រោះតាមច្បាប់ គឺតម្រូវឲ្យមានសមាជិករដ្ឋសភាចាប់ពី ៣០រូប។ គម្រោងកោះហៅឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ នេះ គឺបន្ទាប់ពីមានរាជក្រឹត្យមួយចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ឡើងជាឧត្តមសេនីយ៍ត្រី ហើយឧត្តមសេនីយ៍ត្រីថ្មីទាំងពីររូបនេះ មានម្នាក់គឺជាអង្គរក្សលោក ហ៊ុន សែន ឈ្មោះ ចាយ សារិទ្ធ ដែលធ្លាប់វាយតំណាងរាស្ត្របក្សប្រឆាំងពីររូបឲ្យរបួសធ្ងន់ និងបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស គឺលោក គង់ សភា និងលោក ញ៉យ ចំរើន។
ប្រសិនបើពិនិត្យរកឃើញភាពមិនប្រក្រតីជុំវិញការដំឡើងឋានន្តរស័ក្ដិផ្កាយមួយដល់អង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ចូលរួមវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រហូតរបួសធ្ងន់ ថាជាការធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ សន្តិសុខជាតិ និងផលប្រយោជន៍ជនរងគ្រោះ គឺក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ទៅបកស្រាយបំភ្លឺក្នុងរដ្ឋសភានាពេលខាងមុខ។
ថ្មីៗ
អត្ថបទ : ធឿន បញ្ញាឬទិ្ធ

No comments:
Post a Comment