
ស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត បាននិងកំពុងចាប់ផ្តើម គម្រោងជួសជុលហើយ ដោយគោរពតាមអនុសាសន៍ ពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor។
មុនដំណើរការជួសជុល ស្ពានបុរាណមួយនេះ គឺត្រូវធ្វើកំណាយ ស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជា រចនាសម្ព័ន្ធរបស់ ស្ពានហាលទាំងមូល ចៀសវាងហានិភ័យផ្សេងៗ ដែលបង្កគ្រោះថ្នាក់ ដល់បេតិកភណ្ឌ ទាំងផ្នែកសោភ័ណភាព និងបុរាណវិទ្យា។
លោក Satoru MIWA អ្នកជំនាញ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រចាំការដ្ឋានជួសជុល ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត បានថ្លែងក្នុងឱកាសកិច្ចប្រជុំ បច្ចេកទេសលើកទី២៧នៃ ICC.Angkor ថា ក្នុងការជួសជុល យើងព្យាយាមធ្វើយ៉ាងណា ដើម្បីរក្សាភាពដើម នៃស្ពានឱ្យបានច្រើនបំផុត។ ដោយឡែក ចំពោះថ្មដែលពុកផុយ ប្រើការលែងកើត យើងបានយកថ្មថ្មី មកជំនួស ឯថ្មដែលនៅប្រើបាន យើងនឹងរក្សាទុកដដែល ដើម្បីរក្សាភាពដើម នៃរចនាសម្ព័ន្ធសំណង់ មិនឱ្យប្រែប្រួល។
ពិសេសជាងនេះទៅទៀត គម្រោងជួសជុលនេះ ក៏បានផ្តោតយ៉ាងសំខាន់ លើការបណ្តុះបណ្តាល ធនធានមនុស្សផងដែរ ដូចជា កម្មករកាត់ថ្ម បុគ្គលិកជំនាញ អ្នកបុរាណវិទ្យា ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យពួកគាត់ មានជំនាញច្បាស់លាស់ និងបច្ចេកទេសខ្ពស់ ក្នុងការបំពេញការងារ។ លុះបញ្ចប់ពីការងារនេះទៅ ពួកគាត់ នឹងអាចធ្វើការងារផ្សេង ដោយខ្លួនឯងបាន។ មួយវិញទៀត យើងក៏បានគិតគូរជាចម្បង ដល់សុវត្ថិភាពសម្រាប់អ្នកធ្វើការជួសជុល កម្មករ អ្នកជំនាញ ដែលធ្វើការផ្ទាល់ នៅក្នុងការដ្ឋាន និងសុវត្ថិភាពរបស់ ភ្ញៀវទេសចរទៀតផង។
គួរបញ្ជាក់ដែរថា ការជួសជុល ស្ពានហាល នេះឡើងវិញ ក្នុងគោលបំណងធំ ដើម្បីអភិរក្ស ព្រោះតាមរយៈ កំណាយស្រាវជ្រាវ អ្នកជំនាញរកឃើញថា ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត បានស្រុត និងខូចខាតផ្នែកជញ្ជាំង ដោយសារថ្មបាយក្រៀម រងនូវការពុកផុយ ដែលចាំបាច់ ត្រូវមានការជួសជុល ជាបន្ទាន់ ដើម្បីកាត់បន្ថយ ការទ្រុឌទ្រោម កាន់តែធ្ងន់ធ្ងរ។
ដំណើរការជួសជុលស្ពាននេះ ទទួលខុសត្រូវ ដោយក្រុមការងារ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាកលវិទ្យាល័យស៊ូហ្វីយ៉ា។ ក្នុងដំណាក់កាល ជួសជុលនេះដែរ គឺទាមទារជាចាំបាច់ នូវអ្នកជំនាញសិក្សាលម្អិត អំពីទីតាំង សម្ភារ:ជួសជុល និងវិធីសាស្ត្រជួសជុល ដើម្បីរក្សាឱ្យបាន នូវលក្ខណៈដើម ទាំងស្រុង៕
CEN
ដោយ: អាជ្ញាធរជាតិអប្សរា
No comments:
Post a Comment