![]() |
| រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន |
រដ្ឋាភិបាលក្រុងម៉ានីល ដែលជាប្រធានវិលជុំអាស៊ានផងដែរនោះ បានផ្ញើសារទៅកាន់មហាអំណាច និងសណ្តាប់ធ្នាប់ពិភពលោក ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មិនមែនជាគោលដៅសម្រាប់ប្រទេសមហាអំណាចដើម្បីប្រជែងឥទ្ធិពលគ្នាឡើយ។ ទោះបីមិនបានបញ្ជាក់ពីឈ្មោះមហាអំណាចដោយផ្ទាល់សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងស្របពេល អាមេរិក និងចិន នៅតែបន្តសកម្មភាពដើម្បីបង្ហាញឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់ ជាពិសេសនោះ អាស៊ីអាគ្នេយ៍តែម្តង។
លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana នាវេទិកាសន្តិសុខនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី២៣ មករា បាននិយាយថា វា គួរតែដល់ពេលហើយសម្រាប់ប្រទេសខាងក្រៅត្រូវដោះលែងអាស៊ានដើម្បីកំណត់ជោគវាសនាដោយខ្លួនឯង។ លោកប្រមុខការពារជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ក្នុងនាមជាប្រធានអាស៊ាន ប្រសិនបើចាំបាច់ ហ្វីលីពីន នឹងដាស់តឿនបណ្តាមិត្តភក្តិ ដោយមិនត្រូវប្រើប្រាស់អាស៊ានប្រៀបប្រដូចទៅនឹងឈ្នាន់ដើម្បីប្រកួតប្រជែងគ្នាឡើយ»។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន AFP។
ប្រមុខការពារជាតិរូបនោះ នាឱកាសដដែលនោះ ក៏បានអះអាងដែរថា ហ្វីលីពីន នឹងបញ្ជាក់ជាថ្មីពីការរួបរួម និងសាមគ្គីរបស់អាស៊ាន ស្របពេលដែលមហាអំណាច ក៏កំពុងតែបង្កើនសកម្មភាពប្រកួតប្រជែងខ្លាំងនោះ។ លោក ក៏ឆ្លៀតបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការជំរុញ និងសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងឲ្យទាល់តែបាន។
បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យដែលមានរដ្ឋពាក់ព័ន្ធដូចជារដ្ឋអាស៊ាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ បើទោះបីជាការប្រឈមមុខគ្នានៅក្នុងតំបន់ជម្លោះហាក់ដូចជាស្ងប់ស្ងាត់បន្តិចក៏ដោយ ស្ថានភាពនៅតំបន់នោះ ក៏មិនទាន់ធូរស្រាលអ្វីដែរ។ តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ចិន បាននិងកំពុងតែធ្វើសកម្មភាពយោធា ឬយោធូបនីយកម្មនៅក្នុងសមុទ្រចិនខាងត្បូងតាមរយៈការដំឡើងសម្ភារៈនៅក្នុងតំបន់ជម្លោះ។
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងដដែលនោះ លោក ក៏បានថ្លែងក្នុងវេទិកាដែលមានវត្តមានចូលរួមពីប្រមុខការពារជាតិអាស៊ានដែរថា ការជជែកជាមួយចិនអំពីកម្មសិទ្ធិភាពនៃតំបន់មានវិវាទនោះថា អាចនឹងត្រូវរៀបចំឲ្យមាននៅពេលសមរម្យ ហើយប្រទេសទាំងពីរ ធ្វើបែបនេះ ដោយគ្រាន់តែដើម្បីគ្រប់គ្រងជម្លោះសម្រាប់ផលប្រយោជន៍អ្នកទាំងអស់គ្នានោះទេ។
បើទោះជា អាមេរិក មិនមែនជាភាគីនៃជម្លោះ ឬមានអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ កន្លងមក អាមេរិក បានប្រលូកខ្លួនយ៉ាងជ្រៅនៅក្នុងបញ្ហានេះតាមរយៈការថ្លែងរិះគន់ចិនតាមវេទិកាអន្តរជាតិ និងជាពេសេនោះ អាមេរិក ក៏បានបញ្ជូននាវា និងយន្តហោះចម្បាំងរបស់ខ្លួនមកកាន់តំបន់នោះទៀត។ ពេលខ្លះ ក៏មានការប្រឈមមុខជាមួយនឹងទាហានចិនផងដែរ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ

No comments:
Post a Comment