
មូលនិធិ ម៉េងលី ជេ. គួច ជាមូលនិធិសប្បុរសធម៌មួយដែលមនុស្សជាច្រើនសង្កេតឃើញថា តែងបានធ្វើសកម្មភាពសប្បុរសធម៌ក្នុងសង្គមយ៉ាងសស្រាក់សស្រាំ និងទូលំទូលាយបំផុតដោយមិនប្រកាន់និន្នាការអ្វីទាំង អស់។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះ មូលនិធិសប្បុរសធម៌មួយនេះបាននាំយក សម្លៀកបំពាក់ និងសម្ភារសិក្សាមួយចំនួនទៅបរិច្ចាគដល់មណ្ឌលកុមារកំព្រាចំនួន៣កន្លែង ក្នុងនោះរួមមានមណ្ឌលពន្លឺអនាគតកុមារ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ។
សូមជម្រាបជូនថា ចំពោះដំណើរការដឹកនាំសម្ភារទាំងអម្បាលម៉ានដើម្បីបរិច្ចាគដល់មជ្ឈមណ្ឌលទាំង៣កន្លែងនោះ គឺស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកស្រី វង្ស ចិន្តា ដែលជាអ្នកសម្របសម្រួលគម្រោងនៃ មូលនិធិ ម៉េងលី ជេ. គួច ហើយក៏មានការចូលរួមពីសំណាក់ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច និងយុវសិស្សស្ម័គ្រចិត្តមួយចំនួនទៀតផង។
“នេះមិនមែនជាលើកទី១ឡើយ ដែលមូលនិធិ ម៉េងលី ជេ. គួច ធ្វើសកម្មភាពផ្នែកមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ដោយមិនប្រកាន់ពេលវេលា ទីកន្លែង និងនិន្នាការ។ ពោល មូលនិធិមួយនេះតែងតែយកចិត្តទុកដាក់ចំពោះកុមារកំព្រា ចាស់ជរា ជនគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រនៅតាមបណ្ដាសហគមន៍នានាស្ទើរ គ្រប់ខេត្តក្រុង ដោយនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថវិកា និងក្រុមវេជ្ជបណ្ឌិតជំនាញពីមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃទៀតផង” នេះជាការអះអាងរបស់អ្នកស្រី វង្ស ចិន្ដា។ អ្នកសម្របសម្រួលគម្រោងនៃមូលនិធិរូបនេះបានបញ្ជាក់បន្ថែមថា ការណ៍ដែលមូលនិធិ ម៉េងលី ជេ. គួច បង្កើតឱ្យមានសកម្មភាពសប្បុរសធម៌នេះឡើង គឺក្នុងគោលបំណងចូលរួមផ្ដល់ក្ដីស្រឡាញ់ យកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ក៏ដូចជាកាត់បន្ថយការចំណាយ និងសម្រាលបន្ទុកមួយចំនួនរបស់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ចាស់ជរា និងជនគ្មានទីពឹងមួយចំនួនដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។
ជុំវិញសកម្មភាពសប្បុរសធម៌នេះ ប្រធានរដ្ឋបាលនៃមណ្ឌលពន្លឺអនាគតកុមារ លោក យិត វិរ៉ាស៊ី បានថ្លែងថា “ខ្ញុំពិតជាអរគុណចំពោះមូលនិធិ ម៉េងលី ជេ. គួច ខ្លាំងណាស់ ដែលតែងតែបាននាំយកសម្លៀកបំពាក់ និងសម្ភារសិក្សា ក៏ដូចជាសម្ភារ និងថវិកាមកបរិច្ចាគដល់មណ្ឌលយើងខ្ញុំ។ ជាពិសេសខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត ក្ដីអាណិតអាសូរ និងសកម្មភាពកិច្ចការសប្បុរសធម៌របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាប្រធានមូលនិធិនេះ ព្រោះលោកមិនត្រឹមតែយកចិត្តទុកដាក់ជាមួយមណ្ឌលកុមារកំព្រាយើងខ្ញុំទេ ប៉ុន្ដែថែមទាំង តែងតែយកចិត្តទុកដាក់ចំពោះកុមារកំព្រា ចាស់ជរា និងទុគ៌តជនដទៃទៀតដែរ។ និយាយរួមទៅលោកគឺជាកូនខ្មែរមួយរូបដែលចេះយកចិត្តទុកដាក់ជាមួយកូនខ្មែរដូចគ្នា”។
គួររម្លឹកជូនថា បើគិតជាទឹកប្រាក់នៃតម្លៃសម្លៀកបំពាក់ និងសម្ភារសិក្សាដែលមូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគដល់មណ្ឌលកុមារកំព្រាទាំង៣កន្លែងខាងលើ គឺមានចំនួនប្រមាណ៥០០ដុល្លារ៕

ថ្មីៗ
អត្ថបទ : ទេព ម៉ាន់នី
No comments:
Post a Comment