ជាតិ

ប្រលោមលោក​ទទួលបាន​លេខ​មួយ​ស្ទួន «​បំភ្លេច​មិនបាន​» នឹងត្រូវ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃ​៤​កុម្ភៈ​



ភ្នំពេញ: រឿង​ប្រលោមលោក ដែល​ធ្លាប់បាន​ជាប់​លេខ​មួយ​ស្ទួន និង​ទទួលបាន​ពានរង្វាន់​ព្រះសីហនុ​រាជ ក្នុង​ឆ្នាំ ១៩៩៥​រឿង «​បំភ្លេច​មិនបាន​» ជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ប៉ាល់ វណ្ណា​រី​រក្ស ព្រមទាំង​ធ្លាប់​មានការ​ចែកចាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស រហូត​មាន​និស្សិត​ខ្មែរ និង​និស្សិត​ថៃ​បាន​យក​រឿងនេះ​ទៅធ្វើ​សា​រណា​ផងដែរ​។

​បច្ចុប្បន្ន​រឿងនេះ​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន ជ្រើសរើស​មក​ផលិត​ជា​រឿង​ភាគ​ខ្មែរ ដោយ​ប្រគល់​សិទ្ធ​ទៅអោយ​ផលិតកម្ម មហាហង្ស​ជា​អ្នក​ផលិត​។​

​រឿង «​បំភ្លេច​មិនបាន​» ត្រូវបាន​គ្រង​ដំណែង​តួឯក​ស្រី​ដោយ​តារា​ទឹកភ្នែក នី មុន្នីនាថ ចាប់​ដៃគូ​ជាមួយ​លោក អូន ឧស្សាហ៍ រួម​និង​សិល្បៈករ សិល្បៈការ​នី​ជាច្រើនរូប​ទៀត​។

​រឿងនេះ នឹង​បង្ហាញ​ពី​ការបែកបាក់​គ្រួសារ​ដោយសារ​សង្គ្រាម និង​បង្ហាញ​ពី​ខ្សែជីវិត​របស់​ក្មេងស្រី​កំព្រា​ម្នាក់ ដែលមាន​ការតស៊ូ​ព្យាយាម​អំណត់​អត់ធន់ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ពុះពារ​គ្រប់​ឧបសគ្គ រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។

​ខ្សែភាពយន្ត​ភាគ​ខ្មែរ «​បំភ្លេច​មិនបាន​» នឹង​ចាប់ផ្តើម​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​​ភី​អិន​អិន នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ រៀងរាល់ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨:០០-៩:០០​យប់​បន្ទាប់ពី​រឿង «​កែវភ្នែក​» ។​

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន គឺជា​ស្ថានីយ៍ទូរទស្សន៍​ដំបូង​គេ​ដែល​បាន​ជីក​គាស់កកាយ​នាំយក នូវ​ស្នាដៃ​អក្សរសិល្ប៍ ប្រលោមលោក និង​រឿងព្រេង​ខ្មែរ ដូចជា​រឿង​បំភ្លេច​មិនបាន រឿង​សូផាត រឿង​ពស់​កេងកង​ជាដើម មក​ផលិត​ជា​ភាពយន្ត​ភាគ​ចាក់ផ្សាយ លើ កញ្ចក់​ទូរទស្សន៍ ហើយ​ភី​អិន​អិន​ក៏បាន​ចំណាយ​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់​ក្នុងការ​ពង្រឹងគុណភាព ​និង​ខិតខំ​ផលិត​រឿង​ភាគ​ខ្មែរ​ជាច្រើន ក្នុង​បំណង​លើកស្ទួយ និង​អភិរក្ស រួមទាំង​ស្នាដៃ​ផលិត​ថ្មី​ដោយ​កូន​ខ្មែរ​។

​ដូច្នេះ​សូម​ចូលរួម​លើកស្ទួយ​រឿង​ភាគ​ខ្មែរ​ជាមួយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ទាំងអស់គ្នា​៕

CEN
ដោយ: ក្រុមហ៊ុន

No comments: